ឯកឧត្តម យស មុនីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ប្រាប់ខេមបូណូមីសថា កម្ពុជានឹងនាំចេញរ៉ែមាសដែលមានមាសសុទ្ធចន្លោះពី ៨៥-៩០%ជាង១០០គីឡូក្រាមទៅលក់នៅប្រទេសអូស្ត្រាលីក្នុងពេលឆាប់ៗខាងមុខនេះ។ ខណៈបច្ចុប្បន្ន ក្រសួង បានរៀបចំបែបបទនាំចេញ ប្រគល់ជូនអគ្គនាយកដ្ឋានគយរួចហើយ។ នេះជាការនាំចេញរ៉ែមាសលើកទីពីរ បន្ទាប់ពីកម្ពុជាបាននាំចេញជិត៦០គីឡូក្រាមកាលពីពេលកន្លងទៅ ហើយបច្ចុប្បន្នមាសទាំងនោះកំពុងដាក់លក់នៅប្រទេសអូស្ត្រាលី។
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ទៀតថា មកទល់ពេលនេះក្រុមហ៊ុនចម្រាញ់រ៉ែមាសរបស់អូស្ត្រាលី រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ចម្រាញ់មាសពីតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានជាង២០០គីឡូក្រាមហើយ។ បើតាមហាងឆេងមាសអន្តរជាតិ តម្លៃមាស១គីឡូក្រាម លក់ចេញប្រហាក់ប្រហែល ៥ម៉ឺន៨ពាន់ដុល្លារអាមេរិក។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ឲ្យដំណើរការរោងចក្រចម្រាញ់មាសលក្ខណៈឧស្សាហកម្មលើកដំបូងនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សម្តេចអះអាងថា រោងចក្រដែលប្រតិបត្តិការដោយក្រុមហ៊ុនរបស់អូស្ត្រាលីមួយនេះអាចផលិតមាសសុទ្ធបានប្រមាណ៣តោនក្នុង១ឆ្នាំ ដែលរំពឹងថា នឹងអាចផ្តល់ចំណូលដុលជាមធ្យម១៨៥លានដុល្លារក្នុង១ឆ្នាំ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ក្រុមហ៊ុនរុករករ៉ែរបស់អូស្ត្រាលី Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនដំបូងគេ ដែលចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្មលំដាប់អន្តរជាតិនៅកម្ពុជា។ បន្ទាប់ពីក្រុមហ៊ុននេះអាចផលិតចេញដុំមាសពាក់កណ្តាលសម្រេចមានអត្រាមាស៩០% ក្រោយរុករកអស់រយៈពេលប្រមាណ១៤ឆ្នាំ៕