ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា ពានរង្វាន់នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា ពិសេសកាន់តែធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ថែមមួយកម្រិតទៀត។
ប្រទេសកម្ពុជា បានទទួលពានរង្វាន់ពិភពលោកចំនួន២ ពីស្ថាប័ន World Travel Awards ជាជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍យុវជនឈានមុខគេ ក្នុងទ្វីបអាស៊ី ឆ្នាំ២០២២។ ពិធីប្រគល់ពានរង្វាន់ទាំងពីរនេះ ត្រូវបានធ្វើឡើងនាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ ខណៈមុនឈានដល់ការទទួលបានពានរង្វាន់ទាំងពីរនេះ ភ្ញៀវទេសចរប្រមាណ២លាននាក់ ជុំវិញពិភពលោក បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍វប្បធម៌ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេ ក្នុងទ្វីបអាស៊ីឆ្នាំ២០២២នេះ។
ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការទទួលបានពានរង្វាន់ភិភពលោកទាំងពីរនេះ ជាការបង្ហាញមុខមាត់ប្រទេសកម្ពុជា ថែមមួយកម្រិតទៀត ដល់ពិភពលោកកាន់តែស្គាល់ច្បាស់ពីវប្បធម៌ និងសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា។ លើសពីនោះ វាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញនិងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។
ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានបង្ហាញការសាទរ និងសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលបានពានរង្វាន់ពិភពលោក ពីស្ថាប័ន World Travel Awardsនេះ។ លោក ធួន ស៊ីណាន បានចាត់ទុកថានេះ គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់កម្ពុជា ហើយការទទួលបាននូវពានរង្វាន់ពិភពលោកខាងលើ មិនត្រឹមតែចូលរួមជំរុញវិស័យទេសចរកម្ពុជាឲ្យកាន់តែរីកចម្រើននោះទេ តែវានឹងកាន់តែធ្វើឲ្យកម្ពុជា បង្ហាញសក្ដានុពលរបស់ខ្លួន ថែមមួយកម្រិតទៀត ទៅដល់ពិភពលោក ផងដែរ។
យ៉ាងណាមិញ បើតាមឯកឧត្ដម ថោង រដ្ឋសក្តិអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា កត្តាដែលធ្វើឲ្យកម្ពុជា ទទួលបានពានរង្វាន់ពិភពលោកទាំងនេះគឺដោយតែរាជរដ្ឋាភិបាលកម្ពុជា មានវិធានការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩បានល្អ និងអាច ឲ្យកម្ពុជាបើកសង្គមនិងសេដ្ឋកិច្ចពេញលេញឡើងវិញ ពិសេសបានធ្វើឲ្យកម្ពុជាមានសន្ទុះចំនួនភ្ញៀវទេសចរអន្តរជាតិ ជិត១លាននាក់ កើនឡើងរហូត ៥៨០ភាគរយ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២។ តាមពិតទៅ មិនមែនមានតែប្រទេសកម្ពុជា នោះទេដែលទទួលបានពានរង្វាន់នេះ ក្នុងនោះ ក៏មានប្រទេសឥណ្ឌា ជប៉ុន ថៃ វៀតណាម និងប្រទេសដទៃទៀតសរុបចំនួន៣៥ប្រទេស ក៏ទទួលបានពានរង្វាន់នេះដែរ៕