អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី Emily Zeeberg បាននិយាយនៅថ្ងៃសុក្រ ទី២៨ ខែមិថុនានេះ ថា មានពីរករណីដែលក្រុមហ៊ុននៅតំបន់សេដ្ឋកិច្ចពិសេស បានត្រូវបានរកឃើញថា បានព្យាយាមយកទំនិញផលិតនៅប្រទេសចិនមកកម្ពុជា ហើយនាំចេញទៅអាមេរិក កាលពីឆ្នាំ២០១៧។
យោងតាមលោកស្រី Emily Zeeberg ទំនិញទាំងនោះ រួមមាន ប្រភេទបំពង់ទឹកដែក និងប្រភេទគីមីម្យ៉ាង។
លោកស្រី Emily Zeeberg បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉េល យ៉ាងដូច្នេះថា ៖ «ក្នុងពីរករណីនេះ មន្រ្តីសហរដ្ឋអាមេរិកបានធ្វើការត្រួតពិនិត្យនៅនឹងកន្លែង នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយបានកំណត់ថា ទោះបីដាក់ជាទំនិញកម្ពុជាក៏ដោយ ទំនិញទាំងនោះមានប្រភពដើមពីចិននៅពេលនាំចូលទៅសហរដ្ឋអាមេរិក។»
លោកស្រី Emily Zeeberg បាននិយាយបន្តថា«យើងសូមអំពាវនាវដល់អាជ្ញាធររដ្ឋាភិបាលកម្ពុជាឱ្យពិនិត្យឱ្យបានម៉ត់ចត់នូវបញ្ហាអភិបាលកិច្ចនិងការអនុលោមតាមច្បាប់នៅតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ។»
ក្នុងសប្តាហ៍នះដែរ ក្រសួងពាណិជ្ជកម្មកម្ពុជាក៏បានចុះត្រួតពិនិត្យនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយបានចេញការបដិសេធចំពោះការលើកឡើងរបស់មន្រ្តីនាំពាក្យស្ថានទូតអាមេរិក ដែលបានអះអាងថា ក្រុមហ៊ុនមួយចំនួនបានបំពានបំរាមគយរបស់អាមេរិក។
ក្រសួងពាណិជ្ជកម្ម បាននិយាយថា ការលើកឡើងរបស់មន្រ្តីស្ថានទូតអាមេរិកប្រាប់ វិទ្យុ អាស៊ីសេរី ថា ក្រុមហ៊ុនទាំងនេះបានបញ្ជូនទំនិញពីចិន ដូចជា អាស៊ីតអាមីណូ ម្សៅអាហារធ្វើពីគ្រាប់ធញ្ញជាតិ និងបំពង់ដែកថែប ទៅអាមេរិក តាមរយៈកម្ពុជា ដើម្បីគេចពន្ធ «ពុំមានមូលដ្ឋានច្បាស់លាស់ឡើយ»។
ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងបាននិយាយបន្តថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មិនមានក្រុមហ៊ុនផលិតម្សៅអាហារធ្វើពីគ្រាប់ធញ្ញជាតិនិងបំពង់ដែកថែបទេ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ផងដែរថា ខ្លួនបានធ្វើការស៊ើបអង្កេតភ្លាមៗ បន្ទាប់ពីទទួលព័ត៌មាននេះ ហើយមិនបានរកឃើញក្រុមហ៊ុនណាមួយនៃក្រុមហ៊ុនចំនួន២៩ ដែលនាំចេញទៅអាមេរិក ត្រូវបានគេស៊ើបអង្កេត ឬពិន័យនោះទេ៕