ទឹកប្រាក់ដែលបានមកពីការនាំចេញអង្ករចំនួន ៤១៥លានដុល្លារអាមេរិក នេះគឺមានការកើនឡើងចំនួន ៤៣លានដុល្លារអាមេរិក ឬ ជិត ១២% បើធៀបទៅរយៈពេលដូចគ្នាក្នុង ឆ្នាំ ២០១៩ ដែលបាននាំចេញ គិតជាទឹកប្រាក់ត្រឹម ៣៧២លានតែប៉ុណ្ណោះ។
ក្នុងរយៈពេល១១ខែនេះដែរ កម្ពុជាបាននាំចេញអង្ករក្រអូប ចំនួន ៤៨ម៉ឺនតោន ឬស្មើនឹង៨០%នៃបរិមាណនាំចេញសរុប ដែលក្នុងនោះ អង្ករក្រអូបប្រណិត ប្រភេទម្លិះអង្គរ ត្រូវបាននាំចេញចំនួន ៥៥% អង្ករសែនក្រអូបចំនួន ២៥%។
ស្របពេលដែល ការនាំចេញអង្ករកើនឡើង ការរនាំចេញស្រូវរបស់កម្ពុជានៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាមឯណោះវិញ ក៏មានចំនួនច្រើនផងដែរ ពោលគិតមកទល់ថ្ងៃទី ៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ ការនាំចេញស្រូវមានបរិមាណសរុបចំនួនជិត ១លាន៨សែនតោន។
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិប្រមាណជិត៦៥ ពាន់តោន គិតជាទឹកប្រាក់ប្រមាណជិត៥០លានដុល្លារអាមេរិក។ ក្នុងនោះ បរិមាណនាំចេញអង្ករមានការកើនឡើង ជាង១៥% តែចំណូលនៃការនាំចេញអង្ករវិញបានធ្លាក់ចុះជាង១៣% ដោយសារតែតម្លៃលើទីផ្សារអង្ករក្រអូបមានការធ្លាក់ចុះជាបន្ដបន្ទាប់។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺ នៅក្នុងខែវិច្ឆិកា ការនាំចេញអង្ករទៅកាន់ប្រទេសចិន គឺមានដល់ទៅ ៦១% នៃការនាំចេញអង្ករសរុបរបស់កម្ពុជា និង២% បាននាំទៅកាន់ទីក្រុងហុងកុង ដែលមានបរិមាណសរុបប្រមាណ ៤ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ២៩លានដុល្លារអាមេរិក។
ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១១ខែកន្លងទៅនេះ មានចំនួន ៦០ ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន (រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វីបដទៃទៀតចំនួន ២៩ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។
សូមបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១១ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់។ ក្នុងនោះ ប្រទេសចិនឈរនៅលំដាប់ទី១ មានបរិមាណសរុបចំនួនជាង២៣ម៉ឺនតោន ស្មើនឹងជិត៤០% នៃបិរមាណនាំចេញអង្ករសរុប។ បន្ទាប់មក គឺសហភាពអ៊ឺរ៉ុបមានចំនួន ២៤ ប្រទេស មានបរិមាណសរុបចំនួនជិត១៩ម៉ឺនតោន ស្មើនឹងជាង ៣១% នៃបរិមាណនាំចេញអង្ករសរុប។ រីឯ បណ្ដាប្រទេសសមាជិកអាស៊ានមានបរិមាណសរុបជាង ៧៨ ពាន់តោន ស្មើនឹងជាង ១៣%៕