បើយើងផ្អែកទៅលើរបាយការណ៍របស់ស្ថាប័នអន្តរជាតិធំៗ ដែលបានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០១៩នេះ ឃើញថា នៅតែរក្សាបាននូវភាពរឹងមាំក្នុងកំណើន ៧% ដដែល ដោយក្នុងនោះ វិស័យឧស្សាហកម្មកាត់ដេរ សំណង់ ទេសចរណ៍ និងកសិកម្ម។
ជាក់ស្ដែង របាយការណ៍ថ្មីចុងក្រោយរបស់ស្ថាប័នអន្តរជាតិធំៗចំនួន៣ គឺ ធនាគារ អភិវឌ្ឍន៍អាស៊ី ធនាគារ ពិភពលោក និងស្ថាប័នរូបិយវត្ថុអន្តរជាតិ បានចេញផ្សាយកាលពីចុងឆ្នាំ២០១៩នេះ បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅតែរក្សាបានក្នុងកំណើន៧% នៅឆ្នាំ២០១៩នេះ ដែលនេះ វាបានសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា សេដ្ឋកិច្ចកម្ពុជា នៅតែខ្លាំង រឹងមាំដដែលទេ បើទោះបីជាកត្តាប្រឈមចំពោះហានិភ័យ កំពុងកើតមានកាន់តែខ្ពស់យ៉ាងណាក៏ដោយ។
ការព្យាកររបស់ស្ថាប័នអន្តរជាតិទាំង៣ ខាងលើនេះ គឺធ្វើឡើងដោយផ្អែកទៅលើអំនះអំណាងផ្សេងៗគ្នា។ ។ ទោះយ៉ាងរបាយការណ៍ របស់ស្ថាប័ននីមួយៗ ក៏បានបង្ហាញថា សម្រាប់កត្តាប្រឈម ក្នុងការលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា ក៏នៅតែមានកាន់តែខ្ពស់ និងគួរឲ្យតាមដានយកចិត្តទុកដាក់ដោះស្រាយផងដែរ។
របាយការណ៍របស់ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF ដែលបានចេញផ្សាយថ្មីនេះ បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០១៩ នៅតែសម្រេចបានកំណើនរឹងមាំ ក្នុងអត្រា៧% ដែលត្រូវបានគាំទ្រដោយការបន្តកំណើននៃការនាំចេញ និងវិស័យសំណង់ ខណៈដែលអតិផរណាត្រូវបានរក្សាឲ្យស្ថិតនៅក្នុងកម្រិតទាប ប្រមាណ ២,៥%។ ទន្ទឹមនឹងនេះ ស្ថានភាពហិរញ្ញវត្ថុសាធារណៈ នៅតែបន្តស្ថិតក្នុងភាពល្អប្រសើរ ស្របពេលដែលបំណុលសាធារណៈ ក៏ស្ថិតនៅក្នុងកម្រិតហានិភ័យទាប អាចគ្រប់គ្រងបាន។
ទោះយ៉ាងណា ស្ថាប័នរូបិយវត្ថុអន្តរជាតិ ក៏បានបញ្ជាក់ដែរថា សេដ្ឋកិច្ចកម្ពុជា ក៏កំពុងប្រឈមនឹងហានិភ័យខ្ពស់ជាងមុន ដែលបណ្ដាលមកពី ការកើនឡើងភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម និងលទ្ធភាពនៃការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) សម្រាប់ការនាំទំនិញទៅអឺរ៉ុប ដែលវាអាចនឹងជះឥទ្ធិពលអវិជ្ជមាន ដល់សេដ្ឋកិច្ចកម្ពុជាគួរឲ្យកត់សម្គាល់។
ជុំវិញនឹងលទ្ធភាពដែលអាចឈានទៅដល់ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសហភាពនេះដែរ លោក ហាវ រតនៈ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា បានថ្លែងក្នុងសន្នីសីតសារព័ត៌មាន កាលពីពេលថ្មីៗនេះបានឲ្យដឹងថារដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកាប្រមាណ ៣ ពាន់លានដុល្លារអាមេរិករួចជាស្រេច ដើម្បីទប់ស្កាត់ផលប៉ះពាល់នានា ដែលអាចកើតមានឡើង ដោយសារលទ្ធភាពនៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBAនេះ។
ធនាគារពិភពលោក ធ្លាប់បានប៉ាន់ប្រមាណដែរថា បើសហភាពអឺរ៉ុប ពិតជាព្យួរមែននោះ កម្ពុជាអាចនឹងត្រូវធ្លាក់ចុះចំណូលពីការនាំចេញប្រមាណ ជាង ៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
របាយការណ៍ពី IMF នោះ បានកត់សម្គាល់ទៀតថា ហានិភ័យចំពោះសេដ្ឋកិច្ចកម្ពុជាមួយទៀតនោះ គឺអាចកើតឡើងនៅក្នុងវិស័យហិរញ្ញវត្ថុ តាមរយៈការផ្តល់ឥណទានប្រមូលផ្តុំកាន់តែខ្លាំងឡើងៗនៅក្នុងវិស័យអចលនទ្រព្យនិងសំណង់ ដែលវាត្រូវបានរំពឹងថា នឹងកើនឡើងប្រហែល ២៨ភាគរយ ក្នុងឆ្នាំ២០១៩។
របាយការណ៍ ក៏បានបញ្ជាក់ទៀតថា ការខ្ចីភាគច្រើនដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ នៅតែមិនមានការត្រួតពិនិត្យនិងគ្មានការគ្រប់គ្រង ហើយទិន្នន័យផ្លូវការស្តីពីតម្លៃអចលនទ្រព្យនៅមិនទាន់ មាននៅឡើយដែរ។
គួរបញ្ជាក់ដែរថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា កាលពីឆ្នាំ២០១៨ ត្រូវបានប៉ាន់ប្រមាណថា មានកំណើនខ្ពស់ រហូតដល់ទៅ ៧,៥% ដោយរុញពីក្រោយដោយសន្ទុះនៃកំណើនការនាំចេញខ្ពស់។ បើតាមការព្យាករពីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងស្ថាប័នរូបិវត្ថុអន្តរជាតិ ឃើញថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ ខាងមុខ អាចនឹងមានការថយចុះមកវិញ ពោលគឺ មកនៅត្រឹមតែ ៦,៨% ដោយសារតែការថយចុះកំណើននៃសេដ្ឋកិច្ចសកល។
ជុំវិញនឹងកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០១៩នេះដែរ បើតាមការអះអាងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន កំណើនឆ្នាំនេះ អាចនឹងមានដល់ទៅ ៧,១% ឯណោះ ដែលខ្ពស់ជាងការព្យាករណ៍របស់ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និង IMF ទៅទៀត។
សម្តេច ហ៊ុន សែនអះអាងបែបនេះគឺ ផ្នែកតាមការវាយតម្លៃដោយក្រុមប្រឹក្សាធនាគារជាតិនៃកម្ពុជា រួមជាមួយនឹងអ្នកឯកទេសបរទេសបានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានៅតែមានកំណើនខ្ពស់៧ភាគរយនៅឆ្នាំ២០១៩ ដោយមានការរួមចំណែកនៃកំណើនសកម្មភាពក្នុងវិស័យសំណង់ វិស័យកាត់ដេរ និង ភាពរឹងមាំនៃវិស័យទេសចរណ៍។
ក្នុងស្ថានភាពកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចនៅតែខ្ពស់នេះប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញពីយុទ្ធសាស្រ្តដឹកនាំដោយជានិច្ចកាលនឹងគ្រប់គ្រងឲ្យបាននូវស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
សូមជំរាបថា នៅឆ្នាំ២០១៨ កន្លងមកក្នុងចំណោមប្រទេសអាស៊ាន គឺកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ហើយឆ្នាំនេះក៏នៅតែបន្តឈរលើកំពូលតារាងខ្ពស់លើសគេដដែលក្នុងរង្វង់ ៧.១ ភាគរយ។
ប្រមុខរាជរដ្ឋភិបាលកម្ពុជាបានគូសបញ្ជាក់ទៀតថា ទំហសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៩ នេះ មានទំហំត្រឹមតែ ២៤ពាន់លានដុល្លារ ក្នុងនោះពលរដ្ឋម្នាក់ៗរកចំណូលបាន ជាង១ពាន់៦០០ដុល្លារ ប៉ុន្តែទំហំសេដ្ឋកិច្ចនៅពេលដែលច្បាប់ថវិការជាតិត្រូវបានអនុម័តនោះទំហំសេដ្ឋកិច្ចកម្ពុជានឹងឡើងជិត៣០ពាន់លានដុល្លារ ដែលប្រជាពលរដ្ឋម្នាក់នឹងរកចំណូលបានលើស១ពាន់៨០០ដុល្លារ៕