បើទោះបីជា ស្ថិតក្នុងស្ថានភាពពិភពលោកមិនច្បាស់លាស់ក្ដី ប៉ុន្ដែក្រុមអ្នកជំនាញ រំពឹងថា កម្ពុជានៅតែអាចរក្សាបាននូវកំណើននាំចេញជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ។
លោកបណ្ឌិត ហុង វណ្ណៈ ជាអ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជ្យបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ថា ដ្បិតបច្ចុប្បន្ន ស្ថិតនៅក្នុងកាលៈទេសៈនៃស្ថានភាពពិភពលោកជួបការលំបាក បញ្ហាសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់ និងវិបត្តនៃជំងឺរីករាលដាលផ្សេងៗក្ដី ក៏ប៉ុន្តែសកម្មភាពសេដ្ឋកិច្ចកម្ពុជា ហាក់កាន់តែបង្ហាញនូវភាពវិជ្ជមាន។ អ្នកជំនាញរូបនេះ ជឿជាក់ថា កម្ពុជានៅតែអាចបន្ដកំណើននាំចេញទំនិញគ្រប់មុខរបស់ខ្លួន ដែលនេះបានបញ្ជាក់ពីការចូលរួមចំណែក្នុងកំណើនសេដ្ឋកិច្ចកម្ពុជាយ៉ាងច្រើន ដើម្បីធានានូវភាពរីកចម្រើន និងធានានូវអត្រាអតិផរណានៅកម្ពុជាផងដែរ។
ទន្ទឹមនឹងរំពឹងពីកំណើននៃការនាំចេញរបស់កម្ពុជានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ បញ្ជាក់បន្ថែមថា កម្ពុជាគួរពិចារណាទៅលើកិច្ចការជាច្រើនទៀត សម្រាប់ធានាបាននូវការនាំចេញនាពេលខាងមុខ ហើយកិច្ចការពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ណាស់ ដូចជាទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីជាដើម ដែលវានឹងក្លាយជាកត្តាជំរុញឲ្យទំហំពាណិជ្ជកម្ម កាន់តែមានការកើនឡើង។
ដោយឡែកចំពោះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលចិននៃរាជ្យបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានបើកនៅប្រទេសឡើងវិញ ដែលធ្វើឲ្យខ្សែចង្វាក់ផលិតកម្មកម្ពុជាមានសន្ទុះឡើងវិញដែលជាហេតុ ធ្វើឲ្យការនាំចេញរបស់កម្ពុជានៅរយៈពេល៧ខែនេះ មានការកើនឡើងវិញជាង៣០% បើធៀបនឹងឆ្នាំមុន ដែលនេះមានន័យថា ទំហំនាំចេញអាចកម្ពុជាបានវិលទៅរកសភាពក្នុងឆ្នាំ២០១៨ ២០១៩ វិញផងដែរ។
ទោះយ៉ាងណា លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា កម្ពុជាអាចនឹងមានការប្រឈមការធ្លាក់ចុះនូវការបញ្ជាទិញនៅក្នុងវិស័យកាត់ដេរ ដែលជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់សេដ្ឋកិច្ច ដោយសារតែវិបត្តិអតិផរណានៅសភាពអឺរ៉ុប វិបត្តិប្រេងឡើងថ្លៃ ធ្លាក់ចុប្រាក់ចំណូល បានធ្វើឲ្យមានការធ្លាក់ចុះនៃការបញ្ជាទិញផងដែរ។
សូមបញ្ជាក់ថា នៅ៧ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា មានជិត៣៣ពាន់លានដុល្លារអាមេរិក បានកើនឡើង២១%។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ជាងជិត ១៤ពាន់លានដុល្លារ កើនឡើង៣០% ខណៈការនាំចូលទំនិញមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជាង ១៩ពាន់លានដុល្លារ កើនឡើង១៥%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕