សារព័ត៌មាន

ចាងហ្វាង​កាសែត ខេមបូឌាដេលី ទទួល​មរណភាព​ក្នុង​វ័យ​៨៧​ឆ្នាំ


លោក បឺណាដ គ្រីស័រ (Bernard Krisher) ចាងហ្វាង​ការ​ផ្សាយ​សារព័ត៌មាន ខេមបូឌាដេលី បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី៥ ខែ​មីនា ឆ្នាំ​២០១៩ នៅឯ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ក្នុង​វ័យ​៨៧​ឆ្នាំ បន្ទាប់​ពី​បាន​ធ្លាក់​ខ្លួន​ឈឺ​ជាច្រើន​ឆ្នាំ​មក។
លោក Bernard Krisher អតីត​ចាងហ្វាង​កាសែត ឌឹ ខេមបូឌា ដេលី។ រូបភាព៖ YouTube
ដោយ

យោងតាម​សមាជិក​គ្រួសារ សព​របស់​លោក គ្រីស័រ ត្រូវ​បាន​បញ្ចុះ​រួច​រាល់​ហើយ នៅ​ក្នុង​ពិធី​បុណ្យ​ជា​លក្ខណៈ​ឯកជន​មួយ នៅទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។ លោក គ្រីស័រ កើត​នៅ​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​១៩៣១ នៅ​ប្រទេស​អាល្លឺម៉ង់។

កាលនៅរស់ លោក គ្រីស័រ បាន​ប្រកប​អាជីព​ជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​បរទេស​នៅ​ជប៉ុន អស់រយៈពេល​បី​ទសវត្សរ៍ ហើយ​បន្ទាប់​មក លោក​បាន​បង្កើត​កម្មវិធី​ការងារ​មនុស្សធម៌​នៅ​កម្ពុជា ដែល​គម្រោង​របស់​លោក​ដំបូង​បង្អស់​នោះ គឺ​កាសែត ដឹ ខេមបូឌាដេលី។ 

ដឹ ខេមបូឌាដេលី ជាកាសែត​ប្រចាំ​ថ្ងៃ​ផ្សាយ​ជា​ភាសា​អង់គ្លេស​ដំបូង​គេ​នៅ​កម្ពុជា ដែល​មាន​បេសកកម្ម​របស់​ខ្លួន គឺ​សរសេរ​ព័ត៌មាន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ កាសែត​នេះ​ក៏​ធ្លាប់​ជា​កន្លែង​បណ្តុះ​បណ្តាល​អ្នក​កាសែត​ក្មេងៗ​ជនជាតិ​ខ្មែរ និង​បរទេស ខណៈ​ដែល​អ្នក​ផ្សេងទៀត​ក៏​បាន​អាន​កាសែត​នេះ​ជា​ការសិក្សា​ភាសា​អង់គ្លេស​ផងដែរ។ 

កាសែត ដឹ ខេមបូឌាដេលី បាន​ឈប់​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​មិន​អាច​បង់​ពន្ធ​ជូន​រដ្ឋ​ដែល​មាន​ទំហំ​ធំ គឺ​ជាង​៦​លាន​៣​សែន​ដុល្លារ។ ការបិទ​របស់ ខេមបូឌាដេលី ត្រូវ​បាន​ទទួល​ការរិះគន់​និង​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។

យោងតាម​ដំណឹង​មរណភាព​ដែល​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ ខេមបូឌាដេលី លោក គ្រីស័រ បាន​សាងសង់​សាលារៀន​និង​មន្ទីរពេទ្យ​ជាច្រើន។ គម្រោង​សាងសង់​សាលា​នៅ​ជនបទ​របស់​លោក គ្រីស័រ បាន​កសាង​សាលារៀន​ចំនួន​ជាង ៥៦០​នៅទូទាំង​ប្រទេស​កម្ពុជា។

គម្រោង​ដែល​គាត់​ពេញ​ចិត្ត​បំផុត​នោះ គឺ​មជ្ឈមណ្ឌល HOPE មន្ទីរពេទ្យ​ព្រះសីហនុ ដែល​ផ្តល់​ការ​ថែទាំ​សុខភាព​ឥត​គិត​ថ្លៃ​ដល់​អ្នកក្រ​និង​មណ្ឌល​ស្នាក់នៅ​សម្រាប់​ក្មេងៗ​មក​ពី​តំបន់​ដាច់​ស្រយាល​ដែល​មិន​បាន​រៀន​ចប់​វិទ្យាល័យ។ នៅតាម​បណ្តាញ​សង្គម​ twitter អ្នក​ស្រលាញ់​រាប់អាន​និង​អតីត​បុគ្គលិក​របស់​លោក គ្រីស័រ បាន​សម្ដែង​ការ​សោកស្តាយ​និង​ចូលរួម​រំលែក​ទុក្ខ។

លោក ខូលីន ម៉ៃ អតីត​និពន្ធ​នាយក ខេមបូឌាដេលី បាន​និយាយ​ដូច្នេះ ថា «លោក បឺនី បាន​ផ្តល់​ឱ្យ បរទេស​យើង​នូវ​ឱកាស​ដើម្បី​រាយការណ៍​ព័ត៌មាន​នៅក្នុង​ប្រទេស​ដែល​យើង​ស្រឡាញ់។ គាត់​បាន​ផ្តល់​ឱ្យ​ជនជាតិ​កម្ពុជា​នូវ​កន្លែង​ដើម្បី​ក្លាយ​ជា​អ្នក​កាសែត​ដ៏​អស្ចារ្យ។ មនុស្ស​ជា​ច្រើន​បាន​ស្រឡាញ់​កាសែត​ដែល​មាន​ទំហំ​តូច​របស់​គាត់​មួយ​​នេះ។ ខ្ញុំ​មិន​ដែល​ភ្លេច​គុណ​ជារៀង​រហូត​ដែល​ខ្ញុំ​បាន​មាន​ឱកាស​ជា​ផ្នែក​មួយ​របស់​កាសែត​នេះ»។

លោក អ៊ូ វីរ: ប្រធាន​និង​ជា​ស្ថាបនិក វេទិកា​អនាគត ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោល​នយោបាយ បាន​និយាយ​តាម​ twitter អំពី​លោក គ្រីស័រ ថា «គាត់​គឺ​ជា​យក្ស​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា។ សូម​ចូលរួម​មរណទុក្ខ​នេះ​ផង ហើយ​សូម​ឱ្យវិញ្ញាណក្ខន្ធ​​គាត់​បាន​​​ទៅ​កាន់​​សុគតិ​ភព»៕




អត្ថបទបន្ទាប់


តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​អតីត​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង នៅ​មុនទស្សនកិច្ច​​របស់​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប

ចៅក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​ដីកា​មួយ​បង្គាប់​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​អតីត​មេបក្ស​ប្រឆាំង​គឺ​លោក សម រង្ស៉ី និង​អតី…

រាជរដ្ឋាភិបាលថៃ ចេញមុខជួយ​សម្រួលដល់ការដោះបំណុលកសិករ ខណៈឆ្នាំនេះមានគ្រោះរាំងស្ងួត

រាជរដ្ឋាភិបាលថៃ នាពេលថ្មីៗនេះ ក៏បានត្រៀមនូវវិធានការសង្គ្រោះបន្ទាន់មួយ ដើម្បីជួយកសិករក្នុងការសងបំណុលការប្រាក់ទៅកាន់ធនាគារ និងហិរញ្ញវត្ថុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ