ការយល់ច្រឡំនេះបានកើនឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានចុះអនុសារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនហិរញ្ញវត្ថុរបស់ចិនមួយ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងព្រំដែនរវាងប្រទេសទាំងពីរតាម QR Code របស់ប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា និង QR Code របស់ក្រុមហ៊ុនចិនដ៏ធំមួយនេះ។ លោកជំទាវ ជា សិរី សង្កត់ធ្ងន់ថា តាមរយៈភាពជាដៃគូនេះ គឺអនុញ្ញាតឲ្យប្រជាជននៃប្រទេសទាំងពីរចាយប្រាក់ដែលជារូបិយបណ្ណរបស់ខ្លួន តាមតែប្រព័ន្ធអេឡិចត្រូនិកប៉ុណ្ណោះ។
ទេសាភិបាលរងធនាគារជាតិនៃកម្ពុជារូបនេះបានគូសបញ្ជាក់ថា កត្តាដែលជំរុញឲ្យធនាគារជាតិនៃកម្ពុជាសម្រេចចុះអនុសារណៈនៃការយោគយល់គ្នានេះ គឺដើម្បីលើកកម្ពស់ និងពង្រីកវិសាលភាពការចាយប្រាក់រៀលឲ្យកាន់តែទូលំទូលាយ និងល្អប្រសើរបន្ថែមទៀត។
ម្យ៉ាងទៀត គឺដើម្បីជួយសម្រួលការទូទាត់ឆ្លងព្រំដែនរវាងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត ព្រោះតាមរយៈភាពជាដៃគូនេះប្រជាជន ឬភ្ញៀវទេសចរនៃប្រទេសទាំងពីរមិនពិបាកប្តូររូបិយបណ្ណ ពេលធ្វើដំណើរកម្សាន្តចូលមកកម្ពុជា ឬទៅប្រទេសចិន ដោយគ្រាន់តែស្កេន QR Code របស់ប្រព័ន្ធបាគង និង Union Pay សម្រាប់ទូទាត់ជាការស្រេច។ ថ្នាក់ដឹកនាំរូបនេះអះអាងថា ការធ្វើកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាម QR Code នេះ កម្ពុជាបានធ្វើជាមួយប្រទេសថៃរួចមកហើយ ហើយបច្ចុប្បន្នកំពុងរៀបចំនីតិវិធីដើម្បីភ្ជាប់ជាមួយវៀតណាម និងឡាវបន្ថែមទៀត។
លោកជំទាវ ជា សិរី បានគូសបញ្ជាក់បន្ថែមថា ការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនចិន Union Pay ក៏ជាផ្នែកមួយដើម្បីចូលរួមចំណែកជួយលើកកម្ពស់ និងជំរុញការសន្សំប្រាក់ជាប្រាក់រៀលរបស់ប្រជាជននៅកម្ពុជាផងដែរ ព្រោះតាមរយៈកិច្ចសហការនេះតម្រូវប្រជាជនកម្ពុជាត្រូវមានគណនីយសន្សំជាប្រាក់រៀលទើបអាចធ្វើប្រតិបត្តិការនៅប្រទេសចិន ឬប្រទេសថៃបាន។ លោកជំទាវកត់សម្គាល់ឃើញថា ប្រជាជនកម្ពុជាហាក់មិនសូវចូលចិត្តសន្សំប្រាក់ជារូបិយបណ្ណជាតិ ពោលគឺគណនីយសន្សំរបស់ប្រជាជនកម្ពុជាភាគច្រើនជាលុយដុល្លារ។
ពាក់ព័ន្ធនឹងទំហំទូទាត់ប្រចាំថ្ងៃក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជាជាមួយក្រុមហ៊ុន Union Pay លោកជំទាវ ជា សិរី បានលើកឡើងថា ទំហំទូទាត់ប្រចាំថ្ងៃរបស់អតិថិជន វាអាស្រ័យលើការកំណត់របស់ធនាគារ ដែលជាដៃគូសហការនីមួយៗរបស់ប្រព័ន្ធបាគង និង Union Pay។ បច្ចុប្បន្នកម្មវិធីបាគងរបស់ធនាគារជាតិនៃកម្ពុជាមានទាញយកទៅប្រើប្រាស់ដោយផ្ទាល់ជិត ៦០ម៉ឺនគណនី និងប្រើប្រាស់ដោយប្រយោលតាមរយៈធនាគារផ្សេងៗមានជាង១០លានគណនី៕