អចលនទ្រព្យ

វិនិយោគ​ទុន​វិស័យ​សំណង់​​ដើម​ឆ្នាំ​នេះ នៅតែ​​បន្ត​កើន​ឡើង


ថ្មីៗ​នេះ របាយការណ៍​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារ​ពិភព​លោក បាន​ព្យាករណ៍​ថា វិស័យ​សំណង់​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ​នឹង​ថមថយ​សន្ទុះ​កំណើន។ ប៉ុន្តែ របាយការណ៍​ក្រសួង​រៀបចំ​ដែន​ដី និង​សំណង់​បង្ហាញថា ដើម​ឆ្នាំ​នេះ ទុន​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​តែ​កើន​ឡើង។
សំណង់អគារខ្ពស់​នៅ​រាជ​ធានី​ភ្នំពេញ
ដោយ

បើ​តាម​ក្រសួងរៀបចំ​ដែន​ដី នគរូបនីយ​កម្ម និង​សំណង់ គម្រោង​ស្នើ​សុំ​អភិវឌ្ឍ​វិស័យ​សំណង់​ក្នុង​រយៈពេល​៤​ខែ​ដំបូង​ដើម​ឆ្នាំ​នេះ មាន​តម្លៃ​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ​ជាង​ ៤​​ពាន់​​លាន​​ដុល្លារ ធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៦ កើនជាង ៤៣ភាគរយ។ 

ប្រតិបត្តិការ​ចុះ​បញ្ជី​ស្នើសុំ​លិខិត​អនុញ្ញាត​សាងសង់​គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​មេសា ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​ថ្នាក់​ជាតិ​និង​សាលា​រាជ​ធានី​ខេត្ត បាន​ផ្តល់​លិខិត​អនុញ្ញាត​សាងសង់​សំណង់​ប្រមាណ ១​ពាន់​២០​គម្រោង ជាមួយ​នឹង​ផ្ទៃ​ក្រឡា​សំណង់​ជាង ៥​លាន​៦​សែន​ម៉ែត្រ​ការ៉េ ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦ មាន ៧១២​គម្រោង ស្មើនឹង​ផ្ទៃ​ក្រឡា សំណង់​ជាង ៥​លាន​៩​សែន​ម៉ែត្រ​ការ៉េ។

លោក ឡៅ ទិព្វសីហា មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​សំណង់​បាន​អះអាង​ថា កំណើន​នេះ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ទំនុក​ចិត្ត​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ​លើ​ការ​អភិវឌ្ឍ​វិស័យ​សំណង់​នៅ​កម្ពុជា ដែល​ទាំង​អស់​នេះ​គឺ​ជា​កម្លាំង​ចលករ​ជំរុញ​ឲ្យ​វិស័យ​សំណង់​ទទួល​បាន​ការ​វិនិយោគ​កើន​ឡើង។

លោកបញ្ជាក់ថា៖ «គម្រោង​ដែល​បាន​អនុញ្ញាត​នៅ​ដើម​ឆ្នាំ​នេះ​ភាគច្រើន ជា​អគារ​ស្នាក់​នៅ​រួម​ សណ្ឋាគារ អគារ​ការិយាល័យ​ធ្វើការ ផ្សារ​ទំនើប បុរី រោងចក្រ សហគ្រាស​នានា និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ផ្សេងៗ។ នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ទស្សនវិស័យ​ប្រកប​ដោយ​សុទិដ្ឋិនិយម​នូវ​កំណើន​សេដ្ឋកិច្ច ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សង្គម​របស់​កម្ពុជា»

អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ ឧកញ៉ា នួន រិទ្ធី មើល​ឃើញថា សុខភាព​វិស័យ​អចលនទ្រព្យ​និង​សំណង់​មិន​មានបញ្ហា​ទេ។ (រូបភាព៖ ហេង ភារម្យ)

ជុំវិញទៅនឹងការកើនឡើង​នូវ​ទំហំ​វិនិយោគ​សំណង់​នេះ ត្រូវបាន​អ្នក​ជំនាញ​អចលន​ទ្រព្យ​លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ KFA បាន​បញ្ជាក់​ថា ចាប់​ពី​ដើម​ឆ្នាំ​២០១៧ រហូត​មក​ដល់​ពេល​នេះ លោក​បាន​កត់​សម្គាល់​ឃើញថា មាន​ការ​វិនិយោគ​គម្រោង​សំណង់​អគារ​ខ្ពស់​ទាប​ជា​ច្រើន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ជាយ​ទីក្រុង ដែល​សកម្មភាព​នេះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា សុខភាព​វិស័យ​សំណង់​មិន​មាន​បញ្ហា​នោះ​ឡើយ។ 

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អលន​ទ្រព្យ KFA បាន​ធ្វើការ​វាយ​តម្លៃ​ឲ្យ​ដឹង​ថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវ និង ផ្លូវក្រវ៉ាត់ក្រុង បានធ្វើឲ្យរាជធានីភ្នំពេញ និងតំបន់ជាយក្រុង មានកំណើន ជាមួយនឹងការអភិវឌ្ឍន៍សំណង់គ្រប់ប្រភេទ។

យ៉ាងណា​ក៏​ដោយ​ កំណើន​នេះ​មិន​ទាន់​អាច​វាយ​តម្លៃ​ថា​ល្អ ១០០% សម្រាប់​ឆ្នាំ​នេះ​នោះ​ដែរ ព្រោះ​កាល​ពី​ពេលថ្មីៗ​នេះ ខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ បាន​ធ្វើការ​ព្យាករណ៍​ថា កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច ៧ ភាគរយ នៅ​ឆ្នាំ​នេះ គឺ​ដូចគ្នា​ទៅ​នឹង​អ្វី​ដែល​កម្ពុជា​ទទួល​បាន​កាល​ពី​ឆ្នាំ​២០១៦​ដែរ។ ប៉ុន្តែ វិស័យ​សំណង់​ធ្លាប់​តែ​មាន​កំណើន​ខ្ពស់​ពី ១៦​ភាគរយ​កាល​ពី​ឆ្នាំ​២០១៦ បាន​ថយ​មក​នៅ​ត្រឹម ១០​ភាគរយ​នៅ​ក្នុង​ឆ្នាំ​នេះ ខណៈ​ដែល​ឧស្សាហកម្ម​កាត់​ដេរ និង​វាយនភណ្ឌ​នៅ​បន្ត​រីក​ចម្រើន​ក្នុង​ភាព​រឹង​មាំ​ល្អ៕




អត្ថបទបន្ទាប់


អ្នក​ជំនាញ​ថា វិស័យ​អចលន​ទ្រព្យ​កម្ពុជា​រីក​ចម្រើន​ឆាប់​រហ័ស ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ប្លង់មេ​ច្បាស់​លាស់

ក្រុម​អ្នក​ជំនាញ​អចលន​ទ្រព្យ​មើល​ឃើញ​ថា វិស័យ​អចលន​ទ្រព្យ​មាន​ការ​រីក​លូត​លាស់​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​មាន…

ឧកញ៉ា​ទាំង៥​រូប​នេះ​ជា​សេដ្ឋី​អចលន​ទ្រព្យ​ដ៏​លេច​ធ្លោ​បំផុត​នៅ​កម្ពុជា​

នេះ​មិន​មែន​ជា​ការ​វាយ​តម្លៃ ឬ​ចាត់​ចំណាត់​ថ្នាក់​នរណា​ម្នាក់​ដែល​វិនិយោគ​ទុន​នៅ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​ច្រើន​ជាង​គេ​នោះ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ