ប្រជាកសិករខ្មែរជាច្រើន រង់ចាំមើលមហិច្ឆិតារបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហព័ន្ធស្រូវអង្ករកម្ពុជា មួយឆ្នាំហើយ មួយឆ្នាំទៀត តាំងពីឆ្នាំ ២០១៥មកម្ល៉េះ ថានឹងសម្រេចគោលដៅនាំចេញអង្ករឲ្យបាន១លានតោន ក៏ប៉ុន្តែមកដល់ឆ្នាំ ២០១៩នេះ ក៏នៅតែមិនសម្រេចគោលដៅនោះឡើយ ឥឡូវនេះ បន្តដាក់ទិសដៅមហិច្ឆតាថែមទៀតថា នឹងសម្រេចឲ្យបានដល់ទៅឆ្នាំ ២០២២ឯណោះ ។
លោក ឧកញ៉ា ចាន់ សុខឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងសន្យាពីមហិច្ឆតា ប្រាប់អ្នកសារព័ត៌មាននៅក្នុងកម្មវិធីសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៦ របស់ធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី ១៦ធ្នូឆ្នាំ ២០១៩ ថា ក្នុងបរិបទដ៏លំបាក និងសេដ្ឋកិច្ចកំពុងប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិននេះសហព័ន្ធស្រូវអង្ករកម្ពុជានៅតែសង្កេតឃើញថា វិស័យស្រូវអង្ករកម្ពុជាពុំមានការបាត់បង់ចំពោះការនាំចេញនោះឡើយ ពោលគឺការនាំចេញអង្កររបស់កម្ពុជានៅតែបន្តកើនឡើងចន្លោះពី ២ ទៅ៣ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ហើយសហព័ន្ធស្រូវអង្ករកម្ពុជាមានមហិច្ឆតាចង់ធ្វើឲ្យបានការនាំចេញអង្ករ ១លានតោននៅត្រឹមឆ្នាំ២០២២។
លោក ឧកញ៉ា ចាន់ សុខឃាំងបាន ឲ្យដឹងទៀតថា នៅឆ្នាំ២០១៩នេះ ចិនគឺមានចំណែកទីផ្សារអង្កររបស់កម្ពុជារហូត៣០ភាគរយ ដែលចំណែកនេះគឺកំពុងត្រូវបានជំនួសឲ្យទីផ្សារអឺរ៉ុបដែលបានបាត់បង់។ ប៉ុន្តែយ៉ាងណា លោកទទួលស្គាល់ថា ការដាំដុះនៅក្នុងវិស័យស្រូវអង្ករនៅមានចំនុចខ្វះខាតច្រើន ដោយសារតែរចនាសម្ព័ន្ធក្នុងការគ្រប់គ្រងកសិករមិនទាន់បានរួមបញ្ចូលគ្នានៅឡើយ ដូច្នេះព័ត៌មានដែលបញ្ជូនទៅប្រជាកសិករមិនទាន់គ្រប់គ្រាន់ទៅតាមការតម្រង់ទិសនៃទីផ្សារដែលត្រូវការនោះទេ។
លោកឧកញ៉ាបញ្ជាក់ថា វិស័យកសិកម្មនេះនៅតែមានភាពផុយស្រួយខ្លាំង ដោយសារតែពឹងផ្អែកលើកត្តាអាកាសធាតុច្រើន និងតាមបទពិសោធន៍ជាង១០ឆ្នាំរបស់លោកផ្ទាល់ នៅក្នុងវិស័យកសិកម្មលោកមើលឃើញថា បញ្ហាដែល ប្រឈមខ្លាំងជាងគេ គឺដើមទុនតែម្តង។
រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៥ ធ្នូ នេះបានសម្រេចបន្ថែមទុន ៥០លានដុល្លារដល់ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីបង្កលទ្ធភាព ឲ្យធនាគារនេះ ដើរតួរនាទីក្នុងការផ្តល់ឥណទាន ដល់រោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូល ទិញស្រូវ ពីប្រជាកសិករនៅក្នុងរដូវប្រមូលផលឆ្នាំនេះ។
នៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៦ របស់ធនាគារជាតិ នៃកម្ពុជានេះដែរ ឯកឧត្តម ឃី កុសល អគ្គលេខាធិការរងក្រសួងកសិកម្មបានឲ្យដឹងថា ផ្អែកតាមការព្យាករការប្រមូលទិន្នផលស្រូវឆ្នាំ២០១៩នេះ កម្ពុជាអាចប្រមូលផលបានប្រហាក់ប្រហែលនឹងឆ្នាំទៅមិញដែរ ក្នុងបរិមាណជា ១០លានតោនកន្លះ។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម ក្នុងរយៈពេល ៩ខែ នៅឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករប្រមាណ ៤០ម៉ឺនតោន កើនឡើងប្រមាណតែជាង ២% ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ប្រទេសចិនឈរក្នុងលំដាប់កំពូលតារាងក្នុងបរិមាណនាំចេញ ១៦ម៉ឺនតោន ខណៈអឺរ៉ុប មានជាង ១៣,៦ម៉ឺនតោន ស្មើ និង ប្រទេសអាស៊ាន មានប្រមាណ៥,៣ ម៉ឺនតោន។
គួរបញ្ជាក់ថា កន្លងមកវិស័យកសិកម្មបានចូលរួមចំណែកកំណើនសេដ្ឋកិច្ចទាំងមូល ប្រហែល៣០% ដែលគិតជាទឹកប្រាក់ប្រមាណ ៨លានដុល្លារ ក្នុងនោះ ការផ្តល់ទុនពីវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុបានប្រមាណ ១០%ប៉ុណ្ណោះ នៃទំហំកម្ចីសរុប៕