វេទិកា​ហិរញ្ញវត្ថុថ្នាក់តំបន់

កម្ពុជាចូលរួមកំណែទម្រង់ប្រព័ន្ធឌីជីថល ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ បង្កើតវិស័យធនាគារអាស៊ានតែមួយ


ប្រទេសកម្ពុជា បាននិងកំពុងចូលរួម ក្នុងកំណែទម្រង់ប្រព័ន្ធឌីជីថលក្នុងវិស័យធនាគារ និងសេវាហិរញ្ញវត្ថុ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានគោលដៅសំខាន់គឺ ការផ្សាភ្ជាប់អាស៊ានឆ្នាំ ២០២៥ តាមរយៈប្រព័ន្ធឌីជីថល សម្រាប់វិស័យធនាគារអាស៊ានតែមួយ ដែលនៅពេលសម្រេចនោះ បណ្តាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា មកពីសហគមន៍អាស៊ាន នឹងអាចបម្រើអតិថិជនរួមគ្នា តាមរយៈប្រព័ន្ធឌីជីថលនេះ។
កម្ពុជាចូលរួមកំណែទម្រង់ប្រព័ន្ធឌីជីថល ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ បង្កើតវិស័យធនាគារអាស៊ានតែមួយ
ដោយ

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមាគមធនាគារ​នៅកម្ពុជា និងប្រធាន​នាយកប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បានមានប្រសាសន៍​ឲ្យដឹងថា នេះ ជាលើកទី ១ហើយ ដែល កម្ពុជា បានធ្វើជាម្ចាស់ផ្ទះ​រៀបចំកិច្ចប្រជុំ​សន្និសីទ​ធនាគារអាស៊ាន​លើកទី ២២ ជាមួយ វត្តមាន​មន្រ្តីជំនាញកំពូលៗ ក្នុងសេវាហិរញ្ញវត្ថុ មកពីទូទាំងប្រទេស​ក្នុងសហគមន៍​អាស៊ាន ហើយនេះ ជាឱកាស ដែលយើង​អាចបង្ហាញឲ្យ​ពួកគេបានស្គាល់​កាន់តែច្បាស់ពី សក្តានុពល​នៃវិស័យហិរញ្ញវត្ថុ​នៅប្រទេសកម្ពុជា។

លើសពីនេះទៅទៀត លោកបណ្ឌិត បន្តថា នាពេលខាងមុខ នឹងមានកំណែទម្រង់​ប្រព័ន្ធឌីជីថល ក្នុងវិស័យធនាគារ និងសេវាហិរញ្ញវត្ថុ​នៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស គឺការបង្កើតប្រព័ន្ធ​ឌីជីថល​សម្រាប់​វិស័យ​ធនាគារ​អាស៊ានតែមួយ ដែលផ្សា​ភ្ជាប់ទំនាក់ទំនង​តាមប្រព័ន្ធ​ធនាគារឌីជីថល និងផ្តល់​អត្ថប្រយោជន៍ធំៗ​ចំនួន ៤ ដល់ប្រទេស​ក្នុង​សហគមន៍អាស៊ាន។

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​ធនាគារជាតិ​នៃកម្ពុជា បានលើកឡើង​ដែរថា ប្រព័ន្ធធនាគារ​នៅកម្ពុជា​ បានបង្ហាញ​នូវ វឌ្ឍនភាព​រីកចម្រើន ដូចគ្នាទៅនឹង ប្រព័ន្ធធនាគារ​ក្នុងតំបន់​អាស៊ាន​ផងដែរ ដែលកាន់តែ​មាន​ភាពប្រទាក់ក្រឡាគ្នា និងបន្តកើន​ឡើង​ជាបន្តបន្ទាប់ ស្របតាម​យន្តការ​នៃការធ្វើ​សមាហរណកម្ម​ធនាគារ​អាស៊ាន ក្នុងក្របខ័ណ្ឌ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ហើយទន្ទឹម​នឹងនេះ គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​នៅកម្ពុជា ក៏បានបង្កើន​ការប្រើប្រាស់​បច្ចេកវិទ្យា ផលិតផល និង​សេវាកម្មថ្មីៗជាច្រើន។

លោក ភួកហុង ចាន់ថាចាក់ (Phoukhong Chanthachack) ប្រធានសមាគម​ធនាគារអាស៊ាន ក៏បានលើក​ឡើងពី សារៈសំខាន់​នៃសន្និសីទ និងកិច្ចប្រជុំ​របស់​សមាគម​ធនាគារ​អាស៊ាននេះដែរថា នឹងផ្តល់​ឱកាសឲ្យ សមាជិក និងបណ្តា​ដៃគូអភិវឌ្ឍន៍​នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ អាចជួបពិភាក្សា និងផ្លាស់ប្តូរ​បទពិសោធន៍ ក្នុងន័យ​រួមគ្នាជំរុញ​ការអភិវឌ្ឍ​វិស័យធនាគារ និងហិរញ្ញវត្ថុ​នៅក្នុងតំបន់ តាមរយៈ​ប្រព័ន្ធឌីជីថល ព្រមទំាង​មានការផ្តល់​ឱកាសឲ្យ អ្នកជំនាញ​នៅក្នុង​វិស័យនេះ ចូលរួមបង្កើត​យុទ្ធសាស្រ្ត អភិវឌ្ឍន៍​បច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុងតំបន់ផងដែរ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា និងជា​ប្រធានសមាគម​ធនាគារ​កម្ពុជា

ទោះបីជាយ៉ាងណា ការអភិវឌ្ឍនេះ ក៏មានបញ្ហា​ប្រឈម​មួយចំនួនផងដែរ ហើយ​លោកបណ្ឌិត អាឡាដាំង ឌី រីឡូ (Aladdin D. Rillo) អគ្គលេខាធិការរង​ទទួល​បន្ទុកសហគមន៍​សេដ្ឋកិច្ចអាស៊ាន ក៏បានលើកឡើងដែរថា បណ្តាប្រទេស​ក្នុងតំបន់ មួយផ្នែក រួមមានទាំង កម្ពុជា និងមីយ៉ាន់ម៉ា ផងដែរនោះ នៅមាន​កម្រិតមូលដ្ឋាន​សេដ្ឋកិច្ចទាប ដែលអាចប្រឈម​នឹងបញ្ហា​ជាច្រើន នៅក្នុងបដិវត្តន៍​ឧស្សាហកម្ម ដូចជា បញ្ហាសន្តិសុខ​បច្ចេកវិទ្យា និងកង្វះខាត​ធនធានមនុស្ស​មានចំណេះ និងមានជំនាញ​បច្ចេកវិទ្យានេះ។

លោកបណ្ឌិត អាឡាដាំង ឌី រីឡូ (Aladdin D. Rillo) បន្ថែមថា កម្ពុជា ត្រូវតែ​ប្រុងប្រយ័ត្ន​បន្ថែមចំពោះ​ ផែនការអភិវឌ្ឍន៍​បច្ចេកវិទ្យាហិរញ្ញវត្ថុ និងត្រូវគិតអំពី ការជំរុញ​ល្បឿនអភិវឌ្ឍន៍ ឲ្យតាមទាន់​សម័យកាលថ្មីនេះ។

តបទៅនឹងការលើក​ឡើងនេះផងដែរ លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ដែរថា ការអភិវឌ្ឍន៍ទៅមុខ តែងតែជួ​បប្រទះបញ្ហា តែសម្រាប់វិស័យ​បចេ្ចកវិទ្យា​ហិរញ្ញវត្ថុ វាអាចជា​បញ្ហាប្រឈម​រយៈពេល​ខ្លីប៉ុណ្ណោះ តែគ្រប់គ្នាត្រូវជំនះ តាមរយៈការអភិវឌ្ឍ​ធនធានមនុស្ស និងសិក្សាចែក​រំលែកពី បណ្តាប្រទេស​ក្នុងតំបន់។

គួរបញ្ជាក់ដែរថា សន្និសីទធនាគារ​អាស៊ានលើកទី ២២ និង កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធនាគារ​អាស៊ាន​លើកទី៤៩ គឺជាកម្មវិធី​ដ៏ធំ និងជាលើក​ដំបូង​បង្អស់​មួយនៅកម្ពុជា ដែលនឹង​ប្រព្រឹត្តទៅ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកានេះ នៅរាជធានីភ្នំពេញ ដោយមានអ្នក​ចូលរួមជាង ៥០០នាក់ មកពីសមាគម​ធនាគារ​នៃប្រទេស​អាស៊ានទាំង ១០ និងអ្នកវិនិយោគ​ក្នុងវិស័យ​ធនាគារ អ្នកជំនាញការ​ផ្នែកបច្ចេកវិទ្យា​ឌីជីថល និងសេដ្ឋកិច្ចវិទូផងដែរ៕

None



អត្ថបទបន្ទាប់


រដ្ឋថៃបញ្ចេញ​ថវិកាជាង ២,៣ ពាន់លានដុល្លារ ដើម្បីទប់តម្លៃស្រូវកសិករនៅឆ្នាំនេះ កុំឲ្យធ្លាក់ថ្លៃ

នៅក្នុងខែវិច្ឆិកានេះ ជារដូវច្រូតកាត់ស្រូវប្រចាំឆ្នាំរបស់កសិករ ខណៈដែលការប្រមូលទិន្នផលរបស់កសិករក្នុងពេលជាមួយគ្នា ត្រូវបានគេមើលឃើញថា នឹងធ្វ…

វិស័យសំណង់បន្តរីកចម្រើនជាលំដាប់នៅរយៈពេល ១០ឆ្នាំចុងក្រោយនេះ

ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ វិស័យសំណង់កម្ពុជាបានបន្តរីកចម្រើនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត គឺសុទ្ធសឹងតែបានបង្ហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ