ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងកាលពីពេលថ្មីៗនេះថា ផ្លូវរថភ្លើងលើអាកាសនេះ បច្ចុប្បន្នកំពុងត្រូវបានសិក្សាដោយអង្គការ JICA របស់ជប៉ុន ដែលអាចនឹងប្រើប្រាស់រយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ ទើបអាចបញ្ចប់ការសិក្សានេះ។
ទោះយ៉ាងណា ឯកឧត្ដម ស៊ុន ចាន់ថុល មិនទាន់បានបញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងការសាងសង់ផ្លូវរថភ្លើងលើអាកាសនេះនៅឡើយទេ។ ប៉ុន្ដែ ឯកឧត្តមបានបង្ហើបឲ្យដឹងថា ផ្លូវរថភ្លើងនេះ មានប្រវែង ១៨គីឡូម៉ែត្រ ដែលមានការផ្ដល់ជំនួយពីរាជរដ្ឋាភិបាលជប៉ុន ជាមួយនឹងទំហំទឹកប្រាក់សាងសង់ប្រមាណ៨០០លានដុល្លារ ទៅ ១ពាន់ដុល្លារអាមេរិក។
ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានច្រានចោល ចំពោះព័ត៌មានដែលបានលើកឡើងថា គម្រោងផ្លូវរថភ្លើងនេះ ត្រូវបានលុបចោលដោយសារតែជប៉ុនមិនបានផ្ដល់ជំនួយ។ ការលើកឡើងបែបនេះ គឺការផ្សាភ្ជាប់ទៅនឹងរឿងនយោបាយ និងខុសពីការពិត ព្រោះរាជរដ្ឋាភិបាលជប៉ុន បានយល់ព្រមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជារួចហើយក្នុងការសាងសង់ផ្លូវរថភ្លើងលើអាកាសនេះ។ រាជរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា និងជប៉ុន ក៏បានជួបគ្នាពិភាក្សារឿងនេះ ពីរដងរួចមកហើយ និងគ្រោងនឹងជួបពិភាក្សាគ្នាម្ដងទៀត នៅខែមិថុនានេះ ដើម្បីជជែក និងសិក្សាលម្អិតពីរឿងសាងសង់ផ្លូរថភ្លើងលើអាកាសនេះ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល។
បើតាមការគូសបញ្ជាក់ពី រដ្ឋមន្ត្រីដ៏មានប្រជាប្រិយភាពរូបនេះ បានឲ្យដឹងទៀតថា សម្រាប់ផ្លូវរថភ្លើងលើអាកាសប្រវែង ១៨គីឡូម៉ែត្រនេះ ក៏មានទីតាំងមួយចំនួនត្រូវសាងសង់ទម្លុះចូលទៅក្រោមដីផងដែរ ពោលគឺទីតាំងនៅក្បែរព្រលានយន្ដហោះ ប្រវែង៤គីឡូម៉ែត្រ នឹងត្រូវសាងសង់នៅក្រោមដី ដោយសារតែនៅក្បែរព្រលានយន្ដហោះ ជាទីតាំងមិនសូវអំណោយផលសម្រាប់ការសាងសង់នៅលើអាកាស។ ដូច្នេះ ផ្លូវរថភ្លើងលើអាកាសនេះ មានប្រវែង ១៤គីឡូម៉ែត្រ នឹងសាងសង់ឡើងនៅលើអាកាស និង ៤គីឡូម៉ែត្រផ្សេងទៀត នឹងសង់នៅក្រោមដី។
ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឲ្យដឹងទៀតថា ក្រៅពីគម្រោងរថភ្លើងលើអាកាស ដែលជប៉ុនគ្រោងនឹងសាងសង់នេះ ក៏មានក្រុមហ៊ុនចិនមួយទៀត ក៏ចង់ស្នើសុំរាជរដ្ឋាភិបាល ក្នុងការសិក្សាសាងសង់ផ្លូវរថភ្លើងលើអាកាសនេះដែរ ដោយប្រើបច្ចេកទេសថ្មីប្លែកពីជប៉ុន ពោលគឺជាផ្លូវរថភ្លើងដែលមានផ្លូវថ្ពក់ជាប់នៅខាងលើរថភ្លើងតែម្ដង ហើយខាងរាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យបន្ថែមទៅលើការស្នើសុំនេះ។ គម្រោងស្នើសុំសិក្សារបស់ក្រុមហ៊ុនចិននេះ គឺជាការវិនិយោគឯកជនសុទ្ធសាធ មិនមានជំនួយ ឬការផ្ដល់កម្ចីផ្លូវរដ្ឋនោះឡើយ។
គួរជម្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ ក៏បានតភ្ជាប់ផ្លូវរថភ្លើងឡើងវិញ ពីរាជធានីភ្នំពេញ ទៅបណ្ដាខេត្តនានាផងដែរ។ មិនតែប៉ុណ្ណោះ ផ្លូវរថភ្លើងកាត់ពាក់កណ្ដាលផ្លូវ (Tramway) តភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ក៏ទើបបានដាក់ឲ្យដំណើរការនៅកម្ពុជា ជាលើកដំបូង ដែលវាជាបទពិសោធន៍ថ្មីមួយសម្រាប់ប្រជាពលរដ្ឋ។