នៅក្នុងជំនួបជាមួយលោក Lan Tianli អភិបាលតំបន់ស្វយ័តក្វាងស៊ី នៅក្នុងកម្មវិធីពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅទីក្រុងណាននីង ប្រទេសចិន កាលពីពេលថ្មីៗ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងក្វាងស៊ី បានកើនឡើងដល់ជិត៥០០លានដុល្លារ ប្រហែល៥% នៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន។ ប៉ុន្តែក្នុងទំហំពាណិជ្ជកម្មនេះក៏ឃើញអតុល្យភាពធំដែរ ដោយកម្ពុជា នាំចេញទៅក្វាងស៊ី មានទំហំត្រឹមតែ១៧លានដុល្លារតែប៉ុណ្ណោះ។ ដូច្នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ចង់ឃើញទំនាក់ទំនងនេះបន្តទៅមុខ និងសង្ឃឹមថា ថ្នាក់ដឹកនាំចិន នឹងអនុញ្ញាតឲ្យកម្ពុជា កាន់តែអាចចូលកាន់តែជ្រៅនៅក្នុងទីផ្សារចិន តាមរយៈការបង្កើនការនាំចេញពីកម្ពុជា ទៅចិនកាន់តែច្រើនតាមរយៈការវិនិយោគរបស់ចិននៅកម្ពុជា។
ឯកឧត្ដម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះតំបន់ក្វាងស៊ី ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះនៃពិព័រណ៍ចិន-អាស៊ាន ដែលជាវេទិកាមួយដ៏សំខាន់សម្រាប់ជំរុញពាណិជ្ជកម្មវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលក្លាយជាមជ្ឈមណ្ឌលនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការចិន-អាស៊ាន ជាពិសេសក្នុងកាលៈទេសៈ ដែលពិភពលោកកំពុងជួបនឹងវិបត្តិភូមិសាស្រ្តនយោបាយតឹងតែង ក៏ដូចជាការបែកបាក់ភូមិសាស្ត្រសេដ្ឋកិច្ច ប៉ុន្តែចិន និងអាស៊ាននៅតែពួតដៃគ្នា ធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការផ្សេងៗ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកឡើងពីការសហការគ្នារវាងកម្ពុជា ជាមួយតំបន់ស្វយ័តក្វាងស៊ី ក្នុងការបង្កើតតំបន់ឧស្សាហកម្ម ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់រវាងប្រទេសទាំងពីរ ដើម្បីជាច្រករបៀងឧស្សាហកម្ម និងបានអបអរសាទរចំពោះវិស័យកសិកម្ម ដែលភាគីទាំងពីទើបតែចុះកិច្ចព្រមព្រៀងគ្នា ដែលនឹងជួយពង្រឹងសមត្ថភាពកសិកម្មកម្ពុជា បង្កើននូវភាពប្រកួតប្រជែងលើផលិតផលកសិកម្មកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ បន្ថែមលើនេះ ឯកឧត្តមបានស្នើឱ្យភាគីចិន ជួយជំរុញនូវវិស័យទេសចរណ៍តាមរយៈជំរុញទេសចរចិន មកទស្សនានៅកម្ពុជា និងរៀបចំឲ្យមានទស្សនកិច្ចផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តរឹតចំណងទំនាក់ទំនងកាន់តែស៊ីជម្រៅចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងពង្រីកបន្ថែមលើការនាំចូលផ្លែឈើ គាំទ្រការកសាងសួនឧស្សាហកម្មនៅកម្ពុជា ជាគំរូនៃការកសាងច្រករបៀងឧស្សាហកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងក្វាងស៊ី លើវិស័យកសិកម្ម សហការគ្នា លើកិច្ចសហប្រតិបត្តិការ វិស័យសុខាភិបាល ទេសចរណ៍វប្បធម៌ និងរវាងប្រជាជន និងប្រជាជន។
យោងតាមស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសក្រោមកិច្ចព្រមព្រៀង RCEP សម្រេចបានក្នុងទំហំទឹកប្រាក់ជិត២៣ពាន់លានដុល្លារ មានការកើនឡើងជាង១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារ កើនឡើងជាង១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមការនាំចេញទាំងនោះ ទីផ្សារចិន មានទំហំជាង១ពាន់១រយលានដុល្លារផងដែរ៕