លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២២ បានផ្ញើលិខិតមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអញ្ជើញសម្តេចតេជោក្នុងនាមជាប្រធានអាស៊ានឲ្យចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-សហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន នៅប៉ុន្មានខែខាងមុខនេះ។ ក្នុងលិខិតអញ្ជើញដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី៦ កុម្ភៈ លោក ចូ បៃដិន បានបង្ហាញពីការទន្ទឹងរង់ចាំក្នុងការធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន ដើម្បីធ្វើឲ្យទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកកាន់តែមានភាពរីកចម្រើន។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «រដ្ឋបាលរបស់ខ្ញុំ ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២។ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សហរដ្ឋអាមេរិកសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកនឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមរបស់យើងនៅក្នុងតំបន់»។
ទន្ទឹមនឹងបង្ហាញក្តីរំពឹងថា សម្តេចតេជោ នឹងចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-សហរដ្ឋអាមេរិក លោក ចូ បៃដិន បានបង្ហាញការគាំទ្រចំពោះភាពកណ្តាលរបស់អាស៊ាន និងគាំទ្រចំពោះការធ្វើឲ្យប្រសើរឡើងនូវបញ្ហាក្នុងតំបន់ ដែលមានអាស៊ានជាស្នូល និងជាបេះដូងនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ឆ្លើយតបនឹងការអញ្ជើញខាងលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានបង្ហាញពីការទន្ទឹងរង់ចាំដូចគ្នាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋសហរដ្ឋអាមេរិក និងជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក ដើម្បីពិភាក្សាលើទំនាក់ទំនងរវាងអាស៊ានជាមួយសហរដ្ឋអាមេរិក។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជារំពឹងថា តាមរយៈកិច្ចប្រជុំពិសេសអាស៊ាន-សហរដ្ឋអាមេរិកនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយសហរដ្ឋអាមេរិកកាន់តែមានភាពរីកចម្រើន។ សម្តេចបង្ហាញក្តីរំពឹងយ៉ាងដូច្នេះថា៖«ខ្ញុំមានជំនឿថា កិច្ចប្រជុំកំពូលនេះ នឹងផ្តល់នូវកាលានុវត្តភាពល្អមួយ សម្រាប់យើងផ្លាស់ប្តូយោបល់គ្នាថា តើត្រូវធ្វើយ៉ាងណា ដើម្បីឲ្យកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិករីកចម្រើនទៅមុខបន្ថែមទៀត»។
ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ បានបង្ហាញការប្តេជ្ញា និងគាំទ្រយ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិកក្នុងការរៀបចំកិច្ចប្រជុំពិសេសអាស៊ាន-សហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោននៅប៉ុន្មានខែខាងមុខនេះ៕