
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍លើកឡើងថា បើទោះបីកម្ពុជាជួបបញ្ហាកូវីដ ១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលមិនមានគម្រោងផ្អាក ឬកាត់បន្ថយគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធណាមួយនោះឡើយ ហើយគម្រោងអភិវឌ្ឍន៍កំពង់ផែក៏នៅតែបន្តពង្រីកការអភិវឌ្ឍបន្ថែមជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការជំរុញការធ្វើពាណិជ្ជកម្មកាន់តែប្រសើរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តអះអាងថា រាជរដ្ឋាភិបាលនៅតែបន្តធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប់ជានិច្ច ក៏ដូចជាការសាងសង់នូវផ្លូវថ្មីមួយចំនួនទៀត ក៏បានចរចាដើម្បីអភិវឌ្ឍចប់សព្វគ្រប់ហើយដែរ ដោយនឹងត្រៀមបើកការដ្ឋានសាងសង់នាពេលខាងមុខនេះ។ ឯកឧត្តមស៊ុន ចាន់ថុល បន្ថែមថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ គឺបាននិងកំពុងផ្តល់សារសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមជំរុញឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន៕