ការនាំចេញអង្ករ

កម្ពុជាកំពុងសិក្សាលទ្ធភាពកាត់បន្ថយចំណាយថ្លៃដើម ដើម្បីបង្កើនការនាំចេញអង្ករ


នៅចំពេលដែល ការនាំចេញអង្កររបស់កម្ពុជានៅដើមឆ្នាំ២០២១នេះ បានបង្ហាញពីការធ្លាក់ចុះនោះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថា ក្រសួងកំពុងពិនិត្យ និងសិក្សាលើលទ្ធភាពបន្ថែមទៀត ក្នុងការកាត់បន្ថយការចំណាយលើថ្លៃដើមក្នុងស្រុក ដើម្បីបង្កើនការនាំចេញអង្ករ និងពង្រឹងសមត្ថភាពប្រកួតប្រជែង ជាមួយនឹងបណ្តាប្រទេសនាំចេញអង្ករក្នុងតំបន់។ ជាមួយគ្នានេះ ក្រសួង ក៏គ្រោងស្នើសុំកូតាបន្ថែមពីចិន ក្នុងការនាំចេញអង្ករនៅឆ្នាំក្រោយៗផងដែរ។
ឃ្លាំងស្ដុកអង្ករ​នៅកម្ពុជា (http://www.amrurice.com.kh)
ដោយ

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានប្រាប់ខេមបូណូមីសថា ក្រសួងពាណិជ្ជកម្មកំពុងពិនិត្យ និងសិក្សាពីលទ្ធភាពក្នុងការជួយកាត់បន្ថយការចំណាយរបស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករបន្ថែមទៀត ពាក់ព័ន្ធការកែច្នៃ និងស្តុកទុកអង្ករនៅក្នុងស្រុក។ បន្ថែមលើនេះ ក្រសួងក៏គ្រោងស្នើសុំកូតាបន្ថែមពីចិន ដើម្បីជំរុញការប្រកួតប្រជែង និងបង្កើនការនាំចេញរបស់កម្ពុជាផងដែរ។

ឯកឧត្តមបានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានខេមបូណូមីសតាមតេឡេក្រាមដូច្នេះថា៖«ដើម្បីជំរុញភាពប្រកួតប្រជែងក្នុងការនាំចេញអង្ករ ក្រសួងកំពុងស្វែងរកការស្នើសុំពង្រីកកូតាបន្ថែមពីប្រទេសចិន សម្រាប់ឆ្នាំក្រោយៗ និងពិនិត្យលទ្ធភាពថែមទៀត ក្នុងការជួយកាត់បន្ថយចំណាយ ដែលជាថ្លៃដើម ដូចជាការចំណាយក្នុងស្រុកទាក់ទងនឹងការកែច្នៃ និងស្តុកទុក ការស្វះស្វែងរកការសម្របសម្រួលពីអ្នកបញ្ជាទិញនៅទីផ្សារអឺរ៉ុប ទាក់ទងការដឹកជញ្ជូនរួមមានការបង្កើនជើងនាវា ចំនួនកុងតឺន័រ និងការងារភស្តុភាកម្មពាក់ព័ន្ធផ្សេងទៀត»។

ពាក់ព័ន្ធការជួយកាត់បន្ថយការចំណាយនេះ ឯកឧត្តម ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា កន្លងមកក្រសួងពាណិជ្ជកម្មធ្លាប់បានជួយសម្របសម្រួលមួយកម្រិតរួចមកហើយ តាមរយៈកាត់បន្ថយកម្រៃសម្រាប់សេវានានា និងការបំពេញសេវារហ័សសម្រាប់ការស្នើសុំវិញ្ញាបនបត្រប្រភពដើមទំនិញ ឯកសារពាក់ព័ន្ធ និងកាត់បន្ថយថ្លៃសេវាតាមកំពង់ផែនាំចេញជាដើម។

គួរបញ្ជាក់ថា ការនាំចេញអង្កររបស់កម្ពុជានៅត្រីមាសទី១ក្នុងឆ្នាំ២០២១ សម្រេចបានជាង១៥ម៉ឺនតោន ធ្លាក់ចុះជាង៣៣% បើធៀបនឹងត្រីមាសទី១កាលពីឆ្នាំ២០២០។ បើតាមឯកឧត្តម ប៉ែន សុវិជាតិ មូលហេតុដែលធ្វើឲ្យការនាំចេញអង្កររបស់កម្ពុជាមានការធ្លាក់ចុះដោយសារថ្លៃដឹកជញ្ជូនឡើងថ្លៃ ខ្វះជើងនាវាដឹកជញ្ជូន និងទូកុងតឺន័រវេចខ្ចប់អង្ករសម្រាប់នាំចេញ។ 

ទោះបីយ៉ាងនេះក្តី ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាអាចធានានិងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកជញ្ជូនគ្រប់កូតាទៅកាន់ទីផ្សារប្រទេសចិន។ ហើយ ឯកឧត្តម សង្កេតឃើញថា ការបញ្ជាទិញអង្ករកម្ពុជារបស់ចិន នៅតែមានតម្រូវការខ្ពស់ ទោះបីបច្ចុប្បន្នពិភពលោកកំពុងជួបវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ។ ចិនជាទីផ្សារអង្ករធំជាងគេរបស់កម្ពុជា ក្នុងនោះអង្ករប្រមាណ៧០% ត្រូវបានចេញទៅចិន និងប្រមាណ៣០%នាំចេញទៅទីផ្សារផ្សេងៗ។  

បើតាមលោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជានៅក្នុងខែមេសា ឆ្នាំ២០២១ ការនាំចេញអង្កររបស់កម្ពុជាសម្រេចបានប្រមាណ ៥ម៉ឺនតោន មានការធ្លាក់ប្រមាណ ២ម៉ឺនតោន បើធៀបនឹងខែមេសា នៅឆ្នាំ២០២០ ដែលមានប្រមាណ ៧ម៉ឺនតោន។

ដោយឡែក សម្រាប់​ការនាំចេញអង្ករ​រយៈពេល​៤ខែ​ដំបូង​នៅឆ្នាំ២០២០១នេះ សម្រេចបានជាង​១៩ម៉ឺនតោន មានការធ្លាក់ចុះដល់ទៅជិត​៣៦% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ និងការដាក់បម្រាមធ្វើចរាចរណ៍ឆ្លងពីខេត្តមួយទៅខេត្តមួយ ដែលបានដកចេញកាលពីពេលថ្មីៗ ត្រូវបានគេមើលឃើញថា បានបង្កជាការរាំងស្ទះដល់ការនាំចេញអង្កររបស់កម្ពុជានៅក្នុងខែមេសានេះផងដែរ។ បើតាមឯកឧត្តម ប៉ែន សុវិជាតិ ការរាំងស្ទះនេះ ដោយសារបុគ្គលិកក្រុមហ៊ុនត្រួតពិនិត្យអង្ករសម្រាប់នាំចេញ ដែលស្នាក់នៅភ្នំពេញមិនអាចធ្វើដំណើរទៅបំពេញការងារបាន។ ប៉ុន្តែបញ្ហានេះ ត្រូវបានក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធដោះស្រាយរួចហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារទុរេនកំពតឆ្នាំនេះ រងផលប៉ះពាល់អ្វីខ្លះ នៅអំឡុងកូវីដ-១៩ កំពុងរាតត្បាតខ្លាំងក្លានេះ?

ព័ត៌មាន
រដូវកាលទុរេនកំពតបានមកដល់ហើយ ម្ចាស់ចំការទុរេនភាគច្រើននៅខេត្តកំពតឲ្យដឹងថា តម្លៃទុរេនមិនមានការប្រើប្រួលខ្លាំងទេនៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុ…

គម្រោងសាងសង់ព្រលានយន្ដហោះថ្មីៗ របស់កម្ពុជា មានការរាំងស្ទះដំណើរការអ្វីខ្លះ នៅអំឡុងពេលបិទខ្ទប់?

ព័ត៌មាន
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ