យោងតាមរបាយការណ៍ស្ដីពីការនាំចេញកសិផលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា នារយៈពេល ៨ខែ ក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញផលិតផលកសិកម្ម សរុបជាង ៥លានតោន មានការកើនឡើងជិត ៩០% ប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានត្រឹមជិត ៣លានតោន ប៉ុណ្ណោះ។
ផលិតផលកសិកម្មសំខាន់ៗ ដែលកម្ពុជា បាននាំចេញ ក្នុងរយៈពេល ៨ខែកន្លងមក មានដូចជា ការនាំចេញស្រូវ មានចំនួនជាង ២លានតោន កើនឡើង៨៥%។ ដោយឡែក ការនាំចេញអង្ករ មានជាង ៣៤ម៉ឺនតោន មានការថយចុះ ២៣% ។ រីឯ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានជាង ៣លានតោន កើនឡើង ៤៦%។ ផលិតផលកសិកម្មទាំងនោះ ត្រូវបានកម្ពុជា នាំទៅកាន់ទិសដៅចំនួន ៦៦ប្រទេស។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប៉ាន់ប្រមាណថា ការនាំចេញផលិតផលជាង ៥លានតោននោះ មានតម្លៃសរុប ៣.២៣២លានដុល្លារអាមេរិក។ ក្នុងនោះ ចំណូលពីការនាំចេញអង្ករ មានចំនួន ២៩១លានដុល្លារអាមេរិក និងចំណូលពីការនាំចេញស្រូវ មានចំនួន ៣៩៣លានដុល្លារអាមេរិក។ ចំណែកឯ ការនាំចូលកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ២.៥៤៧លានដុល្លារអាមេរិក៕
អត្ថបទ៖ ខន ណារី