បើតាមអ្នកជំនាញ និងអ្នកជំនួយឃើញយល់ថា ការបើកឲ្យដំណើរការតំបន់រមណីយដ្ឋានទេសចរណ៍ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយឡើងវិញ ជាសញ្ញាណវិជ្ជមានមួយក្នុងការឈានទៅស្តារវិស័យសេដ្ឋកិច្ច ដឹកជញ្ជូន និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាយល់ឃើញថា ការដកបម្រាមការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយវានឹងជួយឲ្យការដឹកជញ្ជូនទំនិញនៅតាមខេត្តមានលក្ខណៈល្អប្រសើរឡើងវិញ។ ប៉ុន្តែការដឹកជញ្ជូននៅតំបន់មួយចំនួន ក៏នៅតែបន្តរងការផលប៉ះពាល់ផងដែរ ដោយសារតំបន់ទាំងនោះនៅតែស្ថិតក្នុងបម្រាមបិទខ្ទប់នៅឡើយពិសេស នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
ជុំវិញនឹងចលនានៃដឹកជញ្ជូនទំនិញនេះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានមានប្រសាសន៍ថា វិធានការរបស់រាជរដ្ឋាភិបាលនេះ វានឹងចូលរួមមួយចំណែកក្នុងការជួយសម្របសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្មរបស់កសិករបានមួយកម្រិត។ ប៉ុន្តែការលក់ និងដឹកទំនិញកសិកផលរបស់ប្រជាពលរដ្ឋនៅតែអាចជួបបញ្ហាក្នុងការដឹកចូលក្នុងរាជធានីភ្នំពេញ ដោយសាររាជធានីភ្នំពេញ ដែលជាទីផ្សារផ្គត់ផ្គង់ និងលក់បន្លែ ផ្លែឈើ ត្រីសាច់ នៅតែបន្តបិទខ្ទប់នៅឡើយ។ទោះយ៉ាងណា ឯកឧត្តម វេង សាខុន ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្នខាងក្រសួងកសិកម្មរួមជាមួយជាមួយអាជ្ញាធរពាក់ព័ន្ធកំពុងដោះស្រាយបញ្ហាទាំងនេះ ដើម្បីសម្រួលឲ្យការដឹកជញ្ជូនបន្លែ ត្រីសាច់ អាចនឹងមានភាពប្រសើរជាងមុន។
ដោយឡែក អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ឯណោះវិញ គឺលោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាអះអាងថា ការសម្រេចរបស់រាជរដ្ឋាភិបាលឲ្យមានការធ្វើដំណើរចេញចូលឆ្លងខេត្ត និងតំបន់រម្មណីយដ្ឋានទូទាំងប្រទេសឡើងវិញនេះ សម្រាប់វិស័យទេសចរណ៍ គឺវាជាការរួមចំណែកតិចតួចប៉ុណ្ណោះក្នុងការជួយស្តារ និងផ្តល់ប្រាក់ចំណូលដល់អ្នករកស៊ីក្នុងវិស័យ។ មូលហេតុដែល លោកលើកឡើងបែបនេះ ដោយសារតែ រាជធានីភ្នំពេញ ដែលជាទីតាំងចែកចាយផលិតផល និងភ្ញៀវទេសចរនៅតែបន្តបិទខ្ទប់ ពុំទាន់មានការលើកលែងនៅឡើយទេ។ បើតាមជំនាញក្នុងវិស័យទេសចរណ៍រូបនេះ បានគូសបញ្ជាក់ទៀតថា វិស័យទេសចរណ៍នៅឆ្នាំ២០២១ មិនមានសញ្ញាណណាមួយបង្ហាញថា អាចមានភាពល្អប្រសើរជាងឆ្នាំ២០២០ នោះទេ។
គួររំលឹកថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានសម្រេចបិទតំបន់ទេសចរណ៍ទូទាំងប្រទេសរយៈពេល១៤ថ្ងៃ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានការកើនឡើងខ្លាំង។ មួយថ្ងៃបន្ទាប់ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើចរាចរណ៍ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ប៉ុន្តែនៅថ្ងៃទី២៥ ខែមេសា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យបើកដំណើរការតំបន់ទេសចរណ៍ទូទាំងប្រទេសឡើងវិញ និងលុបបម្រាមការហាមធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ក្នុងគោលបំណង ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ ដឹកជញ្ជូនទំនិញ និងស្តារសេដ្ឋកិច្ចជាដើម៕