ប៉ុន្តែអ្វីដែលជាបញ្ហាចោទសម្រាប់កម្ពុជានោះ ថាតើគេមានវ៉ាក់សាំងកូវីដ-១៩ លក់ឲ្យកម្ពុជា ឬអត់?
ថ្លែងនៅក្នុងកម្មវិធីប្រគល់ និងទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Sinovac ចំនួន១លាន៥សែនដូស ដែលកម្ពុជាបញ្ជាទិញពីប្រទេសចិន កាលពីព្រឹកថ្ងៃទី២៦ មីនា នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអះអាង កម្ពុជាមិនបារម្ភពីរឿងខ្វះថវិកាទិញវ៉ាក់សាំង អ្វីដែលបារម្ភ គឺខ្លាចថាមិនមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់លក់មកឲ្យកម្ពុជាទៅវិញទេ?
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានអះអាងទៀតថា កម្ពុជាអាចមានលទ្ធភាពទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួនបានពីរឆ្នាំទៅមុខទៀត ក្នុងវិបត្តិនៃជំងឺកូវីដ-១៩។ ប៉ុន្តែ ឯកឧត្តម មិនហ៊ានធានាលទ្ធភាពរបស់កម្ពុជានោះទេ ប្រសិនបើការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បន្តអូសបន្លាយលើសពីរយៈពេលពីរឆ្នាំ។
បើតាមឯកឧត្តម វង្សី វិស្សុត កម្ពុជាបានដាក់គោលដៅទិញវ៉ាក់សាំងកូវីដ-១៩ ឲ្យបានយ៉ាងតិច១០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅឆ្នាំ២០២១ ខណៈ គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ ជាង២លាន៤សែនដូសហើយ៕
ក្នុងនោះ៦០ម៉ឺនដូសជាជំនួយរបស់ចិន រីឯ៣២៤,០០០ដូស ជាជំនួយរបស់អង្គការសុខភាពពិភពលោកក្រោមគម្រោងរបស់មជ្ឈមណ្ឌលកូវ៉ាក់ និង១,៥លានដូសកម្ពុជាបញ្ជាទិញពីចិន ដែលបានដឹកមកកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។
រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៥ មីនា បានដាក់ចេញនូវវិធានការជុំទី៨ ដើម្បីជួយដល់ជនក្រីក្រី ជនរងគ្រោះ និងងាយរងគ្រោះដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដូចជាស្តារសេដ្ឋកិច្ចកម្ពុជាឲ្យមានភាពល្អប្រសើរឡើងវិញ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗបានប្រកាសថា ថវិការដ្ឋជាង១ពាន់លានដុល្លារបានប្រើប្រាស់ជិតអស់ហើយ ក្រោយរាជរដ្ឋាភិបាលអនុវត្តវិធានការ៧ជុំកន្លងមក៕