ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កត្តាដែលជួយជំរុញឲ្យការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកនៅតែអាចរក្សាកំណើន ដោយសារការខិតខំពង្រីកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានទំហំធំជាងមុន ក្រោយមានការជួយជ្រោមជ្រែងពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ការពង្រីកកិច្ចសហប្រតិបត្តិការល្អទេ្វភាគី និងការអនុវត្តបានល្អនូវលក្ខខណ្ឌការងារមួយចំនួន ក៏ជាកត្តារួមចំណែកផងដែរ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានបន្ថែមទៀតថា កាលពីពេលកន្លងទៅឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានស្នើឲ្យក្រុមហ៊ុនបញ្ជាទិញរបស់សហរដ្ឋអាមេរិក កុំឲ្យលប់ចោលការបញ្ជាទិញ និងបង្កើនការបញ្ជាទិញទំនិញកាន់តែច្រើនថែមទៀតពីកម្ពុជា។ ការផ្គត់ផ្គង់ទំនិញគ្រប់ចំនួន និងទាន់ពេលរបស់កម្ពុជា ក៏ជាកត្តារួមចំណែកជួយបង្កើនទំនុកចិត្តដល់ក្រុមហ៊ុនសហរដ្ឋអាមេរិក ក្នុងការបញ្ជាទិញទំនិញពីកម្ពុជាដែរ។
មុខទំនិញដែលជួយជំរុញឲ្យការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានការកើនឡើងរួមមានសម្លៀកបំពាក់ ស្បែងជើង និងសម្ភារកាបូប និងវាលីគ្រប់ប្រភេទ។ បន្ថែមលើនេះ មុខទំនិញដូចជាអំពូលភ្លើង ទោចក្រយាន គ្រឿងសង្ហារឹម ខ្សែចម្លងអគ្គិសនី និងក្ដារកុងប៉្លាកេ ក៏មានការកើនឡើងដែរ។
គួររំលឹកថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីឆ្នាំ២០២០ មានទឹកប្រាក់សរុបជិត៧ពាន់លានដុល្លា កើនឡើងជិត ១៨% បើធៀបនឹងឆ្នាំ២០១៩ ដែលមានត្រឹមតែជាង ៥ពាន់៨រយលានដុល្លារប៉ុណ្ណោះ៕