ថ្នាក់ដឹកនាំក្រសួងសាធារណការមានសុទិដ្ឋិនិយមថា ការលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួននៅឆ្នាំ២០២៣ នេះនឹងបន្តកើនឡើងជាង៥% បើធៀបនឹងឆ្នាំមុន ក្រោយមើលឃើញពីភាពល្អប្រសើរនៃសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន។
នាពិធីអបអរសាទរខួប៣ឆ្នាំលេខពិសេសផ្ទាល់ខ្លួន និងការដាក់ឲ្យដេញថ្លៃលេខពិសេសនិងលេខពិសេសផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ការចុះបញ្ជីយានយន្តនៅក្រសួងសាធារណ និងដឹកជញ្ជូនការមានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យការប្រមូលចំណូលពីវិស័យនេះក៏មានការកើនឡើងផងដែរ។ ជាក់ស្តែងកាលពីឆ្នាំ២០២២ ការប្រមូលចំណូលពីការលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនមានការកើនឡើង២២% បើធៀបនឹងចំណូលកាលពីឆ្នាំ២០២១។
កត្តានេះបានជំរុញឲ្យឯកឧត្តមទេសរដ្ឋមន្ត្រីរំពឹងថា ការប្រមូលចំណូលពីការលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួននៅឆ្នាំ២០២៣ នេះនឹងមានការកើនឡើងជាង៥%បន្ថែមទៀត បើធៀបនឹងឆ្នាំ២០២២។ ការរំពឹងបែបនេះធ្វើឡើងក្រោយឯកឧត្តមទេសរដ្ឋមន្ត្រីមើលឃើញពីភាពល្អប្រសើរនៃសេដ្ឋកិច្ចនៅឆ្នាំនេះ បើទោះបីស្ថានភាពសេដ្ឋកិច្ចកម្ពុជាបន្តស្ថិតក្នុងភាពមិនច្បាស់លាស់នៃការគំរាមកំហែងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចក៏ដោយ។
ពាក់ព័ន្ធបញ្ហាការលក់ស្លាកលេខនេះដែរ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តបានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២០-២០២២២ ក្រសួងសាធារណការបានលក់លេខពិសេសនិងពិសេសផ្ទាល់ខ្លួនជូនប្រជាពលរដ្ឋបានជាង១១ម៉ឺន៨ពាន់លេខ ដោយប្រមូលចំណូលបានជាង៥៤លានដុល្លារអាមេរិក។
បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ ការលក់លេខពិសេសសម្រេចបានជាង១០ម៉ឺនលេខដោយរកចំណូលបានជិត២៦លានដុល្លារ និងលេខពិសេសផ្ទាល់ខ្លួនលក់បានជិត២ម៉ឺនលេខដោយរកចំណូលបានជាង២៨លានដុល្លារ។ ដោយឡែកនៅក្នុងឆ្នាំ២០២២ កន្លងទៅ កម្ពុជាប្រមូលចំណូលបានជិត២១លានដុល្លារពីការលក់លេខពិសេស និងពិសេសផ្ទាល់ខ្លួនដល់រថយន្តដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមការលើកឡើងរបស់លោកជំទាវ កុយ សុដានី នៅក្នុងពិធីអបអរសាទរខួប៣ឆ្នាំលេខពិសេសផ្ទាល់ខ្លួននេះ ក៏មានការដាក់តំាងនូវផ្លាកលេខពិសេស លេខពិសេសផ្ទាល់ខ្លួនរថយន្ត ការលក់លេខចុះបញ្ជី ការទទួលចុះបញ្ជីរថយន្តភ្លាមៗ និងការដាក់ឲ្យដេញថ្លៃផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិផងដែរ៕