ក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ហើយបានក្លាយជាគោលដៅនាំចេញអង្ករ និងចេកដ៏ធំបំផុតរបស់កម្ពុជា។ ជាក់ស្ដែង ភាគីទាំងពីរបានសម្រេចគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១០ពាន់លានដុល្លារ នៅមុនពីរឆ្នាំនៃគោលដៅពេលកំណត់ទៅទៀត។ បើតាមក្រសួងពាណិជ្ជកម្ម ការសម្រេចគោលដៅពាណិជ្ជកម្មមុនពេលកំណត់យ៉ាងដូច្នេះ ដោយសារកិច្ចសហប្រតិបត្តិការវិនិយោគរវាងភាគីពាក់ព័ន្ធនឹងវិស័យជាច្រើន ដូចជា កសិកម្ម ថាមពលអគ្គិសនី វាយនភណ្ឌ និងទំនាក់ទំនង ពិសេសតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានវិនិយោគ និងសាងសង់ដោយសហគ្រាសចិន បានបង្កើតការងារ យ៉ាងច្រើនដល់ប្រជាជននៅតំបន់នោះ។
ជុំវិញទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិននេះ ត្រូវបានឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កត់សម្គាល់ឃើញថា ការនាំចេញកសិផលទៅប្រទេសចិនមានកំណើនខ្ពស់ ពិសេសការនាំចេញអង្ករ តែម្ដង។ ខណៈទំនិញនាំចេញច្រើនសំបូរបែបជាងមុន ចំនួនអ្នកនាំចេញទៅគោលដៅទីផ្សារចិន ក៏កើនឡើងគួរកត់សំគាល់។ ដោយឡែកការនាំចូលក៏មានកំណើនដែរ ដូចជាការនាំចូលវត្ថុធាតុដើមកាត់ដេរ សម្ភារៈសំណង់ គ្រឿងតុបតែងលំអ សម្ភារៈប្រើប្រាស់ទូទៅ គ្រឿងឧបភោគបរិភោគ សម្ភារៈអេឡិចត្រូនិកនិងអេឡិចទ្រិច ដូចជាទូរស័ព្ទដៃ ទូរទស្សន៍ រថយន្ត។ល។ ថ្មីៗនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កិច្ចព្រមព្រៀងRCEP ក៏ជាកត្តាជំរុញបន្ថែមទៀតដែរ សំរាប់ការលើកទឹកចិត្តដល់សកម្មភាពពាណិជ្ជកម្មដែលកើនឡើងជាលំដាប់។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការកើនឡើងយ៉ាងឆាប់រហ័សនៃទំហំពាណិជ្ជកម្មកម្ពុជា-ចិន នាពេលនេះ ក៏ដោយសារតែកម្ពុជា ទទួលអនុវត្តនូវផ្លូវមួយខ្សែក្រវ៉ាត់មួយរវាងកម្ពុជា-ចិន ដែលជាការជំរុញសេដ្ឋកិច្ចទ្វេភាគី ដែលឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន ដែលអនុវត្តតាំងពីដើមឆ្នាំ២០២២នេះ។ បើតាមឧកញ៉ា លឹម ហេង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគច្រើននៃក្រុមហ៊ុនវិនិយោគនៅកម្ពុជា គឺជាវិនិយោគិនមកពីប្រទេសចិន ដែលបានឈរក្នុងលំដាប់ទីមួយ ដូចជា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងការបង្កើតរោងច្រកកែច្នៃផលិតផលកសិកម្ម ជាដើម ដែលជំរុញឲ្យទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានក្នុងទំហំយ៉ាងឆាប់រហ័ស។
ចំណែក អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន World Bridge Group វិញក៏បានគូសបញ្ជាក់ដែរថា សេដ្ឋកិច្ចរបស់កម្ពុជា មានការពឹងផ្អែកយ៉ាងខ្លាំងពីប្រទេសចិន។ បើតាមអ្នកឧកញ៉ា សៀ ឫទ្ធី ស្របនឹងការអនុវត្តយ៉ាងតឹងរឹង ដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ១៩ របស់រាជរដ្ឋាភិបាលប្រទេសចិន នឹងធ្វើឲ្យក្រុមវិនិយោគិនចិនសម្លឹងពីឱកាសសម្រាប់វិនិយោគនៅប្រទេសដៃគូរកាន់តែច្រើន ហើយកម្ពុជា ក៏ជាគោលដៅមួយដែរ សម្រាប់វិនិយោគិនចិន ដែលនេះសុទ្ធសឹងជាកត្តាជំរុញឲ្យសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជា កាន់តែប្រសើរឡើង។
ក្រុមអ្នកជំនាញ និងអ្នកជំនួយញនៅតែមានក្ដីរំពឹង និងមានសុទិដ្ឋិនិយមខ្ពស់ ចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ថាសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរនឹងកើនឡើងថែមទៀត ដោយផ្អែកលើការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន,ការដាក់ឲ្យអនុវត្តនូវច្បាប់វិនិយោគកម្ពុជាថ្មី,ការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA និងGSP ពីបណ្ដាប្រទេសទីផ្សារគោលដៅជាដើម។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាកម្ពុជា ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២២ នេះទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ចិន សម្រេចបានក្នុងទំហំទឹកប្រាក់ជិត ៤ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញទំនិញកម្ពុជា ទៅប្រទេសចិន មានទំហំទឹកប្រាក់ជាង ៤០០លានដុល្លារ ថយចុះ០,១%។ រីឯ ទំនិញដែលកម្ពុជានាំចូលពីចិនវិញ មានទំហំទឹកប្រាក់ ៣,៥ពាន់លានដុល្លារកើនប្រមាណ៣៦%៕