ការចរចាកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-ចិន

តើ កម្ពុជា ពិតជាត្រូវការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ ចិន មែនទេ?


ប្រទេសចិនបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា ជាដៃគូរវិនិយោគដ៏ធំរបស់កម្ពុជា និងជាដៃគូនាំចូលទំនិញធំជាងគេមកកម្ពុជា ប៉ុន្ដែចិន មិនបានជាប់តំណែងជាទីផ្សារធំសម្រាប់ការនាំចេញទំនិញរបស់កម្ពុជានោះទេ។ ដ្បិតតែយ៉ាងនេះក្ដី រដ្ឋាភិបាលប្រទេសទាំងពីរ ក៏បានកំណត់ពេលវេលា ជាក់មួយរួចហើយនៅខែធ្នូឆ្នាំនេះ ដើម្បីការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា និងរំពឹងថា និងទទួលបានជោគជ័យក្នុងពេលដ៏ខ្លីខាងមុខនេះ។ តើកម្ពុជាពិតជាត្រូវការកិច្ចព្រមព្រៀងនេះ មែនទេ?
តើ កម្ពុជា ពិតជាត្រូវការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ ចិន មែនទេ?
ដោយ

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច តេជោ ហ៊ុន សែន បាន​ប្រកាស​កាលពីពេលថ្មីៗនេះថា កម្ពុជា នឹងចិន បានកំណត់ យក ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បី​បើកការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​ជាលើកដំបូង ដើម្បីពង្រីក​ការធ្វើពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ​កាន់តែទូលំទូលាយ។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ដែល​មានតួនាទីសំខាន់ ក្នុងការ​ចរចានេះ បាន​អះអាងថា ក្រសួង​បាន​ត្រៀម​ខ្លួន​រួចរាល់ហើយ សម្រាប់កិច្ចចរចានេះ ហើយ​រំពឹងថា ការចរចា​ជាមួយភាគីចិន នឹងមិនប្រើពេល​យូរនោះឡើយ ដើម្បីឈានទៅសម្រេច​កិច្ចចរចាពាណិជ្ជកម្មនេះ។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៦ វិច្ឆិកា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា និងចិន នឹងធ្វើឡើង​នៅថ្ងៃទី ៤ ខែធ្នូ ខាងមុខនេះ ហើយវានឹង​សម្រេច​បានជោគជ័យ​ក្នុងរយៈពេលដ៏ខ្លី។ 

សម្តេចតេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ពេលណាកម្ពុជា​មាន​ពាណិជ្ជកម្មសេរីជាមួយចិន នោះទីផ្សារ​ចិន នឹងបើកចំហរទីផ្សារ​សម្រាប់ផលិតផល​កម្ពុជា ដែលវា​ជាផលប្រយោជន៍​សេដ្ឋកិច្ចដ៏សំខាន់។​

ឯកឧត្តម ស៊ាង ថៃ មន្ត្រីនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានអះអាងប្រាប់​ខេមបូណូមីស នៅថ្ងៃទី ១៨ វិច្ឆិកានេះថា ក្រសួង បានត្រៀម​ខ្លួន​សម្រាប់​ការចរចារួចរាល់ហើយ ដោយនឹង​ចាត់​មន្ត្រីជាន់ខ្ពស់មួយចំនួន និង​មានការ​សហការចូលរួម​ពី​អន្តរក្រសួង ដើម្បី​ទៅចូលរួម​ចរចា​ ដែលនឹងប្រព្រឹត្តិទៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៩ នៅរដ្ឋធានី​ប៉េងកាំង ប្រទេសចិន។

ឯកឧត្តម ស៊ាង ថៃ  បានបញ្ជាក់ទៀតថា សម្រាប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​កម្ពុជា-ចិន នេះ នឹង​ធ្វើការពិភាក្សា​គ្នាទៅលើ​ចំណុច​គោលធំៗ ដូចជា​វិស័យពាណិជ្ជកម្ម ពាណិជ្ជកម្មសេវាកម្ម វិស័យវិនិយោគ និងបញ្ហាពាក់ព័ន្ធមួយចំនួន​ផ្សេងទៀត។

សំណួរ ដែលមានការចោទសួរ​ច្រើន ជុំវិញ​នឹងការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-ចិននេះ គឺថា តើ​កម្ពុជា​នឹងចំណេញអ្វីខ្លះ ពីកិច្ចព្រមព្រៀងនេះ បើ​បច្ចុប្បន្ន​ ចិន​នាំចូលកម្ពុជាយ៉ាងច្រើន​លើសលុប ជាង​កម្ពុជា​នាំចេញទៅចិន​យ៉ាងដូច្នេះ?

ឯកឧត្តម ស៊ាង ថៃ មន្ត្រីនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​ឆ្លើយតបវិញថា ជាការពិតណាស់ បច្ចុប្បន្ន កម្ពុជា នាំចេញទៅចិន គឺមានផលិតផល​កសិកម្មតែប៉ុន្មានមុខប៉ុណ្ណោះ ដូចជា អង្ករ ដំឡូង ពោត និងចេក ជាដើម។ ហេតុផល ដែល​កម្ពុជា មិនអាចនាំចេញ​ទៅចិន​បាន​ក្នុងចំនួនច្រើន​យ៉ាងដូច្នេះ គឺដោយសារតែ​មានរបាំង​អនាម័យ ភូតគាមអនាម័យ ដែលតម្រូវ​ឲ្យបាន​ស្ដង់ដារ​បច្ចេកទេស​ខ្ពស់។ ដូច្នេះហើយ ទើប​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ជំរុញ​ឲ្យមាន​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីនេះឡើង គឺដើម្បី​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហារាំងស្ទះទាំងអស់នេះ សំដៅ​ជំរុញឲ្យ​ផលិតផល​កម្ពុជា​កាន់តែច្រើន​មុខទៀត អាចនាំចូលទៅចិន​បានកាន់តែប្រសើរ ក៏ដូចជា​ការកាត់បន្ថយ​នូវឱនភាព​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេសចិន​ផងដែរ។ 

យ៉ាងណាក៏ដោយចុះ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកតាមដាន​សង្គម​មួយចំនួន នៅតែបន្ត​ងឿងឆ្ងល់ និងរង់ចាំមើលថា តើ​រាជរដ្ឋាភិបាល​កម្ពុជា នឹងមាន​យុទ្ធសាស្ត្រ​គន្លឹះ​បែបណាខ្លះ ដើម្បី​ពង្រីក​ការនាំចេញ​ទៅកាន់ទីផ្សារចិន និងអាច​កាត់បន្ថយឱនភាព​ពាណិជ្ជកម្ម​ជាមួយចិន ដែលកំពុងកើត​មាន​ក្នុងកម្រិត​ខ្ពស់​នាពេល​បច្ចុប្បន្ននេះ ។

គួរបញ្ជាក់ថា របាយការណ៍ ពី​អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បាន​ឲ្យដឹងថា គិតត្រឹម​៩​ខែ ដំបូង​នៅ​ឆ្នាំ​២០១៩​នេះ ប្រទេស​កម្ពុជា​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​បរទេស ប្រមាណ ២៦,២​ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ កម្ពុជា​​នាំចេញ​បាន​ប្រមាណ ១១,២​ពាន់​លាន​ដុល្លារ​អាមេរិក​ និង​នាំចូល​មក​វិញ ប្រមាណ ១៥​ពាន់​លាន​ដុល្លារ​អាមេរិក។ ទន្ទឹមនឹងនេះ បើពិនិត្យមើល​តែ​ពីទីផ្សារចិន គឺ​មានចំណែក​ទីផ្សារ​តែ​ប្រមាណ ៧% ប៉ុណ្ណោះ នៃការនាំចេញសរុប​របស់កម្ពុជា ប៉ុន្ដែ បើក្រឡេកទៅ​មើល​ការ​នាំចូលវិញ ប្រទេសចិន គឺជា​ប្រទេស​នាំចូលធំបំផុត​មកកាន់​កម្ពុជា​ដែលមានចំណែក​ទីផ្សារ ៣៩% នៃការនាំចូល​សរុប​របស់កម្ពុជា។ 

របាយការណ៍ពីរដ្ឋាភិបាល​កម្ពុជា បាន​ឲ្យដឹងដែរថា កាលពីឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបាន​ប្រមាណ ៧.៤០០លានដុល្លារអាមេរិក នៅក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅចិនមាន​ទំហំទឹកប្រាក់ប្រមាណ ១.៤០០ លានដុល្លារអាមេរិក កើនឡើង ៣៧% ខណៈដែល​ចិន​នាំចូល​មកកម្ពុជាវិញ មានប្រមាណ ៦ពាន់​លានដុល្លារអាមេរិក គឺបានកើនឡើង ២៦%។ ប្រទេសទាំងពីរ​ក៏ធ្លាប់​មាន​គោលដៅ នឹងជំរុញទំហំពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យឈានដល់ ១០ ពាន់​ដុល្លាអាមេរិក នៅត្រឹម​ឆ្នាំ២០២៣ខាងមុខ​ផងដែរ។

គួរដឹងដែរថា តាម​របាយការណ៍ ដែលស្រង់ដោយ Export.gov បានឲ្យដឹងថា ប្រទេសចិន ត្រូវបានគេដឹងថា មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTAs) ចំនួន ១៦ និងមាន​កិច្ចព្រមព្រៀងចំនួន ១២ កំពុង​ស្ថិតក្នុងដំណាក់កាលចរចា។ ក្នុងនោះ បើនិយាយ​ក្នុងក្រមខណ្ឌប្រទេស​ ដែលមាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយចិន ឃើញថា មានតែ សាំងហ្គាពួរមួយគត់ នៃបណ្ដាប្រទេស​ក្នុងតំបន់អាស៊ាន គឺមាន​ FTA ជាមួយចិន ។ ក្នុងឆ្នាំ ២០១៨ សាំងហ្គាពួរ​បាន​នាំចេញទៅចិន មាន ប្រមាណ ៥០ ពាន់លាន​ដុល្លារអាមេរិក ខណៈចិន​នាំចូល​ទៅសាំងហ្គាពួរវិញ មាន​ប្រមាណ ៤៣ ពាន់លាន​ដុល្លារអាមេរិក។ ប៉ុន្ដែ បើនិយាយ​ពីក្របខណ្ឌ​តំបន់វិញ អាស៊ាន ក៏មាន​ FTA ជាមួយនឹង​ចិនដែរ៕ 

None



អត្ថបទបន្ទាប់


កម្ពុជា​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ជាង ២៦​ពាន់​លាន​ដុល្លារ នៅ​៩​ខែ​ឆ្នាំ​២០១៩

គិតត្រឹម​៩​ខែ នៅ​ឆ្នាំ​២០១៩​នេះ ប្រទេស​កម្ពុជា​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​បរទេស ប្រមាណ ២៦,២​ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ …

"សម្បទាន​នយោបាយ​ប្រហែល​មិន​គ្រប់គ្រាន់​ទេ ក្នុងការ​រារាំង​​សហភាព​អឺរ៉ុប​មិន​ឲ្យ​ដក EBA ពី​កម្ពុជា"

ស្ថាប័ន​ស្រាវជ្រាវ​បរទេស​មួយ ដែល​មាន​ឈ្មោះ​ថា Fitch Solutions Macro Research បាន​ចេញ​របាយការណ៍​ នៅ​ថ្ងៃ​ចន្ទ ទី១៨ ខែ​វិច្ឆិកា​នេះ ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ