តាមទិន្នន័យពីស្ថាប័នខាងលើនេះ បានឲ្យដឹងទៀតថា កំណើននៃការនាំចេញរបស់កម្ពុជានៅឆមាសទី១ ឆ្នាំនេះ គិតជាទឹកប្រាក់ មានការកើនឡើងជាង ៣៥០លានដុល្លារអាមេរិក ពោលគឺ នៅ៦ខែឆ្នាំនេះ កម្ពុជាបាននាំចេញទៅអាមេរិកមានជាង ១.៧០០លានដុល្លារ ខណៈដែលកាលពី៦ខែ ឆ្នាំ២០១៧កន្លងទៅ កម្ពុជានាំចេញទៅអាមេរិក មានតែជាង ១.៣០០លានដុល្លារអាមេរិកប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ បើមើលទៅលើការនាំចូលរបស់កម្ពុជាពីអាមេរិកមកវិញ ក៏បង្ហាញពីកំណើនគួរឲ្យកត់សម្គាល់ដែរ ពោលគឺបានកើនឡើងពីជាង ១៨០ លានដុល្លារ កាលពីឆមាសទី១ឆ្នាំ២០១៧ មកដល់ជាង ២១០ លានដុល្លារឆមាសទី១ឆ្នាំ២០១៨នេះ។ ក្នុងនោះមុខទំនិញដែលកម្ពុជានាំទៅកាន់អាមេរិក មានដូចជាទំនិញផ្នែកវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងអង្ករជាដើម។
សូមជម្រាបថា តាមរបាយការណ៍ពីធនាគារជាតិ នៃកម្ពុជា បានបង្ហាញថា ការនាំចេញសរុបរបស់កម្ពុជា ក្នុងឆមាសទី១ឆ្នាំនេះ សម្រេចបានជាង ៥.៧០០ លានដុល្លារអាមេរិក ពោលគឺមានកំណើន១២% ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានប្រមាណ ៧២% នៃការនាំចេញសរុបនៅក្នុងឆមាសទី១ឆ្នាំនេះ។ ជាមួយគ្នានេះ ការបើករោងចក្រថ្មី នៅក្នុងវិស័យឧស្សហកម្ម ត្រូវបានធនាគារជាតិ នៃកម្ពុជា ប៉ាន់ប្រមាណថា នឹងមានដល់ ៧៣ រោងចក្រ កើនឡើង ជាង ៥៨% ធៀបនឹងឆមាសទី១ឆ្នាំមុន។
ដោយឡែក ការនាំចេញពេញ១ឆ្នាំ២០១៧ កន្លងទៅរបស់កម្ពុជាវិញ សម្រេចបានជាង ១១ពាន់លានដុល្លារអាមេរិក ខណៈដែលទីផ្សារគោលដៅនាំចេញធំៗមានដូចជា ប្រទេសប៉ែកអឺរ៉ុប អាមេរិក ជប៉ុន ចិន និងប្រទេសផ្សេងទៀត។ នេះបើតាមរបាយការណ៍ពីធនាគារជាតិ នៃកម្ពុជាដដែល៕