លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងដែរថា ក្នុងអំឡុងពេលនៃថ្ងៃបុណ្យភ្ជុំបិណ្ឌនេះចំនួនភ្ញៀវទេសចរក្នុងស្រុកនឹងមិនមានការកើនឡើងខ្លាំងនៅតាមគោលដៅទេសចរណ៍សំខាន់ៗដូចដូចកាលពីថ្ងៃឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំកន្លងទៅទេ ខណៈការសម្រាកមានរយៈពេលខ្លី និងចំពេលដែលមានភ្លៀងធ្លាក់ច្រើន។ យ៉ាងណាក៏ដោយ សម្រាប់អ្នកផ្តល់សេវាកម្មទេសចរណ៍ក៏ត្រូវតែត្រៀមទទួលភ្ញៀវឲ្យបានល្អបំផុត ដើម្បីរក្សាបានគុណភាព ខណៈដែលជាបទពិសោធន៍កន្លងមក ការផ្តល់សេវាកម្មភ្ញៀវមានចំណុចខ្វះចន្លោះច្រើនពិសេសគឺនៅតំបន់ភាគ ឦសាន។
លោកស្រីបញ្ជាក់ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងនៅតែបន្តធ្វើដំណើរកម្សាន្ដនៅតំបន់ទេសចរណ៍មាត់សមុទ្រ និងតំបន់ទេសចរណ៍ភាគ ឦសាននៃប្រទេសមានខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងរតនៈគិរីជាដើម ដូច្នេះអ្នកផ្តល់សេវាកម្មទេចរណ៍គួរតែត្រៀមបម្រើភ្ញៀវផងដែរ សម្រាប់អំឡុងពេលនេះ។
ដោយឡែក ឯកឧត្តម ទិត្យ ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជាបានគូសបញ្ជាក់នៅក្នុងសន្និសីទសាព័ត៌មានស្តីពីស្ថានភាពវិស័យទេសចរណ៍កម្ពុជាក្នុងអំឡុងពេលនៃវិបត្តិកូ វីដ ១៩ ថា នៅថ្ងៃបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិដែល មានរយៈពេលនៃការឈប់សម្រាកជាច្រើនថ្ងៃនោះ គឺជាឱកាសសំខាន់មួយទៀតសម្រាប់ភ្ញៀវទេសចរចេញដើរកម្សាន្ដ ដោយរំពឹងថា នឹងមានចរន្តទេសចរផ្ទៃក្នុងច្រើនទៀត ទៅកាន់គ្រប់គោលដៅទេសចរណ៍ទាំងតំបន់ឆ្នេរ តំបន់ទេសចរណ៍វប្បធម៌ និងគោលដៅអេកូទេសចរណ៍សំខាន់ជាច្រើនផ្សេងទៀត។
ឯកឧត្តមបញ្ជាក់ថា សម្មភាពភ្ញៀវទេសចរនៅក្នុងអំឡុងពេលភ្ជុំបិណ្ឌនេះមិនខុសគ្នាប៉ុន្មាន ទៅនឹងអំឡុងពេលនៃថ្ងៃឈប់សម្រាកជំនួសឲ្យថ្ងៃចូលឆ្នាំខ្មែរកន្លងទៅនោះទេពោលគឺវាអាចនឹងមានប្រហាក់ប្រហែលគ្នាឬលើសពីនេះ ខណៈភ្ញៀវខ្លះមិនទាន់បានទៅអស់នៅឡើយនៅតាមតំបន់គោលដៅទេចរណ៍ទាំងនោះ ដោយសារតែបារម្ភពីជំងឺកូវីដ ១៩ និងភ្ញៀវខ្លះទៀតកក់សណ្ឋាគារមិនបានតែប៉ុណ្ណោះ។
សូមជម្រាបថា បើតាមរបាយការណ៍ក្រសួងទេសចរណ៍នៅអំឡុងពេលថ្ងៃឈប់សម្រាក រយៈពេល ៥ថ្ងៃ កាលពីសប្តាហ៍មុននេះ ចំនួនភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្ត ទូទាំងប្រទេសកម្ពុជា បានកើនឡើងដល់ជាង ១លាន ៤សែននាក់ ដោយក្នុងនោះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរច្រើនជាងគេ ដល់ទៅ ២១ម៉ឺននាក់ និងខេត្តកំពត ទាក់ទាញភ្ញៀវទេសចរជាង ១៨ម៉ឺននាក់ ឈរនៅលំដាប់លេខរៀងទី ២។ បើតាមការអះអាងរបស់ឯកឧត្តម ទិត្យ ចន្ថា នៅអំឡេងពេលឈប់សម្រាកប៉ុន្មានថ្ងៃជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងទៅនេះ យ៉ាងហោចណាស់ភ្ញៀវទេសចរបានចំណាយលើការធ្វើដំណើរកម្សាន្ដរបស់ពួកគេប្រមាណ១០០លានដុល្លារអាមេរិកចូលទៅក្នុងចរន្ដសេដ្ឋកិច្ចជាតិ៕