ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងនៅចំពោះមុខ ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពសហព័ន្ធរុស្សីប្រចាំកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ នាពេលថ្មីៗនេះថា ប្រទេសកម្ពុជាទើបតែ ម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីខែតុលា កន្លងទៅនេះ។ ទន្ទឹមនឹងនេះ ដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណៈរដ្ឋកូរ៉េ ក៏ទើបតែបានបញ្ចប់ជុំទី៤ហើយដែរ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ នេះ។ មិនតែប៉ុណ្ណោះ កម្ពុជាក៏ទើបតែចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២០ថែមទៀតផង។
កិច្ចព្រមព្រៀងទាំងអស់នេះ ត្រូវបានឯកឧត្តម សុខ សុភ័ក្ត្រ អះអាងថា បាននិងកំពុងផ្តល់ទីផ្សារយ៉ាងធំទូលាយដល់កម្ពុជា។ ឯកឧត្តម បន្ថែមថា ស្ថិតក្នុងបរិការណ៍នេះ កម្ពុជាត្រូវការការវិនិយោគបន្ថែមទៀតពីសហព័ន្ធរុស្សី ពិសេសផ្នែកម៉ាស៊ីនធុនស្រាល និងមធ្យម ដើម្បីពង្រឹងវិស័យឧស្សាហកម្មកម្ពុជា សម្រាប់បង្កើនការប្រកួតប្រជែងក្នុងការនាំចេញ។ ក្នុងស្មារតីនេះ កម្ពុជាក៏បានបង្ហាញបំណងសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-រុស្សី ឲ្យបានឆាប់តាមដែលអាចធ្វើបានផងដែរ។
ទោះជាយ៉ាងណា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា បញ្ហារីករាលដាលនៃមេរោគ កូវីដ-១៩ ក៏បាននិងកំពុងបង្កការរាំងស្ទះដល់ការប្រើប្រាស់ ការបញ្ជាទិញ និងការដឹកជញ្ជូនទំនិញទូទាំងសកលលោក និងបានចូលរួមចំណែកយ៉ាងធំក្នុងការធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-រុស្សីធ្លាក់ចុះប្រមាណ ១៨% នៅ១០ ខែដើមឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា រុស្ស៊ី សម្រេចបានត្រឹមតែជាង ៥៥លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលមានការធ្លាក់ចុះដល់ទៅជាង៤០% ធៀបនឹងឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម៕