ទេសចរណ៍

កម្ពុជារក​បាន​ចំណូល​ពី​ទេសចរណ៍​ច្រើន តែ​ធ្លុះ​ធ្លាយ​ទៅវិញ​ក៏​ច្រើន។ ​ហេតុអ្វី?


នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ទេសចរណ៍​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុកដាក់​ជ្រោម​ជ្រែង​ជា​ខ្លាំង ខណៈ​ដែល​វិស័យ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​មាស​បៃតង​របស់​កម្ពុជា។ យ៉ាង​ណា​ក៏​ដោយ របាយការណ៍​ចុង​ក្រោយ​មួយ​របស់​ធនាគារ​ពិភពលោក បាន​ឲ្យ​ដឹង​ថា ភាពធ្លុះធ្លាយ​ចំណូល​នៃ​វិស័យ​ទេសចរណ៍​នេះ​នៅតែ​ជា​កត្តា​ចាំបាច់​មួយ​ត្រូវ​យក​ចិត្ត​ទុកដាក់​អភិវឌ្ឍ ដើម្បី​ពង្រឹង​ចំណូល​ពី​ទេសចរណ៍​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។
ទេសចរណ៍​ដើរ​កម្សាន្ត​នៅ​មុខប្រាង្គ​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប ព្រះរាជាណាចក្រ​កម្ពុជា។
ដោយ

នៅ​ក្នុង​របាយការណ៍​នេះ មិន​បាន​បញ្ជាក់​ជាក់​លាក់​អំពី​ទំហំ​ទឹក​ប្រាក់​​ធ្លុះធ្លាយ​នៃ​​ចំណូល​ពី​វិស័យ​ទេសចរណ៍​​នោះទេ ប៉ុន្ដែ បើ​តាម​ការ​ព្យាករ​​ក្នុង​​របាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២០ កម្ពុជា​អាច​នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ ៧​លាន​នាក់ ដោយ​ក្នុង​នោះ ការ​ចំណាយ​របស់​ទេសចរ​អន្តរជាតិ​ទាំង​នោះ​អាច​នឹង​មាន​ប្រមាណ ៤៥០០​លាន​ដុល្លារ។

ក្នុង​ចំណូល​ទេសចរណ៍ ៤៥០០​លាន​ដុល្លារ​នេះ របាយការណ៍​បាន​បង្ហាញ​ជា​លក្ខខណ្ឌ​ពីរ ទី១ ប្រសិន​បើ​​ចំណូល​ដែល​បាន​ព្យាករ ជាមួយ​នឹង​កត្តា​បាត់បង់​ចំណូល​មាន ២៤% នោះ​កម្ពុជា​នឹង​អាច​នៅសល់​ចំណូល​បន្ទាប់​ពី​ការ​ធ្លុះធ្លាយ​ចំណូល​ទេសចរណ៍​ប្រមាណ ៣៤០០​លាន​ដុល្លារ។ ឬ ទី២ ប្រសិន​បើ​ចំណូល​ដែល​បាន​ព្យាករ​ជាមួយ​នឹង​កត្តា​បាត់បង់​មាន ១៨% នោះ​កម្ពុជា អាច​នឹង​នៅ​សល់​ចំណូល​បាន​ប្រមាណ ៣៧០០​លាន​ដុល្លារ។

លោក លី សូដេត សេដ្ឋកិច្ច​វិទូ​ជាន់​ខ្ពស់​នៃ​ធនាគារ​ពិភព​លោក បាន​លើក​ឡើង​ថា បើ​កម្ពុជា​អាច​រក្សា​កម្រិត​ធ្លុះធ្លាយ​នេះ​ឲ្យ​មក​នៅ​ត្រឹម​តិច​តួច ឬ​អាច​រក្សា​ចំណូល​ទេសចរណ៍​ឲ្យ​នៅ​បាន​ប្រមាណ ៨០% នៃ​ចំណូល​សរុប ដែល​ទទួល​បាន​បន្ទាប់​ពី​ការ​ធ្លុះ​ធ្លាយ នោះ​គឺ​ជា​រឿង​ដែល​ល្អ​បំផុត។ 

តាម​ការ​បញ្ជាក់​ពី​លោក លី សូដេត នៅ​មិន​ទាន់​មាន​របាយការណ៍​ថ្មីៗ​ជាក់លាក់​ណា​មួយ បង្ហាញ​ពី​ទំហំ​ធ្លុះធ្លាយ​នៃ​ចំណូល​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ឡើយ​ទេ ប៉ុន្ដែ បើ​តាម​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី កាល​ពី​ឆ្នាំ​២០០៥​កន្លង​មក បាន​រក​ឃើញ​ថា ការ​ធ្លុះធ្លាយ​នៃ​ចំណូល​វិស័យ​ទេសចរណ៍​របស់​កម្ពុជា មាន​ប្រមាណ ៤០% ខណៈ​ដែល​ប្រទេស​ថៃ មាន​ការ​ធ្លុះធ្លាយ​ប្រមាណ​តែ ៥% ប៉ុណ្ណោះ។

ភាព​ធ្លុះធ្លាយ​ក្នុង​កម្រិត​តិចតួច​របស់​ថៃ គឺ​ដោយសារ​ថៃ​មាន​ការផលិត​ក្នុង​ស្រុក​ច្រើន ហើយ​ការ​ចំណាយ​របស់​ទេសចរ គឺ​មិន​ត្រូវ​បាន​ហូរ​ចេញ​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​នោះ​ទេ។

ដោយ​ឡែក នៅ​កម្ពុជា​វិញ ជា​ប្រទេស​មិន​សូវ​មាន​ការ​ផលិត​ច្រើន​នោះ​ទេ ខណៈ​ដែល​ការ​នាំចូល​មាន​ច្រើន ដូច្នេះ ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​បរទេស បាន​ធ្វើ​ឲ្យ​ចំណូល​នោះ​ហូរ​ចេញ​ត្រឡប់​ទៅ​ក្រៅ​វិញ។ តួយ៉ាង ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​លើ​ថ្លៃ​យន្ដហោះ ក៏​ត្រូវ​បាន​ហូរ​ចូល​ទៅ​ក្រុមហ៊ុន​បរទេស​វិញ ការ​ស្នាក់នៅ​សណ្ឋាគារ ឬ​ទទួល​ទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ដែល​មាន​ម្ចាស់​ជា​ជន​បរទេស ក៏​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​ធ្លុះធ្លាយ​ចំណូល​នៃ​វិស័យ​ទេសចរណ៍​ដែរ។

លោក លី សូដេត បន្ថែម​ទៀត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ធ្លុះ​ធ្លាយ​ចំណូល​វិស័យ​ទេសចរណ៍​នេះ រាជ​រដ្ឋាភិបាល​គួរតែ​ចាប់​ផ្ដើម​គិតគូរ ដោយ​ការ​ជួយ​ផលិតករ ក៏​ដូចជា​អ្នក​ផ្គត់ផ្គង់​អាហារ សិប្បកម្ម និង​ទំនិញ សេវាកម្ម​ក្នុង​ស្រុក ដើម្បី​ចូលរួម​ក្នុង​សង្វាក់​តម្លៃ​ទេសចរណ៍ ពោល​គឺ​បង្កើន​ឲ្យ​មាន​ការ​ចំណាយ​ក្នុង​គោលដៅ​ទេសចរណ៍។

សូម​ជម្រាប​ថា តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក​ដដែល​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ចំណាយ​មធ្យម​របស់​ភ្ញៀវ​ទេសចរ​បរទេស​ម្នាក់ ដែល​ធ្វើ​ដំណើរ​កម្សាន្ដ​មក​កម្ពុជា អាច​មាន​ប្រមាណ ៦៥៥​ដុល្លារ ខណៈ​ដែល​ប្រទេស​ឡាវ​មាន​ប្រមាណ ១៩១​ដុល្លារ  ថៃ​មាន ១៤៨៨​ដុល្លារ និង​វៀតណាម មាន ៩២៥​ដុល្លារ។  

ចំណែកឯ រយៈពេល​ស្នាក់​នៅ​មធ្យម​របស់​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​កម្សាន្ដ​មក​កម្ពុជា​វិញ មាន​រយៈ​ពេល​ប្រមាណ ៦​ថ្ងៃ បើ​ធៀប​នឹង​ប្រទេស​ថៃ​និង​វៀតណាម គឺ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ស្នាក់​នៅ​កម្ពុជា​មាន​រយៈ​ខ្លី​ជាង៕

None



អត្ថបទបន្ទាប់


បបរ​ចិញ្ចើម​ផ្លូវ​ចូល​សង្កាត់​ទឹកថ្លា មនុស្ស​ប្រជ្រៀត​គ្នា​ចូល​ហូប ព្រោះ​ឆ្ងាញ់​និង​តម្លៃ​ទាប

នៅ​តាម​ផ្លូវ​តូច​មួយ​ចូល​ទៅ​សាលា​សង្កាត់​ទឹកថ្លា មាន​អ្នក​លក់​ដូរ​ជា​ច្រើន ដូចជា អ្នក​លក់​បង្អែម សាច់​អាំង ម្ហូប​អាហារ បន្លែ​ផ្លែ​ឈើ ន…

លក្ខណៈពិសេស ៥យ៉ាង ដែលធ្វើឲ្យស្ករត្នោតខ្មែរ ជាប់លេខ១ជាផលិតផលល្អបំផុតនៅអាស៊ាន

កម្ពុជា ជាប្រទេសតែមួយគត់ ដែលមានដើមត្នោតច្រើន ហើយប្រទេសនានាជុំវិញពិភពលោកមិនមានដូចកម្ពុជា។ ដើមត្នោត បានក្លាយជាអត្តសញ្ញាណរបស់ជនជាតិខ្មែរ។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ