អត្ថបទក្រុមហ៊ុន

សហគ្រិនខ្មែរ និង អែនធើប្រាយវីហ្សិនអាខេដេមី សម្ពោធបើកដាក់ឱ្យដំណើរការកម្មវិធី “ធ្វើឱ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៣


សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាស្ថាប័នក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសម្ពោធដាក់ឱ្យដំណើរការកម្មវិធី “ធ្វើឱ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៣ ជុំទី១ (Enterprise Solution Finders Season 3 Round 1) ។
សហគ្រិនខ្មែរ និង អែនធើប្រាយវីហ្សិនអាខេដេមី សម្ពោធបើកដាក់ឱ្យដំណើរការកម្មវិធី “ធ្វើឱ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៣

តាមរយៈប្រព័ន្ធZoom ក្រោមកិច្ចសហការជាមួយ អែនធើប្រាយវីហ្សិនអាខេដេមី (Enterprise Vision​ Academy) ដោយមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិសហគ្រិនខ្មែរ រួមជាមួយវត្តមានសហស្ថាបនិកនៃអែនធើប្រាយវីហ្សិនអាខេដេមី សហគ្រិន និងយុវជនដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធីរដូវកាលនេះ និង សហគ្រិនរដូវកាលមុនៗ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣

កម្មវិធីនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២១ តាមរយៈគំនិតផ្ដួចផ្ដើមក្រោមកិច្ចសហការភាពជាដៃគូ រវាងសហគ្រិនខ្មែរ និង អែនធើប្រាយវីហ្សិនអាខេដេមី ដើម្បីផ្ដល់ការគាំទ្រក្នុងការកែប្រែផែនការធុរកិច្ចរបស់ សហគ្រិននៅក្នុងខេត្តសៀមរាប ដែលទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩។ លក្ខណៈពិសេសរបស់កម្មវិធី គឺការបណ្តុះបណ្តាលទីប្រឹក្សាវ័យក្មេង ហៅថា Solution Finders ដែលជាការតម្រង់ទិសដើម្បី ពួកគាត់អាចសហការ ឬគាំទ្រដល់ម្ចាស់ធុរកិច្ចក្នុងការដោះស្រាយបញ្ហាប្រឈម និងបង្កើតជាផែនការ យុទ្ធសាស្រ្តថ្មី។ កម្មវិធីនេះធ្លាប់បានអនុវត្តចំនួនពីររដូវកាលរួចមកហើយនៅក្នុងខេត្តសៀមរាប ដោយផ្ដោត ទៅលើសហគ្រាសស្ថិតនៅក្នុងវិស័យសេវាកម្មដែលក្នុងនោះមានវិស័យទេសចរណ៍ និងបដិសណ្ឋារ​ កិច្ច។ ចំពោះរដូវកាលទី១ និងទី២ ម្ចាស់សហគ្រាសចំនួន ២១ នាក់ និងទីប្រឹក្សាវ័យក្មេងចំនួន ២២ នាក់បានចូលរួមក្នុងកម្មវិធីនេះ។

នៅក្នុងរដូវកាលទី៣ ដើម្បីពង្រីកវិសាលភាពទៅកាន់ខេត្តផ្សេងៗទៀត កម្មវិធី “ធ្វើឱ្យអាជីវកម្មប្រសើរឡើង” នឹងត្រូវអនុវត្តដោយរួមបញ្ចូលការរៀនតាមរយៈអនឡាញ ការសិក្សាថ្នាក់Masterclassជាក្រុម និង ការប្រឹក្សា យោបល់មួយទល់មួយជាមួយគ្រូជំនាញ។ កម្មវិធីនេះនឹងត្រូវធ្វើឡើងចំនួនបួនជុំ ដែលក្នុងមួយជុំមានខេត្តចំនួនពីរចូលរួម។ ក្រុមការងារកម្មវិធីនឹងធ្វើការសម្រិតសម្រាំងជ្រើសរើសយកសហគ្រាសណា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយក្នុងមួយសហគ្រាសអាចមានតំណាងចំនួន ០២ រូបចូលរួម ក្នុងនោះ ម្នាក់ជាម្ចាស់សហគ្រាសផ្ទាល់ និងម្នាក់ទៀតជាបុគ្គលិកស្នូលឬដៃស្ដាំរបស់ម្ចាស់សហគ្រាស។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិសហគ្រិនខ្មែរ មាន​ប្រសាសន៍ថា៖ “នៅក្នុងឆ្នាំ២០២៣នេះ សហគ្រិនខ្មែរបានពង្រីកវិសាលភាពកម្មវិធីដែលសហគ្រិនខ្មែរបានរៀបចំដោយផ្ទាល់ និងក្រោមការសហការជាមួយដៃគូ បានស្ទើរតែគ្រប់ ២៥ ខេត្តក្រុង ដែលក្នុងនោះក៏មានកម្មវិធី “ធ្វើឱ្យអាជីវកម្ម​ប្រសើរឡើង” រដូវកាលទី៣ ផងដែរ។ ក្រោយពីបានអនុវត្តកម្មវិធីនេះ ចំនួនពីរដូវកាលរួមមក សហគ្រិនខ្មែរ និង អែនធើប្រាយវីហ្សិនអាខេដេមី បានសង្កេតឃើញថា ម្ចាស់សហគ្រាសដែលចូលរួម បានប្រែក្លាយ អាជីវកម្មរបស់គាត់ឱ្យកាន់តែរីកចម្រើន ទៅមួយកម្រិត ខណៈទីប្រឹក្សាវ័យក្មេង (Solution Finder)​ ក៏បានអភិវឌ្ឍ សមត្ថភាពរបស់ខ្លួន ក្នុងការបម្រើកិច្ចការនៅតាមសហគ្រាសដទៃ ឬបង្កើតជាធុរកិច្ចថ្មី។”

ដោយមើលឃើញពីលទ្ធផលជាផ្លែផ្ការបស់កម្មវិធី ឯកឧត្ដមបណ្ឌិត បានបន្ថែមទៀតថា សហគ្រិនខ្មែរ បានសម្រេចចិត្តពង្រីកវិសាលភាពនៃកម្មវិធី​ ដើម្បីផ្ដល់ការគាំទ្រទៅកាន់ម្ចាស់សហគ្រិននៅតាមបណ្ដា ខេត្តចំនួន ៨ ផ្សេងទៀតកម្មវិធី ដែលនេះបានចូលរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ក្នុងការស្ដារសេដ្ឋកិច្ចជាតិឱ្យមានភាពប្រសើរឡើងវិញនៅក្នុងបរិបទការរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងត្រឡប់ទៅរកវិថីនៃកំណើន ប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលទាមទារឱ្យ មានការកែទម្រង់ និងការកសាងភាពធន់”។

លោក សេង រតន:វិស្ស័យ នាយកប្រតិបត្ដិនៃអែនធើប្រាយវីហ្សិនអាខេដេមី បានលើកឡើងថា៖ “យើងពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលកម្មវិធី “ធ្វើឱ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៣ ត្រូវបានបើកដំណើរការជាផ្លូវការ ក្រោមកិច្ចសហការជាមួយសហគ្រិនខ្មែរ ដៃគូយុទ្ធសាស្រ្ដរបស់យើង ដែលផ្ដល់ការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទាន។ រដូវកាលទី៣នេះ គឺជាវគ្គបណ្ដុះបណ្ដាលនិងប្រឹក្សាអាជីវកម្មទម្រង់ថ្មី សិក្សាតាមអនឡាញ និងពង្រីកការគាំទ្រដល់សហគ្រិនរហូតដល់ ៨ ខេត្ដ ដែលវាពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។ ម្ចាស់សហគ្រាសនឹងអាចកសាងសមត្ថភាពសហគ្រិន ចំណេះដឹងស្ដីពីធុរកិច្ច និង

ជំនាញបច្ចេកទេសមួយចំនួនផ្សេងទៀត។ ចុងបញ្ចប់នៃកម្មវិធី ម្ចាស់សហគ្រាសនឹងមានផែនការយុទ្ធសាស្ដ្រថ្មីមួយដែលជួយកសាងគ្រឹះអាជីវកម្មឱ្យបានរឹងមាំ និងជំរុញឱ្យអាជីវកម្មមានភាពរីកលូតលាស់កាន់តែ ប្រសើរសមស្របតាមបរិបទថ្មី និងបម្រែបម្រួលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក”។

គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធី “ធ្វើឱ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៣ ជុំទី១ នេះ ក្រុមការងារ កម្មវិធីបានធ្វើការប្រកាសរើសម្ចាស់សហគ្រាសមកចូលរួមកម្មវិធីតាមបណ្ដាខេត្ដនានាក្នុងប្រទេសកម្ពុជា។ ជាលទ្ធផល មានម្ចាស់សហគ្រាសដាក់ពាក្យចូលរួមចំនួនរហូតដល់ទៅ ៧៥ នាក់ ដែលក្នុងនោះ ភាគច្រើនគឺជា ម្ចាស់សហគ្រាសមកខេត្ដសៀមរាប និងកំពង់ធំ។ ដោយហេតុដូចនេះ ក្រុមការងារ ក៏បានសម្រេចចាប់ផ្ដើមកម្មវិធីដោយផ្ដោតលើម្ចាស់សហគ្រាសមកពីខេត្តទាំងពីរនេះ។ ក្រោយពីឆ្លងកាត់ ការវាយតម្លៃយ៉ាងយកចិត្តទុកដាក់រួចមក ក្រុមការងារកម្មវិធីបានជ្រើសរើសម្ចាស់សហគ្រាសចំនួន ១១ នាក់មកពីខេត្តសៀមរាប និង០៨ នាក់មកពីខេត្តកំពង់ធំឱ្យចូលរួមនៅក្នុងកម្មវិធីរយៈពេលបួនខែ ដោយ ចាប់ផ្ដើមពីខែកុម្ភៈ រហូតដល់ ខែឧសភាឆ្នាំ២០២៣។ នៅចុងបញ្ចប់ ម្ចាស់សហគ្រាសទាំងអស់នឹង ធ្វើបទបង្ហាញអំពីផែនការយុទ្ធសាស្ដ្រថ្មី ដែលខ្លួនបង្កើតបានព្រមទាំងយុទ្ធសាស្ត្រនៃការអនុវត្ត ផែនការនេះផងដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្ស SoftBank ខាតបង់អស់ ៦ពាន់លានដុល្លារ ត្រឹមរយៈពេល៣ខែ ដោយសារតែការធ្លាក់ចុះនៃទីផ្សារបច្ចេកវិទ្យា

ព័ត៌មាន
ក្រុមហ៊ុន SoftBank Group ដែលជាក្រុមហ៊ុនវិនិយោគទុនដ៏ធំបំផុតមួយក្នុងពិភពលោកនោះ បានបង្ហាញពីការខាតបង់អស់ប្រមាណ ៦ពាន់លានដុល្លារ នៅក្នុងរ…

ធនាគារ ប្រ៊ីដ សហការជាមួយផ្សារទំនើប ហោសហ្គូរូ ដើម្បីផ្ដល់ជូនអតិថិជននូវកញ្ចប់សេវាកម្មបង់ប្រាក់ដ៏អស្ចារ្យ

ព័ត៌មាន
ធនាគារ ប្រ៊ីដ ដែលត្រូវបានគេស្គាល់ថាជាធនាគារពាណិជ្ជកម្មក្នុងស្រុកមួយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងផ្សារទំនើបបែបគេហដ្ឋាន និងការរស់នៅ ហោសហ្គូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ