វិស័យថាមពល

ក្រុមហ៊ុនប្រេងសិង្ហបុរីធំមួយបោះទុន ១០លានដុល្លារ សង់ស្ថានីយស្តុកប្រេងនៅទីម័រខាងកើត


ក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំមួយរបស់សិង្ហបុរី Global Group បានចាប់ផ្តើមបើកការដ្ឋាន សាងសង់ស្ថានីយ ស្តុកប្រេងឥន្ធនៈ ដំបូងបង្អស់ របស់ខ្លួននៅ ក្នុងប្រទេសទីម័រខាងកើត ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុននេះ ​កំពុងកាន់កាប់ចំណែកទីផ្សារប្រេងក្នុងប្រទេសកូនពៅរបស់អាស៊ានមួយនេះ រហូតដល់ទៅជិត ២ភាគ៣ រួចស្រាប់ទៅហើយ។
វិស័យថាមពល
ដោយ

យោងតាមសារព័ត៌មាន Business Times បានរាយការណ៍ថា គម្រោងសាងសង់ស្ថានីយស្តុកប្រេងនៅក្នុងប្រទេសទីម័រខាងកើតនេះ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ១០ខែខាងមុខ ដោយស្ថានីយនេះនឹងមានស៊ីទែនស្តុកប្រេងមានដំបូលបណ្តែតទឹកចំនួន២ ដែលអាចស្តុកប្រេងម៉ាស៊ូតបានចំនួន ៣,៥លានលីត្រ និងប្រេងសាំងចំនួន ២,៥លានលីត្រ។ លើសពីនេះ ក្រុមហ៊ុននេះក៏មានផែនការពង្រីកសមត្ថភាពស្តុកប្រេងបន្ថែមទៀតនៅឆ្នាំ២០៣០ផងដែរ។
ស្ថានីយស្តុកប្រេងតម្លៃ ១០លានដុល្លារនេះ ស្ថិតនៅលើផ្ទៃដីទំហំ ២ហិកតា ដែលធំស្មើនឹងទីលានបាល់ទាត់ ៣បញ្ចូលគ្នា នៅក្នុងទីក្រុង លីគីសា (Liquica) ដែលជាតំបន់ឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសដីកោះមួយនេះ។
ប្រេងឥន្ធនៈ ដែលរក្សាទុកនៅទីនោះ នឹងត្រូវបានប្រើប្រាស់ដើម្បីផ្គត់ផ្គង់ដល់អាជីវកម្មលក់រាយ និងលក់ដុំរបស់ក្រុមហ៊ុននៅទូទាំងប្រទេសទីម័រខាងកើតនេះ ដោយបច្ចុប្បន្នក្រុមហ៊ុននេះ គឺជាម្ចាស់កម្មសិទ្ធិ និងកំពុងដំណើរការស្ថានីយប្រេងឥន្ធនៈចំនួន ៩កន្លែងនៅទូទាំងប្រទេសទីម័រខាងកើត ព្រមទាំងកំពុងផ្គត់ផ្គង់ប្រេងដល់គម្រោងសាងសង់ធំៗ និងនាវារបស់កងទ័ពជើងទឹកផ្សេងៗ ដែលចូលមកចតនៅកំពង់ផែរបស់ប្រទេសនេះផងដែរ។
លោក ជូលៀន ជៀង (Julian Chiang) នាយកក្រុមហ៊ុន Global Group បានប្រាប់សារព័ត៌មាន The Business Times ថា ការសាងសង់ស្ថានីយប្រេងផ្ទាល់ខ្លួននេះ នឹងជួយជំរុញឱ្យសាខារបស់ក្រុមហ៊ុនប្រចាំនៅទីម័រខាងកើតនេះ មានភាពរឹងមាំក្នុងប្រតិបត្តិការកាន់តែខ្លាំងឡើង និងអាចគ្រប់គ្រងស្តុកប្រេងរបស់ខ្លួនបានកាន់តែប្រសើរឡើងផងដែរ។
លោក ជៀង បានថ្លែងថា យើងកំពុងស្ថិតក្នុងដំណាក់កាលមួយ ដែលប្រទេសទីម័រខាងកើតនេះបានត្រៀមខ្លួនរួចហើយ សម្រាប់សម្ទុះនៃកំណើនសេដ្ឋកិច្ចដ៏ធំមួយ ដោយលោកបានលើកឡើងពីកត្តាជំរុញនានា ដូចជាការចូលជាសមាជិកអាស៊ានកាលពីពេលថ្មីៗរបស់ប្រទេសនេះ បំណងក្នុងការធ្វើជាប្រធានប្ដូរវេននៅឆ្នាំ២០២៩ ផែនការអភិវឌ្ឍន៍ជាតិ និងការកើនឡើងនៃចំណាប់អារម្មណ៍របស់វិនិយោគិនបរទេសមកលើប្រទេសនេះ។

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ម៉ាឡេស៊ី ត្រៀមផលិតអាគុយរថយន្ត EV នៅខែកក្កដា ខណៈប្រទេសអាស៊ាន ៣ទៀតក៏កំពុងត្រៀមខ្លួនដូចគ្នា

ប្រទេសម៉ាឡេស៊ី មានផែនការចាប់ផ្ដើមផលិតកម្មខ្នាតតូច ផលិតអាគុយសម្រាប់រថយន្តអគ្កិសនី ឬ EV ដែលជាបច្ចេកវិទ្យាក្នុងស្រុករបស់ខ្លួន ជាលើកដំបូងនៅក្…

ជប៉ុន កំពុងរៀបចំបង្កើតទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលថ្មី ដោយមានការគាំទ្រពី​សម្ពន្ធមិត្តលោកខាងលិច

ខណៈដែលស្ថានភាពនៃការប្រកួតប្រជែងខាងភូមិសាស្រ្តកាន់តែក្តៅគគុក ហើយជម្លោះ​ការទូតនិងនយោបាយជាមួយ​នឹងទីក្រុងប៉េកាំង កាន់តែស្រួចស្រាល់ មានសេចក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ