វេទិកាពិភាក្សាស្តីពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព មានគោលបំណងបង្ហាញអំពីស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា និងគិតគូរអំពីគោលដៅសហការបន្ថែមជាមួយស្ថាប័នគាំទ្រ សហគ្រិន សំដៅជំរុញឲ្យមានបរិយាកាសកាន់តែអំណោយផលដល់ការលូតលាស់របស់សហគ្រាស ធុនតូច និងមធ្យម និងធុរកិច្ចថ្មី។ នៅក្នុងកម្មវិធីនេះ មានរៀបចំសកម្មភាពជាច្រើនដូចជា ការធ្វើបទបង្ហាញ, ការពិភាក្សាជាក្រុមស្តីពីហិរញ្ញវត្ថុគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី ,និងវេទិកាវិនិយោគិន (VC Night) ដើម្បីតភ្ជាប់បណ្តាញទំនាក់ទំនងរវាងវិនិយោគិន និងធុរកិច្ចថ្មី ដែលមានសក្តានុពល។
ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជានៅតែបន្តយកចិត្តទុកដាក់និង សម្របខ្លួនទៅនឹងការវិវត្តយ៉ាងឆាប់រហ័សរបស់សកលលោកនាពេលបច្ចុប្បន្ន និងកំណត់ទិសដៅដោយ ប្រុងប្រយ័ត្នក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ ដូច្នេះ ភាពជាសហគ្រិន, ធុរកិច្ចថ្មី និងប្រព័ន្ធ អេកូឡូស៊ី ដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែបំប្លែងសេដ្ឋកិច្ចប្រពៃណីទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង តាមរយៈផលិតផលនិងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវ ផលិតភាពខ្ពស់ និងបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចទាំងមូល។
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ មានប្រសាសន៍ថា៖ វេទិកាពិភាក្សាស្តីពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គឺជាវេទិកាមួយដែលប្រមូលផ្តុំដៃគូរពាក់ព័ន្ធ ដើម្បីពិភាក្សា និងឆ្លុះបញ្ចាំងពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជាទៅលើបញ្ហាប្រឈម និង កាលានុវត្តភាព។ កម្មវិធីនេះ ក៏ជាមានគោលដៅកំណត់នូវកិច្ចការរួមគ្នាដែលអាចធ្វើទៅបាន ដោយផ្អែក លើធនធាននិងជំនាញរបស់ដៃគូរនីមួយៗ។ ដូច្នេះ សហគ្រិនខ្មែរ រំពឹងទុកថាកម្មវិធីនេះនឹង បង្កើតបានជា គំនិតផ្តួចផ្តើមជាច្រើនដើម្បីបំពេញតម្រូវការផ្សេងៗរបស់សហគ្រិន។សហគ្រិនខ្មែរក៏មាន សេចក្តីសោមន្យ រីករាយក្នុងការជម្រាបជូនអំពីការពង្រីកវិសាលភាពការងារទៅតាមបណ្តាខេត្តនានានិង ជំរុញឲ្យមានការ សហការបន្ថែមជាមួយដៃគូអន្តរជាតិដែលផ្តល់ជាប្រយោជន៏ដល់សហគ្រិន និងប្រព័ន្ធអេកូឡូស៊ីកម្ពុជា កាន់តែច្រើន។
វេទិការវិនិយោគិន (VC Night) ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីសំខាន់ៗរបស់សហគ្រិនខ្មែរដែលបាន ផ្តល់ឱកាសសម្រាប់ធុរកិច្ចថ្មីដើម្បីធ្វើបទបង្ហាញអាជីវកម្មដល់វិនិយោគិន និងដៃគូរអាជីវកម្មផ្សេងៗ។ ក្នុងនោះ Workingna ជាក្រុមធុរកិច្ចថ្មីជ័យលាភីដែលទទួលបានគាំទ្រច្រើនបំផុតពីអ្នកចូលរួមទាំងអស់ ។