ទោះជាយ៉ាងនេះក្ដី អ្នកជំនាញនៅក្នុងវិស័យមូលបត្រកម្ពុជា គូសបញ្ជាក់ថា នៅក្នុងបញ្ហាដែលកំពុងកើតមាននេះ ក៏អាចបង្កប់នូវ ឱកាសសម្រាប់ការវិនិយោគដែរ ហើយលោករំពឹងថា វិបត្តិមេរោគដ៏កាចសាហាវនេះ នឹងត្រូវបានដោះស្រាយកាន់តែឆាប់ កាន់តែល្អ ដែលនឹងអនុញ្ញាតឲ្យ សេដ្ឋកិច្ចប្រទេសកម្ពុជា អាចមានភាពប្រសើរឡើងវិញ និងរីកចម្រើនទៅមុខទៀត។
ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ប្រាប់ដល់ឲ្យដឹងថា ក្រោយពេលដែល វិបត្តិមេរោគកូវីដ១៩ កើតមានតាំងពីចុងឆ្នាំ ២០១៩មក បានធ្វើឲ្យ សេដ្ឋកិច្ច ប្រទេសកម្ពុជា ចាប់ផ្តើមជាប់គាំងបន្តិចម្តងៗ ហើយក្នុងនោះ វិស័យមូលបត្រកម្ពុជា ក៏រងផលប៉ះពាល់ផងដែរ ដោយ វិនិយោគិន ចាប់ផ្តើមផ្អាកសកម្មភាពជួញដូរ ហើយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជី ក៏មានការធ្លាក់ចុះខ្លាំង ជាពិសេសនៅពាក់កណ្តាលខែកុម្ភៈ ហើយបន្តនៅទ្រឹងរហូតមកទល់ខែមីនា ដោយពុំមានសញ្ញាណកើនឡើងវិញឡើយ។
ទោះយ៉ាងណា អ្នកជំនាញអះអាងថា ក្នុងពេលដែលតម្លៃភាគហ៊ុន ថយចុះ ដោយសារវិបត្តិមេរោគនេះ ក៏ជាឱកាសសម្រាប់វិនិយោគិន អាចរកផលចំណេញ ដោយចេះតាមដានវាយតម្លៃ និងសម្លឹងមើលទៅលើ ការវិវត្តន៍ខ្លួនរបស់ក្រុមហ៊ុន ក្រោយពេលវិបត្តិមេរោគ ត្រូវបានដោះស្រាយ។
ថ្វីបើ វិបត្តិមេរោគកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន និងសាធារណជន លោកអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា សង្ឃឹមថា តួអង្គថ្មីនៅក្នុងវិស័យមូលបត្រកម្ពុជា គឺធនាគារអេស៊ីលីដា ដែលកំពុងបន្តនីតិវិធីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនេះ អាចទទួលបានការគាំទ្រ និងទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាវិនិយោគិន ឲ្យងាកមកមើលទីផ្សារហ៊ុន បន្ថែមទៀត។
លើសពីនេះទៅទៀត វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏មានអាចបង្កជាការរាំងស្ទះដល់ ការចូលរួមរបស់វិនិយោគិន និងប៉ះពាល់ដល់សកម្មភាពអាជីវកម្មមួយចំនួនផងដែរ ជាហេតុបណ្តាលឲ្យមានការព្រួយបារម្ភចំពោះ ក្រុមហ៊ុនដែលមានបំណងចុះបញ្ជីថ្មី នៅក្នុងឆ្នាំ ២០២០ អាចនឹងពន្យារពេល ៣ ឬ ៤ខែរហូតដល់ឆ្នាំ ២០២១ខាងមុខ អាស្រ័យទៅលើ ទំហំនៃផលប៉ះពាល់នៃ វីរុសកូវីដ១៩ ទៅលើ អាជីវកម្មរបស់ពួកគេ។
យ៉ាងណាក៏ដោយ ទីផ្សារមូលបត្រកម្ពុជា ពុំបានបង្ហាញពីសញ្ញាណាមួយ ថាអាចនឹងត្រូវផ្អាកដំណើរការមួយរយៈ ដោយសារមេរោគកូវីដ១៩ នោះទេ ព្រោះការបិទទ្វារអាជីវកម្ម អាស្រ័យទៅលើការសម្រេចចេញពី ប្រព័ន្ធការងារ Ecosystem ដែលមានភាគីពាក់ព័ន្ធច្រើនដូចជា រាជរដ្ឋាភិបាលកម្ពុជា ធនាគារពាក់ព័ន្ធ ក្រុមហ៊ុនចុះបញ្ជី ក្រុមហ៊ុនទីផ្សារមូលបត្រកម្ពុជា និងជាពិសេសគឺ សាធារណជនដែលជា វិនិយោគិន ហើយបើសិនជាមានភាគីណាមួយ ក្នុងចំណោមខាងលើ សម្រេចផ្អាកដំណើរការ ទើបឈានទៅដល់ការផ្អាកដំណើរការទីផ្សារមូលបត្រកម្ពុជា។
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា រំពឹងថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងរាជរដ្ឋាភិបាល និងសាធារណជន នឹងចូលរួមដោះស្រាយបញ្ហាមេរោគកូវីដ១៩ ទាំងអស់គ្នា ហើយសង្ឃឹមថា បញ្ហានេះ នឹងត្រូវបានគ្រប់គ្រង ក្នុងពេលឆាប់ៗខាងមុខ ដើម្បីបញ្ចៀសបញ្ហានានា ដែលអាចធ្វើឲ្យប៉ះពាល់ដល់ អាយុជីវិតប្រជាពលរដ្ឋ ហើយសេដ្ឋកិច្ចប្រទេសកម្ពុជា អាចដំណើរការឡើងវិញបាន៕