ឯកឧត្តម ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ប្រាប់ខេមបូណូមីសនៅថ្ងៃទី ១៧ ខែឧសភាថា ក្រុមហ៊ុនរុករក និងបូមប្រេងរបស់សិង្ហបុរី KrisEnergy នឹងនាំចេញប្រេងរបស់កម្ពុជាទៅលក់នៅលើទីផ្សារអន្តរជាតិនៅអំឡុងខែឧសភា នេះហើយ។ ក្នុងដំណាក់កាលដំបូងនេះ ក្រុមហ៊ុន KrisEnergy គ្រោងនាំចេញប្រេងឆៅក្នុងបរិមាណចន្លោះពី២៧ម៉ឺនបារែល ទៅ៣០ម៉ឺនបារែល។ បរិមាណប្រេងនាំចេញនេះ វាប្រែប្រួលទៅតាមការវាស់វាល់ជាក់ស្តែង។
ទោះយ៉ាងណា ឯកឧត្តម ជៀបសួរ មិនបានបញ្ជាក់នោះទេ ថាតើការនាំចេញប្រេងឆៅលើកដំបូងរបស់កម្ពុជានេះ នឹងត្រូវបានដឹកទៅកាន់ទីផ្សារប្រទេសណាខ្លះ? ហើយលក់ក្នុងតម្លៃប៉ុន្មាននោះ?
ប៉ុន្ដែ បើយើងមើលទៅលើតម្លៃទីផ្សារប្រេងឆៅនៅលើទីផ្សារអន្តរជាតិដូចជាអាមេរិក គិតត្រឹមថ្ងៃទី ១៧ ខែឧសភា មានតម្លៃជាង៦៥ដុល្លារអាមេរិកក្នុងមួយបារែល ខណៈដែលតម្លៃប្រេងឆៅនៅអង់គ្លេសវិញមានជាង៦៨ដុល្លារក្នុងមួយបារែល។
បើតាមឯកឧត្តម ជៀប សួរ ទោះបីក្រុមហ៊ុន KrisEnergy បរាជ័យក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនជាមួយធនាគារ DBS របស់សិង្ហបុរី ដោយសារមិនអាចបំពេញតាមលក្ខខណ្ឌ ដែលបានចែងពាក់ព័ន្ធនឹងសមត្ថភាពទាញយកប្រេងនៅកម្ពុជាក៏ដោយ តែវាមិនទាន់ឃើញមានផលប៉ះពាល់ដល់ការបូមប្រេងនៅកម្ពុជានោះទេ ខណៈបច្ចុប្បន្នក្រុមហ៊ុនសិង្ហបុរីមួយនេះ កំពុងស្វែងរកប្រភពទុនបន្ថែមទៀត និងរៀបចំយុទ្ធសាស្ត្រក្នុងការទាយយកប្រេងពីអណ្តូងប្រេងរបស់កម្ពុជា។
គួររំលឹកថា កម្ពុជាទទួលបានដំណក់ប្រេងដំបូងរបស់ខ្លួនកាលពីចុងខែធ្នូ ឆ្នាំ២០២០។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងកន្លងមកថា ចំណូលដែលបានពីការលក់ប្រេងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់លើវិស័យអាទិភាពចំនួនពីរ គឺអប់រំ និងសុខាភិបាល៕