អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនជឿជាក់ថា តាមរយៈប្រព័ន្ធនេះ វាមិនត្រឹមតែជួយសម្រួលដល់ការធ្វើនាវាចររបស់កប៉ាល់ទំនិញនោះទេ តែវាក៏ជួយកាត់បន្ថយថវិកា ពេលវេលា ក៏ដូចជាភាពស្មុគស្មាញក្នុងការស្នើសុំបែបបទផងដែរ។
នាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីសារប្រយោជន៍នៃប្រព័ន្ធនេះ សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹក។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធនេះ វានឹងជួយកាត់បន្ថយភាពស្មុគស្មាញដល់កប៉ាល់ដឹកទំនិញផ្សេងៗក្នុងការស្នើសុំបែបបទ ដើម្បីចេញចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុងភ្នំពេញ។ ពោលគឺរាល់កប៉ាល់ដឹកទំនិញទាំងអស់ ដែលធ្លាប់តែបង់លុយ ឬស្នើសុំបែបបទជាឯកសារផ្ទាល់ អាចធ្វើកិច្ចការទាំងនេះតាមប្រព័ន្ធអេឡិចត្រូនិកតាមរយៈប្រព័ន្ធខាងលើ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកំពង់ផែនេះ វានឹងជួយសម្រួលកិច្ចការងារយ៉ាងច្រើនដល់ក្រុមហ៊ុនរកស៊ីដឹកជញ្ជូនទំនិញតាមផ្លូវទឹក តាមរយៈការជួយកាត់បន្ថយពេលវេលា ការចំណាយថវិកា និងការកកស្ទះកប៉ាល់នៅតាមកំពង់ផែ។ ក្នុងន័យនេះ រាល់កប៉ាល់ទឹកទំនិញទាំងអស់ ដែលបានស្នើសុំបែបបទតាមអនឡាញរួច អាចលើកដាក់ទំនិញបានភ្លាមៗពេលពួកគេបើកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឬក្រុងភ្នំពេញ ខណៈកន្លងមកកប៉ាល់ទាំងនេះត្រូវរត់ឯកសារសុំបែបបទផ្សេងៗ និងរង់ចាំការសម្រេចពីថ្នាក់លើ មុនអាចលើកដាក់ទំនិញ។
ពាក់ព័ន្ធការដាក់ឲ្យដំណើរការប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកំពង់ផែនេះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាយល់ឃើញថា ការដាក់ឲ្យដំណើរការប្រព័ន្ធនេះវាជាជំហានមួយដ៏ល្អសម្រាប់កម្ពុជាក្នុងការអាចឈានទៅឲ្យទាន់ប្រទេសក្នុងតំបន់ និងលើពិភពលោក ដែលបានប្រើប្រាស់ប្រព័ន្ធនេះជាយូរមកហើយនោះ។ តាមរយៈប្រព័ន្ធនេះ លោកឧកញ៉ា រំពឹងថា វានឹងរួមចំណែកជួយធ្វើឲ្យការដឹកជញ្ជូនទំនិញតាមកប៉ាល់កាន់តែមានភាពល្អប្រសើរ តាមរយៈការជួយកាត់បន្ថយការចំណាយ និងពេលវេលាក្នុងការស្នើសុំបែបបទផ្សេងៗ។
ទន្ទឹងនឹងនេះ ឯកឧត្តម Mikami Massahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាយល់ឃើញថា ការលើកកម្ពស់គុណភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ស្វយ័តក្រុងភ្នំពេញ វាជារឿងចាំបាច់សម្រាប់កម្ពុជាក្នុងចូលរួមស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាដើម្បីបង្ហាញកំពង់ផែទាំងនេះដល់ពិភពលោកក្នុងនាមជាកំពង់ផែលំដាប់អន្តរជាតិ។ សម្រាប់ ឯកឧត្តម ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលកម្ពុជារួមទាំងពិភពលោកកំពុងទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ការប្រើប្រាស់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ វាជារឿងមួយដ៏ល្អសម្រាប់ក្រុមហ៊ុនដឹកជញ្ជូន ដ្បិតពួកគេអាចស្នើសុំបែបបទតាមអេឡិចត្រូនិក និងដឹងពីពេលវេលានៃការចេញចូលកំពង់ផែ។ ឯកឧត្តមរំពឹងថា តាមរយៈគម្រោងនេះវានឹងជួយសម្រួល និងជំរុញឲ្យកំណើនការដឹកជញ្ជូនទំនិញចេញចូលកំពង់ផែទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀត។
បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែខាងលើ ត្រូវបានរៀបចំកាលពីអំឡុងខែមិថុនា ឆ្នាំ២០២០ ក្រោមជំនួយបច្ចេកទេស និងហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលជប៉ុនប្រមាណជាង១២លានដុល្លារ។ គោលបំណងនៃការរៀបចំប្រព័ន្ធនេះ គឺដើម្បីឆ្លើយតបនឹងកំណើនកប៉ាល់ដឹកទំនិញនៅតាមកំពង់ផែទាំងពីររបស់កម្ពុជា ដែលមានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ៕