លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នការបញ្ជាទិញអង្ករពីកម្ពុជានៅមានការបញ្ជាទិញជាធម្មតា បើទោះបីស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែបន្តជះឥទ្ធិពលក៏ដោយ ប្រទេសចិននៅតែអាចគ្រប់គ្រងចំនួននៃការនាំចេញអង្ករពីកម្ពុជាបានរហូត ៣៨ភាគរយនៃទីផ្សារនាំចេញរបស់កម្ពុជា និងបន្ទាប់មកសហភាពអឺរ៉ុប ៣៤ភាគរយ ប្រទេសអាស៊ាន ១៣ភាគរយ និងបណ្តាប្រទេសផ្សេងៗទៀតមាន ១៥ភាគរយ។ តាមតួលេខនេះ បង្ហាញថា នៅដើមឆ្នាំនេះ កំណើននៃការនាំចេញអង្កររបស់កម្ពុជានៅរក្សាកំណើនមួយល្អដដែលទេ។ ប្រភេទអង្ករនាំចេញក្នុងខែឧសភា ឆ្នាំ២០២០ នេះគឺ ៨៨ភាគរយជាអង្ករក្រអូប និង៦ ភាគរយជាងអង្ករស។
លោកឧកញ៉ាបន្តថា បរិមាណនៃការនាំចេញអង្ករបានបង្ហាញពីកំណើនថមថយជាងឆ្នាំមុនបន្តិច ខណៈការបញ្ជាទិញមួយចំនួនត្រូវបានកាត់បន្ថយដោយសារតម្លៃអង្ករក្រអូបបានឡើងថ្លៃខ្ពស់ ស្របពេលដែលការផលិតរបស់កម្ពុជានៅរដូវចុងដៃនេះ គឺប្រមូលផលបានតិច។ លោកឧកញ៉ា ហ៊ុន ឡាក់ បន្ថែមទៀតថា ប្រភេទអង្ករនាំចេញក្នុងខែឧសភា ឆ្នាំ២០២០ នេះគឺ ៨៨ភាគរយជាអង្ករក្រអូប និង៦ ភាគរយជាងអង្ករស ប៉ុន្តែយ៉ាងណាអង្ករសក្នុងខែឧសភា មានការនាំចេញថយចុះរហូត ៥៦ភាគរយ បើធៀបនឹងខែឧសភាដូចគ្នាឆ្នាំ២០១៩ ដោយសារក្នុងអំឡុងខែឧសភាកម្ពុជាបានផ្អាកការនាំចេញអង្ករសមួយរយៈ ក្នុងរដូវកាលនៃការរីករាលដាលជំងឺកូវីដ-១៩។
របាយការណ៍បញ្ជាក់បន្ថែមថា បើទោះបីជាអង្ករកម្ពុជាត្រូវបង់ពន្ធនាំចូលទៅអឺរ៉ុបក៏ដោយ ក៏កំណើននៃការនាំចេញទៅអឺរ៉ុបមានសន្ទុះកើនឡើងខ្ពស់ជាង ៥១ ភាគរយ ដែលក្នុងនោះ ប្រទេសបារាំងជាប្រទេសនាំចូលធំជាងគេបង្អស់គឺមានបរិមាណ ៤,៥ម៉ឺនតោន ខណៈប្រទេសហូឡង់ ១,៤ម៉ឺនតោន និងអង់គ្លេសជិត ១ម៉ឺនតោន៕