វិស័យទេសចរណ៍កម្ពុជា

អ្នកជំនាញស្នើឱ្យលុបបំបាត់ទម្លាប់យកប្រាក់ក្រៅផ្លូវការពីភ្ញៀវទេសចរ


ការទារប្រាក់ពីភ្ញៀវនៅតាមអាកាសយានដ្ឋាន និងនៅតាមច្រកព្រំដែន ព្រមទាំងអំពើមិនស្មោះត្រង់មួយចំនួនទៀត ត្រូវបានអ្នកជំនាញខាងវិស័យទេសចរណ៍ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវបោសសម្អាតជាបន្ទាន់ ដ្បិតករណីនេះគឺជាដើមហេតុដែលធ្វើឱ្យកម្ពុជារងផលប៉ះពាល់ដល់កិត្តិនាម និងជាការរាំងស្ទះដល់ជនបរទេសមិនចង់មកលេងកម្សាន្តនៅកម្ពុជា។
ករណីទារប្រាក់ពីជនបរទេស ជាដើមហេតុមួយរាំងស្ទះដល់វិស័យទេសចរណ៍
ដោយ

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា យន្តការសម្រួលឱ្យជនបរទេសចូលមកលេងកម្ពុជា ដោយការប្រើត្រឹមឯកសារអត្តសញ្ញាណប័ណ្ណ មិនមែនជាដំណោះស្រាយល្អក្នុងការទាក់ទាញអ្នកទេសចរនោះទេ ដ្បិតថា ជនបរទេសភាគច្រើនចូលមកកម្ពុជាតាមរយៈលិខិតឆ្លងដែន។ ប៉ុន្តែអ្វីដែលចាំបាច់ក្នុងការឆ្លើយតប និងចាត់វិធានការបន្ទាន់នោះ គឺលុបបំបាត់កុំឱ្យមានបទឧក្រិដ្ឋកើតឡើងនៅកម្ពុជា និងបង្កើនការផ្សព្វផ្សាយពីគោលដៅទេសចរណ៍តាមប្រព័ន្ធឌីជីថលឱ្យបានខ្លាំង។

អ្នកជំនាញរូបនេះស្នើឱ្យមន្រ្តីស្ថានទូតកម្ពុជា នៅតាមប្រទេសផ្សេងៗបង្កើនការធ្វើការលើរឿងទេសចរណ៍ឱ្យកាន់តែខ្លាំងទ្វេដង ហើយក្រសួងទេសចរណ៍ គួរពិនិត្យមើលគោលនយោបាយយុទ្ធសាស្រ្តទេសចរណ៍របស់ខ្លួន ដោយយកចំណុចណាមួយមកអនុវត្តឱ្យបានលឿន ដើម្បីឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន និងការពិនិត្យឡើងវិញតាមរយៈការផ្ដល់ជូនលក្ខខណ្ឌពិសេសដល់ជនបរទេស អំពីការស្នាក់នៅក្នុងរយៈពេលណាមួយ និងការសម្រួលទិដ្ឋាការ ព្រមទាំងសម្រួលបែងចែកតម្លៃសំបុត្រចូលទស្សនាតំបន់ទេសចរណ៍។

ទន្ទឹមនឹងនេះ លោក ធួន ស៊ីណាន ស្នើឱ្យរាជរដ្ឋាភិបាលចុះត្រួតពិនិត្យ និងបោសសម្អាតករណីមន្រ្តីទារប្រាក់ពីភ្ញៀវនៅតាមព្រលានយន្តហោះ និងតាមព្រំដែន ក៏ដូចជាលុបបំបាត់ភាពអាណាធិបតេយ្យ ដែលជ្រកក្រោមសេវាកម្មទេសចរណ៍ពីរដ្ឋនិង​ឯកជន ដែលគេងចំណេញ និងបង្កផលប៉ះពាល់ដល់ភ្ញៀវទេសចរ​។ អ្នកជំនាញរូបនេះជឿជាក់ថា វិស័យទេសចរណ៍កម្ពុជានឹងកាន់តែមានភាពប្រកួតប្រជែង និងងើបឡើងវិញមួយកម្រិតទៀត ប្រសិនបើរាជរដ្ឋាភិបាលអាចលុបបំបាត់បញ្ហាទាំងនេះបាន។ ​

ជុំវិញវិស័យទេសចរណ៍នេះដែរ ឯកឧត្តម តុប សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ក្រសួងកំពុងយកចិត្តទុកដាក់ក្នុងការស្វែងរកនូវយន្តការណាមួយឱ្យសមស្របសម្រាប់ដោះស្រាយលើវិស័យទេសចរណ៍ ព្រោះករណីភាគច្រើនជាកិច្ចការ ដែលស្ថិតក្នុងអន្តរស្ថាប័ន ហើយក្រសួងនឹងលើកយកបញ្ហាផ្សេងៗ ព្រមទាំងដំណោះស្រាយនានា ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។​

សូមរំលឹកថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងពីស្ថានភាពពុំទាន់ល្អប្រសើរនៃវិស័យទេសចរណ៍របស់កម្ពុជា និងប្រទេសក្បែរខាង និងបានបញ្ជាឱ្យឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ពិនិត្យលើយន្តការ ដែលបានដាក់ចេញកន្លងមក ក្នុងនោះក៏មានការសម្រួលឯកសារចេញចូលរបស់ភ្ញៀវបរទេសតាមច្រកទ្វារព្រំដែនផងដែរ។បើតាមសម្ដេច ហ៊ុន ម៉ាណែត ការជំរុញបែបនេះនឹងជួយសម្រួលដល់ការធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរបរទេសសំដៅជួយបង្កើនចំនួនភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជា៕

អត្ថបទ ៖ បូ ដូឡា

None



អត្ថបទបន្ទាប់


ចិន ឈរលេខ១ លើគម្រោងវិនិយោគនៅកម្ពុជា នារយៈពេល៩ខែ ឆ្នាំ២០២៣

ស្ថានភាពវិនិយោគនៅកម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់ បើទោះបីសេដ្ឋកិច្ចកម្ពុជា និងសកលលោកបន្តស្ថិតក្នុងភាពមិនច្បាស់លាស់នៃការងើបឡើ…

ក្រុមសកម្មប្រយុទ្ធ ហេស្សប៊ូឡា បើកការបាញ់ប្រហារលើអ៊ីស្រាអែល

ក្រោយមានការបាញ់ប្រហារមិនធ្លាប់មានទៅលើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនកាលពីថ្ងៃសៅរ៍ ក្រុមឧន្ទាមដ៏មានឥទ្ធិពលមួយក្នុងប្រទេសលីប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ