សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ការមកដល់នូវវីរុសបំប្លែងថ្មីប្រភេទឌែលតា(Delta)ដែលមានសមត្ថភាពនៃការឆ្លងបានយ៉ាងលឿនជាងមុន និងបង្កជាជំងឺកូវីដ១៩ធ្ងន់ធ្ងរ ជាងមុននោះបានធ្វើឲ្យរាជរដ្ឋាភិបាលព្រមទាំងក្រសួងពាក់ព័ន្ធទាំងអស់ជាពិសេសក្រសួងសុខាភិបាលចេញនូវយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលអំពីការយល់ដឹង គ្រោះថ្នាក់នៃមេរោគកូវីដ១៩គឺទាមទាមទារឲ្យមានការប្រឹងប្រែង និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាខ្លាំងបំផុត នៅក្នុងដំណាក់កាលនេះ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ និងទប់ស្កាត់ការធ្លាយចូលក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ប្រភេទថ្មី ឌែលតា(Delta) នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងស្ថានភាពនេះ ក្រសួងសុខាភិបាលបានចាត់ទុកថា ការចូលរួមរបស់បុគ្គលម្នាក់ៗ គ្រួសារនីមួយៗ សហគមន៏ ព្រមទាំងស្ថាប័ន និងវិស័យឯកជនទាំងអស់ក្នុងប្រទេសកម្ពុជាត្រូវចូលរួមក្នុងការអនុវត្តនូវវិធានការការបង្ការ និងការពារពីមេរោគកូវីដ១៩ឲ្យបានល្អ ព្រោះវាជាគឺជាគន្លឹះដ៏សំខាន់តែមួយគត់ ដើម្បីចូលរួមកាត់បន្ថយការឆ្លងរាលដាល និងបានជួយជំរុញលើទឹកចិត្តប្រជាជនក្នុងការប្រកាន់ខ្ជាប់នូវវិធានការសុវត្តិភាពផ្នែកសុខាភិបាល ជាពិសេសវិធានការ ៣ការពារ និង៣កុំ។
ដើម្បីបញ្ឆៀសនូវការរីករាលនៃជំងឺកូវីដ១៩ ប្រភេទថ្មី បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវតែបន្ដយកចិត្តទុកដាក់រក្សាអនាម័យឲ្យបានស្អាតជាប្រចាំ ការប្រើប្រាស់ម៉ាស់ការពារ ការលាងដៃជាមួយសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ និងវិធានអនាម័យសម្រាប់ការរស់នៅជាប្រចាំថ្ងៃផងដែរ។
សូមបញ្ជាក់ថា ដោយគិតមកត្រឹមថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជាមានចំនួនអ្នកឆ្លងសរុបប្រមាណជាង៧ម៉ឺន៣ពាន់នាក់ហើយ ករណីជាសះស្បើយសរុបមានជាង៦ម៉ឺន៥ពាន់នាក់ និងករណីស្លាប់សរុបជាង ១,៣០០នាក់។ បើមើលទៅលើសម្ទុះនៃការចាក់វ៉ាក់សាំងវិញ គិតត្រឹមថ្ងៃទី ២៥ ខែកក្កដា កម្ពុជាមានអ្នកចាក់វ៉ាក់សាំងកូវីដ-១៩សរុបជាង៦លាន៧សែននាក់ អ្នកចាក់បានគ្រប់២ដូសមានជាង៤លាន៤សែននាក់ តាមតួលេខនេះ បង្ហាញឲ្យឃើញថា កម្ពុជាសម្រេចបានផែនការចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ជាង៦៧%ហើយ នៃផែនការចាក់វ៉ាក់សាំង១០លាននាក់៕
អត្ថបទ៖ ហួន ស្រីនីត