អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា អះអាងថា មិនត្រឹមតែទីក្រុងគ័ងចូវទេ
គឺគ្រប់ច្រកហោះហើរទៅកាន់ប្រទេសចិន ត្រូវបានអនុវត្តវិធានការថ្មីបន្ថែមនេះទាំងអស់។
ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់ខេមបូណូមីសថា លោកមិនទាន់មានព័ត៌មានច្បាស់លាស់ ចំពោះវិធានការរបស់ប្រទេសចិន ដែលបានដាក់ចេញបន្ថែមកាលពីពេលថ្មីៗនេះទេ គ្រាន់តែអាចបញ្ជាក់ថា អាជ្ញាធរចិនបានប្រកាសថា បើមិនចាំបាច់ទេ ពលរដ្ឋចិននៅក្រៅប្រទេសកុំទាន់ត្រលប់ទៅប្រទេសចិននៅពេលនេះ ព្រោះថា អាជ្ញាធរចិនបានចេញវិធានការបន្ថែម ដោយគ្រប់ជនជាតិ ដែលត្រូវហោះហើរទៅកាន់ប្រទេសចិនទាំងអស់ ត្រូវអនុវត្តការធ្វើចត្តាឡីស័ក ២សប្តាហ៍ ដែលកំណត់ដោយក្រុមហ៊ុនអាកាសចរណ៍មុនចេញទៅ និងធ្វើចត្តាឡីស័ក ២សប្តាហ៍ទៀត ពេលទៅដល់ប្រទេសចិន បន្ទាប់មកត្រូវធ្វើចត្តាឡីស័ក ១សប្តាហ៍ ពេលទៅដល់តំបន់ដែលខ្លួនរស់នៅ។
បើតាមឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា ការរឹតបន្តឹងបែបនេះ នឹងអាចធ្វើឲ្យការចំណាយរបស់អ្នកដំណើរកាន់តែច្រើន ដូច្នេះទាល់តែអ្នកចាំបាច់បំផុត ខានមិនបាន ទើបដាច់ចិត្តធ្វើដំណើរទៅកាន់ប្រទេសចិន។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលរូបនេះបានគូសបញ្ជាក់ទៀតថា ជាទូទៅក្រុមហ៊ុនអាកាសចរណ៍នីដែលកំពុងមានជើងហោះហើរពីកម្ពុជាទៅចិន គឺមានជើងហោះត្រឹមតែ ២ដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍សម្រាប់ក្រុមហ៊ុននីមួយៗ ដោយក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកចំនួន៧ក្រុមហ៊ុន និងក្រុមហ៊ុនអាកាសចរក្នុងស្រុកមានតែ៣ប៉ុណ្ណោះដែលនៅដំណើរការជើងហោះហើរ រួមមានក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរ ឡានមី និងខេមបូឌាអ៊ែរវេ ជាដើម។
សូមជម្រាបថា អាជ្ញាធរចិន បានចាប់ផ្ដើមរឹតបន្ដឹងការធ្វើដំណើរចូលប្រទេសចិនកាន់តែតឹងរឹងជាងមុន នៅចំពេលដែលប្រទេសចិនថ្មីៗនេះ ក៏មានរកឃើញករណីឆ្លងកូវីដ-១៩ផ្ទុះរាលដាលនៅតំបន់មួយចំនួន ហើយប្រទេសជាច្រើនផ្សេងទៀត ពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ក៏កំពុងផ្ទុះរាលដាលឆ្លងកូវីដ-១៩កាន់តែខ្លាំងដែរ។ ដូច្នេះ ចង់ ឬមិនចង់វិធានការរឹតបន្ដឹងលើការធ្វើដំណើរឆ្លងប្រទេសនេះ គឺជារឿងចំបាច់ដើម្បីទប់ទល់នឹងបញ្ហាកូវីដ-១៩ដែលជាក្ដីបារម្ភខ្លាំងរបស់ពិភពលោកទាំងមូល៕