ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានបញ្ជាឱ្យដកតំណែងថ្នាក់ដឹកនាំខេត្តណា ដែលមិនព្រមសហការ និងបើកដៃឱ្យមានការឆបោកតាមអនឡាញនៅក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួនជាដាច់ខាត។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្ហាញការទទួលខុសត្រូវខ្ពស់លើការបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងបានស្វាគមន៍យ៉ាងពេញទំហឹងចំពោះចំណាត់ការដកតំណែងមន្ត្រីមួយចំនួនដែលជាប់ពាក់ព័ន្ធនាពេលកន្លងមក។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជានឹងមិនអាចទទួលបានជោគជ័យឡើយ ប្រសិនបើកម្ចាត់តែក្រុមអ្នកឆបោកតាមអនឡាញ ហើយមិនកម្ចាត់មន្ត្រីខិលខូច ដែលនៅពីក្រោយខ្នង។ ជាមួយគ្នានេះ សម្តេចតេជោ បានផ្តល់យោបាល់ឱ្យរាជរដ្ឋាភិបាល ត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ដោយត្រូវចោទប្រកាន់ចំពោះមុខតុលាការ និងបង្កកទ្រព្យសម្បត្តិមន្ត្រីពាក់ព័ន្ធទាំងនោះ។
ដោយឡែក ចំពោះក្រុមមន្ត្រីដែលអសកម្ម មិនព្រមសហការ ឬបើកដៃឱ្យក្រុមឧក្រិដ្ឋជនឆបោកអនឡាញចូលមកជ្រកកោនក្នុងទឹកដីខេត្ត និងតំបន់របស់ខ្លួន សម្តេចតេជោ បានព្រមានចំៗថា មិនត្រូវឱ្យរួចខ្លួនជាដាច់ខាត ហើយក៏មិនមែនគ្រាន់តែដកបញ្ជូនឱ្យទៅកាន់កន្លែងថ្មីនោះដែរ គឺត្រូវដកចេញពីតំណែងតែម្តង ខណៈសម្តេចទទួលបានព័ត៌មានក្តៅថា មានមន្ត្រីខ្លះរហូតដល់ថ្នាក់យកឡានទៅទទួលក្រុមឆបោកតាមអនឡាញចូលក្នុងទឹកដីខេត្តរបស់ខ្លួនថែមទៀតផង។
គួរជម្រាបថា ការព្រមានយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ-អង្គភាពនានា សរុបជាង៤,០០០ នាក់ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ។ ពាក់ព័ន្ធនឹងភាពអសកម្មរបស់មន្ត្រីក្នុងការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះដែរ កាលពីពេលថ្មីៗ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យដកតំណែងលោក ថង សាវុន ពីអភិបាលខេត្ត លោក ឡោ សុខា ពីស្នងការនគរបាល និងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ជាបន្តបន្ទាប់។ ជាមួយគ្នានេះលោក ថង សាវុន ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕