ទិន្នន័យពីប្រភពដដែលនេះ បានឲ្យដឹងទៀតថា បើគិតពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងអាមេរិក នៅ១០ខែដំបូងនៅឆ្នាំ២០២០នេះ គឺសម្រេចបានដល់ជាង៥ពាន់៨រយលានដុល្លារអាមេរិក ដែលចំនួននេះ គឺនៅតែរក្សាបានកំណើនពីរខ្ទង់ ដល់ទៅ ជិត១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ។ ក្នុងនោះ កម្ពុជានាំចេញទៅអាមេរិកមានដល់ទៅជាង៥ពាន់៥រយលានដុល្លារកើន ជាង២១% ខណៈដែលអាមេរិកនាំចេញមកកម្ពុជាមានតម្លៃត្រឹមតែប្រមាណ២៧០លានដុល្លារ ធ្លាក់ចុះជិត៤០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ត្រូវបានស្រង់សម្ដីដោយភ្នាក់ងារព័ត៌មានវៀតណាម VNA កាលពីពេលថ្មីៗនេះ មន្ត្រីទំនាក់ទំនងសាធារណៈនៃស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ គឺលោកអារែន វ៉ាងចេស បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលផលប្រយោជន៍យ៉ាងច្រើនពីការអនុគ្រោះពន្ធនាំចូលទៅកាន់ទីផ្សារអាមេរិក តាមរយៈកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ GSP។ ទំនិញសម្រាប់ការធ្វើដំណើរ ដូចជាវ៉ាលី កាបូបដៃ និងកាតាបស្ពាយជាដើម គឺស្ថិតនៅក្នុងចំណោមផលិតផលដែលមានការនាំចេញលឿនបំផុតរបស់កម្ពុជាទៅកាន់អាមេរិក ដោយមានការនាំចេញកើនឡើងពីប្រមាណ ៥០លានដុល្លារនៅឆ្នាំ២០១៦ កើនឡើងដល់ទៅជិត១ពាន់លានដុល្លារនៅឆ្នាំ២០១៩ បន្ទាប់ពីមុខផលិតផលទាំងនេះ បានដាក់បញ្ចូលក្នុងប្រព័ន្ធអនុគ្រោះ GSP នេះ។
ប្រទេសកម្ពុជា មានផលិតផលនាំចេញសំខាន់ៗទៅអាមេរិកដូចជា វាយនភណ្ឌ ស្បែកជើង សម្ភារសម្រាប់ការធ្វើដំណើរ កង់ និងផលិតផលកសិកម្ម។ រីឯការនាំចូលពីអាមេរិកមកវិញ មានដូចជា យានយន្ដ ចំណីសត្វ និងគ្រឿងម៉ាស៊ីន។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងអាមេរិក បានកើនឡើងដល់ទៅជិត៦ពាន់លានដុល្លារ មានកំណើន៣៧% ធៀបនឹងឆ្នាំ២០១៨៕