ការនាំចេញមាសកម្ពុជា

កម្ពុជាត្រៀមនាំចេញមាសជាង១០០គីឡូក្រាមបន្ថែមទៀត ទៅកាន់ទីផ្សារក្រៅប្រទេស


មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា មកទល់ពេលនេះកម្ពុជាចម្រាញ់មាសពីខេត្តមណ្ឌលគិរីបានជាង២០០គីឡូក្រាមហើយ ខណៈបច្ចុប្បន្នកម្ពុជាកំពុងរៀបចំនីតិវិធីដើម្បីនាំចេញមាសដំណាក់កាលទី២ ជាង១០០គីឡូក្រាមទៅកាន់ប្រទេសអូស្ត្រាលី។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែរូបនេះ កម្ពុជាបាននាំចេញមាសជិត៦០គីឡូក្រាមទៅកាន់ប្រទេសអូស្ត្រាលីម្តងរួចមកហើយកាលពីពេលកន្លងទៅ។
មាសដែលកម្ពុជាចម្រាញ់ពីខេត្តមណ្ឌលគិរី រូបភាព៖ ក្រសួងរ៉ែ និងថាមពល

ឯកឧត្តម យស មុនី​រ៉ាត់ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា កម្ពុជា​នឹង​នាំ​ចេញ​រ៉ែ​មាស​ដែល​មាន​មាស​សុទ្ធ​ចន្លោះ​ពី ៨៥-៩០%​ជាង​១០០​គីឡូក្រាម​ទៅ​លក់​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ ខណៈ​បច្ចុប្បន្ន ក្រសួង បាន​រៀបចំ​បែបបទ​នាំ​ចេញ ប្រគល់​ជូន​អគ្គនាយកដ្ឋាន​គយ​រួច​ហើយ​។ នេះ​ជា​ការ​នាំ​ចេញ​រ៉ែ​មាស​លើក​ទី​ពីរ បន្ទាប់​ពី​កម្ពុជា​បាន​នាំ​ចេញ​ជិត​៦០​គីឡូក្រាម​កាលពី​ពេល​កន្លង​ទៅ ហើយ​បច្ចុប្បន្ន​មាស​ទាំងនោះ​កំពុង​ដាក់​លក់​នៅ​ប្រទេស​អូស្ត្រាលី​។ 

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​បញ្ជាក់​ទៀត​ថា មក​ទល់​ពេល​នេះ​ក្រុមហ៊ុន​ចម្រាញ់​រ៉ែ​មាស​របស់​អូស្ត្រាលី រ៉ឺ​នេស​ង់ មី​នើ​រ៉​ល (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត Renaissance Minerals (Cambodia) Limited ចម្រាញ់​មាស​ពី​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ជាង​២០០​គីឡូក្រាម​ហើយ​។ បើ​តាម​ហាងឆេង​មាស​អន្តរជាតិ តម្លៃ​មាស​១​គីឡូក្រាម លក់​ចេញ​ប្រហាក់ប្រហែល ៥​ម៉ឺន​៨​ពាន់​ដុល្លារ​អា​មេ​រិ​ក​។ 

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​ចម្រាញ់​មាស​លក្ខណៈ​ឧស្សាហកម្ម​លើក​ដំបូង​នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ សម្តេច​អះអាង​ថា រោងចក្រ​ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​របស់​អូស្ត្រាលី​មួយ​នេះ​អាច​ផលិត​មាស​សុទ្ធ​បាន​ប្រមាណ​៣​តោន​ក្នុង​១​ឆ្នាំ ដែល​រំពឹង​ថា នឹង​អាច​ផ្តល់​ចំណូល​ដុល​ជា​មធ្យម​១៨៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​។

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ក្រុមហ៊ុន​រុករក​រ៉ែ​របស់​អូស្ត្រាលី Renaissance Minerals (Cambodia) Limited ជា​ក្រុមហ៊ុន​ដំបូង​គេ ដែល​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​លំដាប់​អន្តរជាតិ​នៅ​កម្ពុជា​។ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​អាច​ផលិត​ចេញ​ដុំ​មាស​ពាក់កណ្តាល​សម្រេច​មាន​អត្រា​មាស​៩០% ក្រោយ​រុករក​អស់​រយៈពេល​ប្រមាណ​១៤​ឆ្នាំ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជាត្រូវពង្រឹងសមត្ថភាពក្នុងការនាំចេញផលិតផលកសិកម្មដោយត្រង់ទៅទីផ្សារក្រៅប្រទេសដោយរបៀបណា?

ព័ត៌មាន
នៅមួយរយៈចុងក្រោយនេះ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាបានស្ទុះឡើងយ៉ាងខ្លាំង ប៉ុន្ដែក្នុងនោះ ការនាំចេញរបស់កម្ពុជាដោយត្រង់ទៅកាន់ទីផ្សារក្រ…

ក្រសួងការងារណែនាំឲ្យរោងចក្រធ្វើតេស្តរហ័សរកកូវីដ-១៩ ដល់កម្មករទាំងអស់ឱ្យបាន២ដងយ៉ាងតិចនៅមុនថ្ងៃទី១០ កញ្ញា

ព័ត៌មាន
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ទាំងអស់ត្រូវធ្វើតេស្តរហ័សកូវីដ-១៩ ដល់កម្មករទាំងអស់ឱ្យបាន ២ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ