លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា គោលបំណងនៃការចុះអនុស្សារណៈយោគយល់គ្នារវាងសមាគមស្វាយចន្ទីកម្ពុជា សមាគមត្រចៀកកាំខ្មែរ និងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជាចិន ជាមួយរដ្ឋបាលគយចិននេះ គឺដើម្បីកាត់បន្ថយរបាំងគយមួយចំនួនដែលនាំឱ្យរាំងស្ទះដល់ដំណើរការនាំចូលកសិផលកម្ពុជា ចូលក្នុងខេត្តគ័ងហ្ស៊ី ដែលមានប្រជាជនជាង៥០លាននាក់។ បើតាមអ្នកជំនាញរូបនេះ កន្លងមកការនាំចូលកសិផលស្រស់ពីកម្ពុជា ចាំបាច់ត្រូវមានការត្រួតពិនិត្យពីរដ្ឋបាលគយចិន ទើបអាចនាំចូលបាន ហើយការត្រួតពិនិត្យកន្លងមកនេះ គឺមានភាពសាំញ៉ាំដែលធ្វើឱ្យកសិផលមួយចំនួនត្រូវបង្ខំឆ្លងកាត់ប្រទេសទី៣ ទើបអាចនាំចូលទៅទីផ្សារចិនបាន។
ដូច្នេះតាមរយៈការចុះអនុស្សារណៈនេះ លោក អួន ស៊ីឡុត ជឿជាក់ថា វានឹងជួយឱ្យកម្ពុជា អាចនាំចេញផលិតផលកសិកម្មដោយផ្ទាល់ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្តគ័ងស្ស៊ី និងទីផ្សារនានាក្នុងប្រទេសចិន ដោយរួចលក្ខខណ្ឌមួយចំនួនរបស់គយចិន។ តាមរយៈ MoU នេះ លោករំពឹងថា វានឹងក្លាយជាមេដែកក្នុងការស្រូបទាញអ្នកវិនិយោគនានាក្នុងខេត្តគ័ងស្ស៊ី ឱ្យមកបោះទុនវិនិយោគសាងសង់រោងចក្រកែច្នៃកសិផលក្នុងតំបន់សេដ្ឋកិច្ចពិសេសនានា នៅកម្ពុជា ដើម្បីនាំចេញទៅទីផ្សារចិន ជាពិសេសខេត្តគ័ងហ្ស៊ី។
តែយ៉ាងណាក៏ដោយ លោក អួន ស៊ីឡុត ក៏បានបង្ហាញក្តីបារម្ភពីការខ្វះលទ្ធភាពក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ឱ្យបានគ្រប់ទៅតាមតម្រូវការរបស់ចិន ដ្បិតថា សហគ្រាសនៅកម្ពុជា ភាគច្រើន ខ្វះទុនបង្វិលសម្រាប់ទិញគ្រាប់ស្វាយចន្ទីទុកសម្រាប់កែច្នៃ គួបផ្សំកសិករនៅមិនទាន់អាចគ្រប់គ្រងគ្រាប់ស្វាយចន្ទីក្រោយការប្រមូលផលប្រកបដោយគុណភាព៕