យ៉ាងណាមិញ ក្នុងស្ថានភាពដែលកំណើនសេដ្ឋកិច្ចពិភពលោកបានងើបឡើងជាបន្តបន្ទាប់ ជាមួយនឹងល្បឿនខុសគ្នា និងមានភាពមិនច្បាស់លាស់ខ្ពស់នៅឡើយ ធនាគារកណ្ដាលមានតួនាទីសំខាន់ណាស់ក្នុងការពង្រឹងជំនឿទុកចិត្តលើសេដ្ឋកិច្ច និងគាំទ្រកំណើន តាមរយៈឧបករណ៍នយោបាយរូបិយវត្ថុ ការគៀងគរទុនបម្រុងអន្តរជាតិ និងវិភាគម៉ាក្រូប្រុងប្រយ័ត្ន។
ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តតួនាទីទាំងនេះ ធនាគារកណ្តាលក៏ត្រូវតែរក្សាបានឯករាជ្យភាពនៅក្នុងប្រតិបត្តិការរបស់ខ្លួនដែរ។ នេះបើតាមការគូសបញ្ជាក់របស់ ធនាគារជាតិនៃកម្ពុជា នៅក្នុងវេទិកាប្រចាំឆ្នាំមួយដែលរៀបចំដោយធនាគារពិភពលោក ស្ដីពីភាពជាដៃគូនៃការគ្រប់គ្រង និង ប្រឹក្សាលើទុនបម្រុងអន្តរជាតិ។
Story: ធនាគារជាតិនៃកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អ ជាមួយធនាគារពិភពលោក ដែលក្នុងនោះមានការគ្រប់គ្រងទុនបម្រុងអន្តរជាតិផងដែរ ហើយធនាគារពិភពលោក បានផ្តល់ជំនួយបច្ចេកទេស និងកសាងសមត្ថភាពជំនាញ ដល់មន្ត្រីធនាគារជាតិនៃកម្ពុជាថែមទៀតផង។ បច្ចុប្បន្ន ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួនប្រមាណ ២១ ប៊ីលានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។
ធនាគារជាតិនៃកម្ពុជាក៏បានយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ ដោយបានវិនិយោគទុនបម្រុងមួយផ្នែកលើវិស័យដែលគិតគូរពីបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងបានបញ្ចូល ESG ទៅក្នុងការណែនាំនៃការវិនិយោគ។ ចំពោះការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានគាំទ្រការអភិវឌ្ឍប្រព័ន្ធទូទាត់ទំនើប និងបានដាក់ចេញប្រព័ន្ធទូទាត់បាគង ដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain សម្រាប់ជាប្រព័ន្ធទូទាត់កន្លោង ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តម្លាភាព គណនេយ្យភាព និងអាចទូទាត់ឆ្លងគ្រឹះស្ថានបានដើម្បីសម្រួលការទូទាត់ទាំងក្នុងស្រុក និងសមាហរណកម្មទៅក្នុងតំបន់។
បើតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា នៅឆ្នាំ២០២១នេះសេដ្ឋកិច្ចកម្ពុជាត្រូវបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗព្យាករថា នឹងមានការកើនឡើងក្នុងរង្វង់ ២%។ ដោយឡែក នៅឆ្នាំ២០២២វិញ ត្រូវបានព្យាករថា នឹងកើនក្នុងរង្វង់ ៤,៨% ដែលនាំឲ្យផលិតផលក្នុងស្រុកសរុបនាពេលបច្ចុប្បន្នមានទំហំជាទឹកប្រាក់ប្រមាណ ជាង៣០ពាន់លានដុល្លារអាមេរិក ហើយចំណូលរបស់ប្រជាជនម្នាក់ៗវិញនឹងមានដល់ ១.៨៤២ដុល្លារអាមេរិក កើនពី ១.៧៣០ដុល្លារអាមេរិក កាលពីឆ្នាំ២០២១។
ចំពោះអតិផរណាជាមធ្យមប្រចាំឆ្នាំវិញ នៅក្នុងឆ្នាំ២០២២ ត្រូវបានក្រសួងសេដ្ឋកិច្ចប៉ាន់ប្រមាណថា នឹងមានក្នុងអត្រា ២,៨% ដោយសារតែរំពឹងទុកមានការវិលត្រលប់ទៅរកនិន្នាការធម្មតាវិញនៃថ្លៃម្ហូបអាហារ៕