ថ្នាក់ដឹកនាំក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា បានគូសបញ្ជាក់ថា ការចាប់ដៃរួមគ្នានេះ មិនត្រឹមតែជួយលើកកម្ពស់វិស័យសោតទស្សន៍ និងផ្សព្វផ្សាយនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកជួយលើកស្ទួយកម្ពុជាឲ្យស្មើមុខស្មើមាត់លើឆាកអន្តរជាតិក្នុងសេដ្ឋកិច្ច សង្គមឌីជីថលទៀតផង។
ប្រទេសកម្ពុជា បានកសាងប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតក្នុងវិស័យសោតទស្សន៍ និងផ្សព្វផ្សាយ ដែលបានចុះហត្ថលេខាបង្កើតក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ដែលបានដាក់ទុនរួមគ្នារវាងក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយធំៗចំនួន៣ គឺក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប របស់លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប របស់លោកឧកញ៉ា អ៊ឹង ឆៃងួន។
“ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា” បង្កើតឡើងក្នុងគោលបំណងបង្កើត ក្រុមហ៊ុនចម្រុះរវាងរដ្ឋ និងឯកជនសម្រាប់គ្រប់គ្រង “ថ្នាលទូរទស្សន៍ឌីជីថលជាតិ” ដើម្បីធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ឈានទៅសម្រេចឲ្យ បានតាមផែនការរបស់អាស៊ាន និយាយជារួម និងនិយាយដោយឡែក ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលជាតិ ដោយតម្រូវឲ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់ មកប្រើប្រាស់សេវាថ្នាលទូរទស្សន៍ឌីជីថលជាតិ និងបន្តការផ្សាយព្រមគ្នាជាប្រព័ន្ធអាណាឡូក និងប្រព័ន្ធឌីជីថលស្របគ្នាមុននឹងដល់ដំណាច់ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទសម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធអាណាឡូកជាស្ថាពរ។
លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប បានមានប្រសាសន៍ថា ថ្នាលទូរទស្សន៍ឌីជីថលគឺជាផ្នែកមួយក្នុងការគាំទ្រការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្នកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់។
ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា កិច្ចសហការនេះ មិនត្រឹមតែជាចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងវិស័យសោតទស្សន៍ និងផ្សព្វផ្សាយ ឲ្យទៅជាប្រព័ន្ធឌីជីថលពេញលេញប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមសម្រេចឲ្យបានសេដ្ឋកិច្ច សង្គមឌីជីថលកម្ពុជា ស្របតាមគន្លង ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤។
ដោយឡែក ឧកញ៉ា អ៊ឹង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប ក៏បានលើកឡើងផងដែរថា “ថ្នាលទូរទស្សន៍ឌីជីថលនេះ នឹងនាំមកនូវទស្សនីយភាព និងស្តង់ដាថ្មីស្រឡាងមួយទៀតដែលមានកម្រិតផ្សាយ គុណភាពខ្ពស់ ច្បាស់ត្រជាក់ភ្នែក ពីកម្រិត HD ដល់ UHD 4K ៕