របាយការណ៍ដដែលនេះ បានគូសបញ្ជាក់ទៀតថា នៅក្នុងរយៈពេល៨ខែ ដំបូងនៅឆ្នាំនេះ ការនាំចេញមាសត្រូវបានចាត់ទុកថា ជាមុខទំនិញដែលមានកំណើននាំចេញខ្ពស់បំផុត ក្នុងចំណោមទំនិញសំខាន់ៗជាច្រើនមុខទៀតរបស់កម្ពុជា។ ជាក់ស្ដែង នៅ៨ខែដំបូង នៃឆ្នាំ២០២០នេះ ការនាំចេញសរុបរបស់កម្ពុជាសម្រេចបានក្នុងទំហំទឹកប្រាក់សរុប ១១.៧១៤ លានដុល្លារអាមេរិក កើនឡើងដល់ទៅ ១៨% តែទាបជាងកំណើនឆ្នាំមុនបន្តិចបន្តួចប៉ុណ្ណោះ (ឆ្នាំមុនមានកំណើន១៨,៤%)។
តាមការគូសបញ្ជាក់នៅក្នុងរបាយការណ៍ បានឲ្យដឹងថា មាស នៅ៨ខែដំបូងនៅឆ្នាំ២០២០នេះ ការនាំចេញមាសជាង៧០០% ឯណោះ ហើយបើដកមុខទំនិញមាសចេញ ឃើញថាការនាំចេញសរុបរបស់កម្ពុជាបានធ្លាក់ចុះក្នុងអត្រា៤,៩% ដែលនេះ សបញ្ជាក់ឲ្យឃើញថា មាស ក្លាយជាមុខទំនិញដ៏សំខាន់មួយ ជួយទប់ទល់ការនាំចេញរបស់កម្ពុជាកុំឲ្យមានការធ្លាក់ចុះ។
ក្នុងនោះ ទំនិញនាំចេញដែលមានកំណើនខ្ពស់របស់កម្ពុជា នៅ៨ខែដំបូងនៅឆ្នាំនេះ មានដូចជា អង្ករ កើនឡើង ជាង ២៣%, កង់ កើន ២៧%, គ្រឿអគ្គិសនីកើនជាង២២,៣% និងផលិតផលកសិកម្មមួយចំនួនទៀតដូចជា សណ្ដែក ក៏កើនឡើង ៥៩,៣%, គ្រាប់ស្វាយចន្ទីកើន ១៦,៣%, ចេក កើន ១៥៦,៧% និងមាស កើនឡើង ៧១៦,៨%។
ដោយឡែក នៅក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២០នេះ ការនាំចូលសរុបរបស់កម្ពុជា មានទំហំទឹកប្រាក់សរុប១១.៨៥៣ លានដុល្លារអាមេរិក ធ្លាក់ចុះក្នុងអត្រាអវិជ្ជមាន ១១,៦%។
ជុំវិញនឹងតម្លៃទីផ្សារមាសសកលវិញ ក៏ត្រូវបានអ្នកជំនាញធ្លាប់បានលើកឡើងថា នឹងនៅតែបន្ដកើនឡើងបើទោះបីជាកំពុងព្រឹត្តិការណ៍រកាំរកូសមួយចំនួននៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅអាមេរិក ក៏ដោយ។តម្លៃមាសនៅតែកើន គឺដោយសារតែអ្នកជំនាញមើលឃើញថាធនាគារកណ្ដាលរបស់អាមេរិក នឹងបន្ដកម្មវិធីជំរុញរូបិយវត្ថុកាន់តែខ្លាំង ដោយមិនគិតពីរឿងអ្នកឈ្នះ អ្នកចាញ់តំណែងប្រធានាធិបតីថ្មីនោះឡើយ។ បន្ថែមពីនេះ កត្តានយោបាយនៅក្នុងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះទៀតសោតក៏ត្រូវបានគេមើលឃើញថា កំពុងអំណោយផលចំពោះទីផ្សារមាសផងដែរ។
សូមបញ្ជាក់ថា បើតាមការវាស់ស្ទង់ដោយស្ថាប័នជំនាញទាក់ទងនឹងហាងឆេងទីផ្សារមាសនេះ បានឲ្យដឹងថា នៅក្នុងខែវិច្ឆិកានេះ តម្លៃមាសទំនងជានឹងកើនដល់ ១.៨០០ ទៅ ១.៩៥០ ដុល្លារអាមេរិកក្នុងមួយអោន (Ounce)។ នៅចុងឆ្នាំនេះ តម្លៃមាសក៏ត្រូវបានរំពឹងថា នឹងឡើងដល់ទៅ ២.០០០ ដុល្លារអាមេរិកក្នុងមួយអោន និងកើនប្រមាណ១០% ទៅឆ្នាំក្រោយ៕