ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី កើនដល់ជាង ៥២៣លានដុល្លារ មានកំណើនជាង ៦០% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា កាបង្កើតការិយាល័យតំណាងនៅក្នុងប្រទេសអូស្រ្តាលីនេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំង២ ឱ្យកាន់តែសកម្មជាងមុនបន្ថែមទៀត។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជា ទៅចូលរួមពិធីបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃទី ៦ និងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។ ឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា ការជំរុញបង្កើតឲ្យមានការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅតាមបណ្ដាប្រទេសនានា នឹងកាន់តែធ្វើឲ្យទំនាក់ទំនងរវាងអ្នកវិនិយោគ និងអ្នកវិនិយោគ កាន់តែល្អប្រសើរ។ ម្យ៉ាងវិញទៀត ការិយាល័យតំណាងសភាពាណិជ្ជកម្ម ក៏ជាកន្លែងដើម្បីឲ្យក្រុមវិនិយោគិនពិភាក្សាគ្នា ដើម្បីស្វែងរកបញ្ហានិងដំណោះស្រាយទៅវិញទៅមក ផងដែរ។ បើតាមឧកញ៉ា លឹម ហេង ការបង្កើតឲ្យមានសភាពាណិជ្ជកម្មតំណាងបន្តបន្ទាប់នៅក្រៅប្រទេស ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនថែមទៀត ដោយលោកអះអាងថា រាល់ការចំណាយលើការបើកការិយាល័យតំណាងសភាពាពិជ្ជកម្មទាំងអស់ គឺមិនមានប្រើប្រាស់ថវិកាជាតិ នោះឡើយ។
សូមបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អូស្រ្តាលី មានទំហំទឹកប្រាក់សរុបជាង ១៣៥លានដុល្លារ បានកើនឡើងជាង ៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញទំនិញកម្ពុជាទៅកាន់អូស្រ្តាលី មានប្រមាណជាង ៩៨លានដុល្លារ។ រីឯ ការនាំចូលពីអូស្រ្តាលីមកកាន់កម្ពុជាវិញ មានប្រមាណជាង ៣៧លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕