គេនៅចាំបានថា កាលពីប៉ុន្មានខែមុននេះ ក្រោយពីបញ្ចប់កិច្ចចរចាជាស្ថាពរលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជារួចមក ខាងភាគីកម្ពុជាមានបំណងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមពៀងពាណិជ្ជកម្មសេរីនេះ ប៉ុន្ដែក្រោយមកក៏ត្រូវអាក់ខានទៅវិញ។ ប៉ុន្ដែ នៅថ្ងៃទី ១២ ខែតុលានេះ កិច្ចព្រមព្រៀងនេះ តាមផែនការ នឹងត្រូវបានចុះហត្ថលេខាហើយ ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្រោមអធិបតីភាព របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន។
ក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន (FTA) នឹងត្រូវបានចុះហត្ថលេខា និងចូលជាធរមាន នៅដើមឆ្នាំក្រោយ យ៉ាងហោចណាស់នឹងមានមុខទំនិញរបស់កម្ពុជាជាង ៣៤០ មុខ នឹងអាចនាំចេញចូលទៅកាន់ទីផ្សារចិន ដោយរួចពន្ធ ក្នុងនោះ ភាគច្រើនជាមុខទំនិញកសិកម្ម និងឧស្សាហកម្មកែច្នៃ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម។
ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្មកម្ពុជាធ្លាប់បញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងនេះ កំណើននាំចេញពីកម្ពុជាត្រូវបានរំពឹងថា នឹងកើនឡើងលើសពីអត្រាកំណើននៃឆ្នាំកន្លងទៅ ប្រមាណជាង ២០% គិតជាមធ្យមក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ កំណើនវិនិយោគពីបរទេសក៏ត្រូវបានរំពឹងថា នឹងកើនឡើងខ្លាំងផងដែរ។
ជុំវិញទៅនឹងកិច្ចព្រមព្រៀងនេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មធ្លាប់បានឲ្យដឹងដែរថា បើទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានចុះហត្ថលេខាក៏ពិតមែន ប៉ុន្ដែ ផលិតផលកសិកម្មកម្ពុជា ត្រូវតែគោរពទៅតាមលក្ខខណ្ឌស្ដង់ដារភូតគាមអនាម័យ ទើបអាចនាំចេញកសិផលទៅកាន់ប្រទេសចិនបាន។ ប៉ុន្ដែ ឯកឧត្តមជាក់ថា តាមរយៈបទពិសោធន៍នៃចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ភាគីកម្ពុជា និងចិននឹងអាចពន្លឿនការងារត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីអនុញ្ញាតឲ្យកសិផលរបស់កម្ពុជាអាចនាំចេញទៅកាន់ទីផ្សារចិនបានកាន់តែឆាប់រហ័ស។
គួរបញ្ជាក់ថា កន្លងមកនេះ ប្រទេសចិន និងកម្ពុជា បានប្ដេជ្ញានឹងខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបានដល់ ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ខាងមុខនេះផងដែរ ខណៈដែលកាលពីឆ្នាំ២០១៩ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានដល់ប្រមាណជាង ៨ពាន់លានដុល្លារ កើនឡើង២៧% ធៀបនឹងឆ្នាំ២០១៨។
គួរបញ្ជាក់ដែរថា តាមការអះអាងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានជួបពិភាក្សាការងារជាមួយនឹងលោក វ៉ាង យី រដ្ឋមន្ត្រីការបទេសចិន កាលពីថ្ងៃទី ១១ ខែ តុលា បានឲ្យដឹងដែរថា ក្រៅពីកិច្ចការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនហើយនោះ ខាងភាគីចិន ក៏បានប្រគល់នូវកំណត់ទូតអំពីជំនួយឥតសំណងសម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍនៅកម្ពុជា ដែលមានទឹកប្រាក់ប្រមាណ ១៤០ លានដុល្លារផងដែរ៕