សារព័ត៌មាន ANN បានរាយការណ៍ថា ឥណ្ឌូនេស៊ី បានបង្ហាញគម្រោងយោធាជាប្រវត្តិសាស្ត្រថ្មីមួយកាលពីថ្ងៃសុក្រ សប្តាហ៍មុន ដោយប្រកាសបើកការសាងសង់នាវាមុជទឹក Scorpene Evolved នៅក្នុងស្រុកជាលើកដំបូងចំនួន២គ្រឿង។ ជំហានលោតផ្លោះជាយុទ្ធសាស្ត្រជាតិនេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពការពារដែនសមុទ្ររបស់ឥណ្ឌូនេស៊ី ប៉ុណ្ណោះទេ ថែមទាំងជាកាតាលីករជួយរុញច្រានឧស្សាហកម្មការពារជាតិរបស់ប្រទេសនេះឱ្យឈានដល់កម្រិតស្វ័យភាពខ្ពស់។
នាវាទាំងពីរគ្រឿងនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនបារាំង Naval Group ដោយនាវាមុជទឹកប្រភេទ Scorpene Evolved ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត-អគ្គិសនី បំពាក់អាវុធប្រល័យលោកជាច្រើនរួមមាន មីស៊ីលតូពើដូធុនធ្ងន់ Black Shark ចំនួន១៨គ្រាប់ មីស៊ីលប្រឆាំងនាវាចម្បាំង SM39 Exocet និងប្រព័ន្ធមីស៊ីលការពារអាកាស A3SM។
នាវាមុជទឹកទម្ងន់២,៨០០តោននេះមានសមត្ថភាពធ្វើដំណើរក្រោមទឹកក្នុងល្បឿន៣៧គីឡូម៉ែត្រក្នុងមួយម៉ោង ប្រតិបត្តិការបានរហូតដល់៨០ថ្ងៃជាប់ៗគ្នា និងអាចធ្វើប្រតិបត្តិការចម្ងាយជាង២២,០០០គីឡូម៉ែត្រ និងផ្ទុកនាវិកចំនួន៣០នាក់ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេលពី៧ទៅ៨ឆ្នាំខាងមុខ។
ស្របពេលដែលឥណ្ឌូនេស៊ីកំពុងដើរទៅមុខលើបច្ចេកវិទ្យានាវាមុជទឹក ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា វៀតណាមឯណោះវិញ ក៏បានចាប់ផ្តើមផលិតនាវាចម្បាំងប្រឆាំងនាវាមុជទឹកក្នុងស្រុកដ៏ធំ និងទំនើបបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ បើយោងតាមការចុះផ្សាយរបស់កាសែតយោធាវៀតណាម នាវាចម្បាំងការពារអធិបតេយ្យភាពសមុទ្រនេះ កំពុងត្រូវបានកសាងយ៉ាងយកចិត្តទុកដាក់នៅឯកន្លែងផលិតនាវា Song Thu របស់ក្រសួងការពារជាតិស្ថិតក្នុងទីក្រុងដាណាង។ អ្វីដែលជាចំណុចពិសេស គឺ អាវុធ និងប្រព័ន្ធរ៉ាដាអេឡិចត្រូនិកភាគច្រើននៅលើនាវាចម្បាំងនេះត្រូវបានស្រាវជ្រាវ អភិវឌ្ឍន៍ និងដំឡើងដោយផ្ទាល់នៅក្នុងប្រទេសវៀតណាម។
ការងាកមកផ្តោតលើការផលិតសព្វាវុធការពានដែនសមុទ្រក្នុងស្រុកពីសំណាក់ឥណ្ឌូនេស៊ី និងវៀតណាមនៅពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីកាត់បន្ថយការភ័យខ្លាច និងការពឹងផ្អែកលើមហាអំណាចខាងក្រៅ ខណៈដែលសន្តិសុខសមុទ្រ និងជម្លោះដែនទឹកក្នុងតំបន់កាន់តែមានភាពស្រពេចស្រពិល និងប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងៗ៕
ដោយៈ សរ សុជាតិ