ការនាំចេញអង្ករ

បញ្ហាការដឹកជញ្ជូនឡើងថ្លៃ និងកង្វះទូកុងតឺន័រ នៅតែជាកត្តារាំងស្ទះធំ សម្រាប់ការនាំចេញអង្ករកម្ពុជា


អ្នកជំនួញ និង អ្នកជំនាញនៅក្នុងវិស័យស្រូវអង្ករកម្ពុជាអះអាង តម្លៃដឹកជញ្ជូនឡើងថ្លៃ និងកង្វះទូកុងតឺន័រនៅតែជាបញ្ហាចោទ សម្រាប់ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ហើយបញ្ហានេះ នៅតែមិនទាន់មានដំណោះស្រាយនៅឡើយទេ ដែលវាបាននិងកំពុងធ្វើឲ្យការនាំចេញអង្ករកម្ពុជាកំពុងជួបបញ្ហាដាំក្បាលចុះកាន់តែខ្លាំង។ ជាក់ស្តែង នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១ ការនាំចេញអង្កររបស់កម្ពុជាមានការសម្រេចបានក្នុងទំហំទឹកប្រាក់ជាង ១៦៦លានដុល្លារ ក្នុងរបរិមាណអង្ករជាង២៣ម៉ឺនតោន ធ្លាក់រហូតដល់ជាង៣៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
ក្រុមហ៊ុនអូស្ត្រាលី ចាប់អារម្មណ៍ការវិនិយោគក្នុងវិស័យស្រូវអង្ករកម្ពុជា
ដោយ

ក្រុមអ្នកជំនាញ និង ជំនួញនៅក្នុងវិស័យស្រូវអង្ករកម្ពុជា អះអាង តម្លៃដឹកជញ្ជូនឡើងថ្លៃ បានក្លាយជាបន្ទុកធ្ងន់ធ្ងរមួយសម្រាប់វិស័យនាំចេញអង្ករនៅកម្ពុជា ហើយមិនមែនតែកម្ពុជាទេដែលកំពុងរងទុក្ខនេះ នៅប្រទេសថៃ និងវៀតណាមក៏កំពុងជួបញ្ហាប្រហាក់ប្រហែលគ្នានេះដែរ។

ជាក់ស្តែង របាយការណ៍ពីសហ័ពន្ធស្រូវអង្ករបានឲ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២០ តម្លៃសម្រាប់កុងតឺន័រទំហំ២០ហ្វីត ពីតំបន់អាស៊ីអាគ្នេយ៍ទៅសហគមន៍អឺរ៉ុប មិនលើសពី១.៥០០ដុល្លារនោះទេ ប៉ុន្ដែ មកដល់ត្រីមាសទី១នេះ តម្លៃកុងតឺន័រនេះ បានកើនឡើងដល់ទៅជិត៨ពាន់ដុល្លារ។ រីឯតម្លៃដឹកជញ្ជូនទៅអាមេរិកវិញ ក៏បានកើនឡើងពីជាង២.៥០០ ដុល្លារទៅដល់១ម៉ឺន៤ពាន់ដុល្លារផងដែរ ក្នុងមួយកុងតឺន័រទំហំ៤០ហ្វីត ហើយតម្លៃនេះត្រូវបានគេជឿថានឹងបន្ដកើនថែមទៀតនៅក្នុងខែមិថុនានេះ។

លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា តម្លៃថ្លៃដឹកជញ្ជូនអន្តរជាតិឡើងថ្លៃខ្ពស់ និងកង្វះទូកុងតឺន័រនេះ បច្ចុប្បន្នកំពុងក្លាយជាបញ្ហាចាក់ស្រេះ រកដំណោះស្រាយមិនទាន់ឃើញនៅឡើយទេ ដែលវាកំពុងធ្វើឲ្យបះពាល់ដល់ការនាំចេញអង្កររបស់កម្ពុជានៅដើមឆ្នាំ២០២១នេះ។ 

បើតាមការអះអាងកន្លងមករបស់លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មូលហេតុដែលធ្វើឲ្យកង្វះទូកុងតឺន័រ ដោយសារទុកុងតឺន័រទាំងនោះត្រូវបានកកស្ទះនៅតាមប្រទេសបញ្ជាទិញអង្ករពីកម្ពុជា ជាពិសេសប្រទេសនៅតំបន់អឺរ៉ុប។ អ្នកជំនាញរូបនេះបានវាយតម្លៃថា កត្តាដែលធ្វើឲ្យទូកុងតឺន័រកកស្ទះនៅតាមប្រទេសក្នុងតំបន់អឺរ៉ុប ដោយសារតម្រូវការសម្ភារប្រើប្រាស់ និងស្បៀងអាហារនៅប្រទេសទាំងនោះមានការកើនឡើងខ្លាំង ក្រោយស្ថានភាពកូវីដ-១៩ ហាក់មានភាពធូរស្បើយ។

បើតាមឧកញ៉ា សុង សារ៉ន មិនមែនមានតែកម្ពុជានោះទេ ដែលជួបបញ្ហានេះ ប្រទេសក្បែរខាងកម្ពុជារួមមានថៃ និងវៀតណាម ក៏ជួបបញ្ហាការនាំចេញអង្ករធ្លាក់ចុះ ដោយសារថ្លៃដឹកជញ្ជូនឡើងថ្លៃ និងកង្វះទូកុងតឺន័រនេះផងដែរ។

សម្រាប់ការនាំចេញអង្កររបស់កម្ពុជា នៅ៥ខែដំបូងនៅឆ្នាំ២០២១នេះ ប្រទេសចិននៅតែមានចំណែកទីផ្សារធំជាងគេបំផុត ពោលគឺមានដល់ទៅ ជិត៥២% ខណៈដែលទីផ្សារអឺរ៉ុបមានជាង២៥%។

គួររំឮកថា កាលពីឆ្នាំ២០២០ ការនាំចេញអង្ករសរុបរបស់កម្ពុជាសម្រេចបានជិត៧០ម៉ឺនតោន កើនឡើងជាង១០% បើធៀបនឹងឆ្នាំ២០១៩៕

None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រី​ទេសចរណ៍​ចុះទស្សនកិច្ច​គម្រោង​សាងសង់ ភូមិកីឡដ្ឋាន នៅក្បែរ​ពហុកីឡដានជាតិថ្មី

ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក…

កសិករថាថ្នាំជក់នៅតែមានតម្លៃល្អឆ្នាំនេះ ខណៈការនាំចេញថ្នាំជក់ធ្លាក់ចុះខ្លាំង

កសិករដាំដុះថ្នាំជក់នៅក្នុងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានអះអាងថា តម្លៃថ្នាំជក់នៅឆ្នាំនេះ លក់បាន​ថ្លៃជាងឆ្នាំមុនគ្រាន់បើ មួយ​គីឡូក្រាម​តម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ