ទេសចរណ៍​អំឡុងពេល​កូវីដ-១៩

ភ្ញៀវទេសចរ ២៥ ម៉ឺននាក់បានចេញដើរកម្សាន្ដ ចំពេលស្ថានភាពរីករាលដាលកូវីដ-១៩ ស្ងប់ស្ងាត់


នៅរយៈពេល ២សប្ដាហ៍ដើមខែឧសភានេះ មានភ្ញៀវទេសចរក្នុងស្រុក២៥ម៉ឺននាក់ បានចេញដើរលេងកម្សាន្ដនៅតាមតំបន់ទេសចរណ៍នៅទូទាំងប្រទេស ដែលចំនួននេះ គឺមានការកើនឡើងដល់ទៅជិត ៤៧% ធៀបនឹង២សប្ដាហ៍ចុងខែមុន។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍។
ពលរដ្ឋមកកំសាន្តលេងនៅឆ្នេរកែប (រូបភាព៖ ហ្វេសប៊ុក​ក្រសួង​ទេសចរណ៍)
ដោយ

តាម​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​គូសបញ្ជាក់ថា ការចេញធ្វើដំណើរកម្សាន្ដ​របស់ទេសចរ​ក្នុងស្រុកនេះ គឺដោយសារតែ​ បញ្ហា​កូវីដ-១៩ នៅកម្ពុជា​ហាក់មានភាព​ធូរស្បើយជាងមុន ហើយ​ពលរដ្ឋ​ខានបាន​ចេញ​ធ្វើ​ដំណើរកម្សាន្ដយូរ ប៉ុន្ដែលោកថា ប្រតិបត្តិករ​ក្នុងវិស័យទេសចរណ៍ ក៏ដូចជា​ភ្ញៀវទេសចរ​ខ្លួនឯង ក៏មិនត្រូវប្រហែស​ភ្លេចខ្លួននោះដែរ ពោលគឺ​ត្រូវគោរព​តាម​គោលការណែនាំ​របស់ក្រសួង​សុខាភិបាល​ឲ្យបាន​ខ្ជាប់ខ្ចួន ដើម្បីទប់ស្កាត់​ការចម្លង​មេរោគកូវីដ-១៩។

រយៈពេល២សប្ដាហ៍ដើមខែឧសភា ឆ្នាំ២០២០នេះ ចលនាទេសចរ​ក្នុងស្រុកបាន​បន្តកើនឡើង បណ្ដើរៗឡើងវិញហើយ ដោយជាក់ស្ដែង មានភ្ញៀវទេសចរ​ប្រមាណជាង ២៥ ម៉ឺននាក់បានចេញ​ ទស្សនាកម្សាន្ត​​​នៅទូទាំងប្រទេស ដែលមានការកើនឡើងជិត ៤៧% បើធៀបនឹងពីរសប្តាហ៍ចុងខែមុន។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ បានឲ្យដឹងថា ក្នុង​ចំណោមភ្ញៀវទេសចរសរុបជាង ២៥ម៉ឺននាក់ ភាគច្រើន​ពួកគេ​បាន​ធ្វើដំណើរទៅកាន់តំបន់អេកូទេសចរណ៍នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេស​ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បានអះអាងថា ការកើនឡើងនៃភ្ញៀវទេសចរ​ចេញធ្វើដំណើរ​កម្សាន្ដ​នៅ២សប្ដាហ៍នៃដើមខែ​ឧសភា​នេះ គឺជា​សន្ទុះកំណើនមួយ​សន្សឹមៗប៉ុណ្ណោះ មិនបានកើនគំហុកពេកនោះទេ ស្របពេលដែល​ស្ថានភាពកូវីដ-១៩ នៅកម្ពុជា​ហាក់មានសភាព​ធូរស្រាល​ច្រើនជាងមុន។ ប៉ុន្ដែ លោកថា ទាំងប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរ ក៏មិនត្រូវភ្លេច​គោលការណ៍​ណែនាំ ​ពីសំណាក់រាជរដ្ឋាភិបាល ដើម្បីចូលរួម​ការទប់ស្កាត់​ការ​ចម្លង​មេរោគ​នោះដែរ។

ដោយឡែក ចំពោះ​ចំនួន​ភ្ញៀវទេសចរ​ពីបរទេសវិញ ត្រូវបាន​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍រូបនេះ បានបញ្ជាក់ទៀតថា ដោយសារតែ​មានវិធានការ​រឹតត្បិត​លើការធ្វើដំណើរ​នៅអំឡុង​ពេល​កូវីដ-១៩នេះ សម្រាប់ភ្ញៀវទេសចរ​បរទេស គឺអាច​នឹងនៅតែបន្ត​ការថមថយ​បន្តទៀត។

ទោះជាបែបនេះក្ដី សម្រាប់​កាលៈទេសៈនេះ ក្រសួងទេសចរណ៍​ចាត់ទុកថា ចលនា​ទេសចរ​ក្នុងស្រុក ក៏ជាការរួមចំណែក​មួយក្នុងការ​ផ្ដល់​ដង្ហើម​រស់​សម្រាប់​អាជីវកម្ម​ក្នុងវិស័យទេសចរណ៍ ហើយបើគ្មាន​ការចូលរួមចំណែក​ពីចលនាទេសចរ​ក្នុងស្រុកទេនោះ អាជីវកម្ម​ជាច្រើន​ដូចជា​ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ សុទ្ធតែត្រូវប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ជាក់ជា​មិនខានឡើយ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា បានជួបប្រទះនូវ វិបត្តិមេរោគកូវីដ១៩ ដូចបណ្តាប្រទេស​ដទៃជាច្រើន​លើសកលលោកដែរ គឺបានធ្វើឲ្យ វិស័យទេសចរណ៍កម្ពុជា បាត់បង់ចំណែកភ្ញៀវទេសចរបរទេស ប្រមាណ ៣៨% ពោលគឺធ្លាក់ចុះជាង ៧សែននាក់ នៅក្នុងត្រីមាសទី​១ ឆ្នាំ ២០២០នេះ ធៀបនឹងពេល​ដូចគ្នាកាលពីឆ្នាំមុន។ នេះយោងតាម​របាយការណ៍​ពីក្រសួងទេសចរណ៍៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនជប៉ុន Panasonic នឹងរើផលិតកម្ម​ខ្លះ​ចេញ​ពីថៃ មកកាន់​វៀតណាម

ក្រុមហ៊ុនផលិតគ្រឿង​ប្រើប្រាស់ក្នុងផ្ទះ​ដ៏ធំមួយ​របស់​ជប៉ុន គឺក្រុមហ៊ុន Panasonic បាន​និយាយថា នៅឆ្នាំ​ក្រោយនេះ ខ្លួន​នឹង​រើ​រោងចក្រ​ផលិត​…

ជីប ម៉ុង អះអាងថានឹងមិនប្ដូរឈ្មោះ «ទីក្រុងរណបហ្គ្រេនភ្នំពេញ» ទេ!

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនទើបតែបានទិញយកទ្រព្យសកម្ម និងប្រតិបត្តិការអាជីវកម្មទាំងស្រុងរបស់គម្រោងទីក្រុងរណប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ