នៅក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងាររបស់ក្រសួងរ៉ែ និងថាមពល ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតបានឲ្យដឹងថា រីរុសកូវីដ-១៩ គឺជាបញ្ហាសកល នរណាៗ ក៏រងផលប៉ះពាល់ពីជំងឺនេះដែរ។ ទោះយ៉ាងណា ឯកឧត្តម ជៀប សួរ បញ្ជាក់ថា សម្រាប់ផលប៉ះពាល់ចំពោះគម្រោងបូមប្រេងនៅកម្ពុជារបស់ក្រុមហ៊ុនគ្រីសអេនើជី គឺខាងក្រសួងមិនទាន់អាចវាយតម្លៃបាននៅឡើយទេ ដោយរង់ចាំមើលស្ថានភាពកូវីដ-១៩ ធូរស្បើយសិន។
ឯកឧត្តម ជៀប សួរ បានមានប្រសាសន៍យ៉ាងដូច្នេះ «បច្ចុប្បន្ននេះដោយសារការរាតត្បាតនៃកូវីដ១៩ សូម្បីតែការធ្វើដំណើរជាលក្ខណៈបុគ្គល ត្រូវបានហាមឃាត់ដែរ ចុះបើសិនជាការអនុវត្តគម្រោង ត្រូវការដឹកជញ្ជូនសម្ភារអីផ្សេងៗនៅការដ្ឋាន នៅអី ក៏ត្រូវហាមឃាត់ដែរ។ ដូច្នេះការងារហ្នឹង យើងនឹងធ្វើការវាយតម្លៃជាមួយក្រុមហ៊ុនបន្តទៀតនៅពេលដែលស្ថានភាពធូរស្រាល អាចយើងវាយតម្លៃបានច្បាស់លាស់ជាងនេះ»។
ឯកឧត្តមឲ្យដឹងទៀត ក្រុមហ៊ុន គ្រីសអេនើជី ដែលជាក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី ទទួលអភិវឌ្ឍតំបន់ប្លុកA ដែលត្រូវបានរកឃើញថា មានសក្តានុពលប្រេងកាតដែលអាចធ្វើពាណិជ្ជកម្មបានកាលពីឆ្នាំ ២០១០ នោះគឺបានរងផលប៉ះពាល់ខ្លះដែរពីកូវីដ១៩ និងតម្លៃប្រេងអន្តរជាតិធ្លាក់ចុះខ្លាំងនេះ។
សូមបញ្ជាក់ កន្លងមកបើតាមស្ថាប័នស្រាវជ្រាវ Fitch Solutions Macro Research ធ្លាប់បានចេញរបាយការណ៍ថាក្រុមហ៊ុន គ្រីសអេនើជីនេះ ក៏មានជួបវិបត្តិជំពាក់បំណុលរាប់រយលានដុល្លារ និងអាចឈានទៅដល់ការក្ស័យធនផងដែរ។
ទាក់ទិននឹងបញ្ហានេះ ឯកឧត្តម ជៀប សួរ បានគូសបញ្ជាក់ថា ក្រុមហ៊ុនគ្រីសអេនើជី គឺមានក្រុមហ៊ុនជាម្ចាស់ភាគហ៊ុនច្រើន ហើយកន្លងមកនេះ មានក្រុមហ៊ុនធំមួយ ដែលជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនគ្រីសអេនើជីនេះ បានជូនដំណឹងមកកាន់ក្រសួងរ៉ែ និងថាមពលថា ខ្លួននឹងធានាចំពោះការផ្ដល់ជូនហិរញ្ញវត្ថុផ្សេងៗសម្រាប់អនុវត្តគម្រោងអណ្ដូងប្រេងនៅកម្ពុជានេះ។
ឯកឧត្តម ជៀប សួរ លើកឡើងយ៉ាងដូច្នេះថា «ក្នុងរយៈពេលកន្លងមកនេះ ដែលយើងធ្វើការជាមួយក្រុមហ៊ុន គឺក្រុមហ៊ុនមានភាគហ៊ុនផ្សេងៗទៀត នៅក្នុងហ្នឹងមានភាគហ៊ុនធំមួយដែលគាត់បានជូនដំណឹងថា នឹងធានានូវការផ្តល់ហិរញ្ញវត្ថុផ្សេងៗក្នុងការអនុវត្តគម្រោងហ្នឹង»។
ឯកឧត្តម បន្ថែមថា កន្លងមក ខាងក្រសួងរ៉ែ និងថាមពល ក៏បានធ្វើការជាមួយខាងក្រុមហ៊ុនគ្រីសអេនើជីនេះ ឃើញថា ក្រុមហ៊ុននេះ ក៏មាវឌ្ឍនភាពការងារគួរឲ្យកត់សម្គាល់ដែរ។ ទោះយ៉ាងណា ដោយសារតែថ្មីៗនេះ មានបញ្ហាកូវីដ-១៩ និងតម្លៃប្រេងធ្លាក់ចុះនេះ ក្រសួងរ៉ែ និងថាមពលនឹងធ្វើការតាមដានជាមួយនឹងក្រុមហ៊ុនបន្ដទៀត ដើម្បីវាយតម្លៃពីការងារទាំងនេះ នៅក្រោយពេលស្ថានភាពកូវីដប្រសើរឡើងវិញ។
សូមជម្រាបថា នៅក្នុងឆ្នាំ២០១៩កន្លងទៅ អគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានសិក្សាបែងចែកតំបន់រុកររកប្រេងកាតសរុប២៥ប្លុក នៅលើដែនគោកចំនួន ១៩ប្លុកនិងដែនសមុទ្រ ៦ប្លុក។ ចំពោះការរុករកនៅដែនគោក បច្ចុប្បន្នមានប្លុក៨ ដែលកំពុងធ្វើការចរចាកិច្ចព្រមព្រៀងប្រេងកាតជាមួយក្រុមហ៊ុនមកពីប្រទេសកាណាដា ចំណែក១១ប្លុកទៀត គឺនៅទំនេរ។
ចំណែកនៅដែនសមុទ្រទាំង៦ប្លុកវិញ ត្រូវបានផ្តល់ឈ្មោះថា
ប្លុក A,B,C,D,E
និងF។ ក្នុងនោះ ប្លុកA ត្រូវបានគេរកឃើញថា មានសក្តានុពលប្រេងកាត ដែលអាចធ្វើពាណិជ្ជកម្មបានកាលពីឆ្នាំ២០១០
ដោយបច្ចុប្បន្នប្លុកA នេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន គ្រីសអេនើជី របស់ប្រទេសសិង្ហបុរី ដើម្បីផលិតប្រេងនាពេលខាងមុខ។
ដោយឡែកប្លុកD នៅក្នុងដែនសមុទ្រដដែល បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន
Cambodian Resource Energy Development ដែលក្រុមហ៊ុននេះ
នឹងចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវ ក្រៅពីនេះ ប្លុកផ្សេងទៀត គឺនៅទំនេរហើយក៏កំពុងរងចាំអ្នកវិនិយោគថ្មី។
បើតាមអគ្គនាយកប្រេងកាតរូបនេះ សម្រាប់តំបន់ដែនសមុទ្រ ត្រួតគ្នាជាមួយប្រទេសថៃ គឺមិនទាន់មានសកម្មភាពអ្វីទេ ដោយសារតែប្រទេសទាំងពីរ ពុំទាន់អាចស្វែងរកដំណោះស្រាយជាមួយគ្នាបាន។ សម្រាប់ចំណូលវិញ ក្នុងឆ្នាំ២០១៩កន្លងទៅ ចំណូលបានពីវិស័យប្រេងកាត មានប្រមាណជា ១១,៦៣ ពាន់លានរៀល ស្មើនឹងប្រមាណ ១១៤%នៃផែនការ ដែលចំណូលទាំងនេះ គឺបានមកពីឈ្នួលផ្ទៃក្រឡារុករកប្រេងរបស់ក្រុមហ៊ុនឯកជន និងកម្រៃសេវាផ្សេងៗប៉ុណ្ណោះ៕